តើពាក្យ«កេរ និង កេរ្តិ៍» មានរបៀបប្រើនិងអត្ថន័យខុសគ្នាដូចម្ដេច?
- ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

ភ្នំពេញ៖ ពាក្យថា «កេរ និង កេរ្តិ៍» គឺជាពាក្យពីរដែលសាធារណជនភាគច្រើន តែងតែសរសេរមិនត្រូវតាមបរិបទនៃការប្រើប្រាស់ពាក្យ ដែលនាំឲ្យខុសពីអត្ថន័យដែលខ្លួនចង់បាន។ វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពីអត្ថន័យ និងការប្រើប្រាស់ដូចខាងក្រោម៖

ចំពោះពាក្យ«កេរ» គឺជានាមសព្ទ មានន័យថា ដំណែល, ជាសម្បាច់របស់ដូនតា ឬមាតាបិតា ជាដើម។ ឧទាហរណ៍ ស្រែនេះ ជាកេររបស់ជីដូនខ្ញុំ, ប្រាសាទនគរវត្ត ជាកេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ។
ចំណែកពាក្យ«កេរ្តិ៍» វិញគឺជានាម មានន័យថា សេចក្ដីសរសើរ, ការល្បី, ការល្បីលេចឮ, ខ្ចរខ្ចាយកេរ្តិ៍ឈ្មោះ, និយាយបង្កាច់កេរ្តិ៍គេ, កេរ្តិ៍ឈ្មោះមិនសូវល្អ។
ជារួមមកនៅក្នុងការប្រើប្រាស់ សាធារណជន អាចចំណាំថា ប្រសិនបើចង់សរសេរក្នុងន័យ បង្ហាញពី ដំណែល, របស់ទ្រព្យរបស់មាតាបិតា បុព្វបុរសដែលបន្សល់ទុកឲ្យ ជាដើមនោះ គឺត្រូវប្រើជាមួយពាក្យ«កេរ»។ ប៉ុន្តែបើចង់និយាយពី សេចក្ដីសរសើរ, ការល្បី, ការល្បី លេចឮ គឺត្រូវប្រើពាក្យថា «កេរ្តិ៍»។
ដោយឡែកចំពោះពាក្យមួយទៀតដែលមានន័យថា ខាំរឿយៗ ដើម្បីឲ្យដាច់ គឺត្រូវសរសេរថា «កកេរ» មិនមែន«កកេរ្តិ៍»ទេ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: