ចូលឆ្នាំ កុំភ្លេចព្រះរស់ ក្នុងផ្ទះ!
- ថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:២០ នាទី ព្រឹក

ភ្នំពេញ៖ ពេលចូលឆ្នាំថ្មី មនុស្សម្នា តែងទៅជួបជុំក្រុមគ្រួសារ នៅឯស្រុកកំណើតរៀងៗខ្លួន។ ពួកគេ តែងនាំគ្នាលេងល្បែងកម្សាន្ត និងច្រៀងរាំ តាមកន្លែងផ្សេង ក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មី។ ក្រៅពីការសប្បាយ ពួកគេ ក៏មិនភ្លេចទៅវត្តវ៉ា ដើម្បីធ្វើបុណ្យទានដែរ។ យ៉ាងណាក៏ដោយ កូនប្រុសស្រីគ្រប់រូប គប្បីនឹកឃើញឪពុកម្តាយ ដែលជាព្រះរស់ នៅក្នុងផ្ទះផង។

ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ អ្នកខ្លះ បានចំណាយថវិកា ដើម្បីចូលរួមកសាងវត្តអារាម ដោយមិនមានភាពសៅហ្មងក្នុងចិត្ត។ លើសពីនេះ ពួកគេ បាននាំយកបាយទឹក និងនំចំណីជាច្រើន ទៅប្រគេនដល់ព្រះសង្ឃ។
វា ជាទង្វើដ៏ប្រពៃថ្លៃថ្លាណាស់ ដែលយើង ចេះកសាងអំពើជាកុសលបែបនេះ ដើម្បីជាស្ពានចម្លងយើងទៅកាន់សុគតិភព នាពេលខាងមុខ ហើយក៏ជាការឧទ្ធិសផលបុណ្យ ទៅដល់បុព្វការីជន ដែលបានធ្វើមរណកាល ទៅហើយ។ ប៉ុន្តែ យើង ពុំគប្បីលះបង់ទ្រព្យ ដើម្បីបំពេញបុណ្យ តែនៅក្នុងវត្តអារាម ឬជាមួយអ្នកដទៃ ដោយបំភ្លេចឪពុកម្តាយ នៅក្នុងផ្ទះ នោះទេ។
អ្វីដែលគួរឲ្យសង្វេគមួយទៀតនោះ គឺកូនប្រុសស្រីខ្លះ គិតតែពីចំណាយទ្រព្យ ដើម្បីធ្វើបុណ្យឲ្យអ្នក ដែលស្លាប់ទៅហើយ ដោយមិនបានធ្វើបុណ្យ ចំពោះឪពុកម្តាយ ដែលកំពុងតែរស់រានមានជីវិត។ ឪពុកម្តាយមួយចំនួន មិនមានម្ហូបអាហារ និងនំចំណីឆ្ងាញ់ៗ សម្រាប់បរិភោគ ក្នុងរដូវចូលឆ្នាំថ្មីឡើយ ខណៈកូនៗ បានយកនំចំណីនិងអាហារឆ្ងាញ់ៗទាំងនោះ ទៅប្រគេនព្រះសង្ឃ និងដាក់សែននៅមុខផ្នូរឬចេតិយរបស់អ្នកស្លាប់។
ការធ្វើបុណ្យ ត្រូវភ្ជាប់ជាមួយនឹងបញ្ញា មិនមែនចេះតែធ្វើតាមគ្នា នោះទេ។ ការធ្វើបុណ្យនៅខាងក្រៅ ដោយភ្លេចឪពុកម្តាយរបស់ខ្លួននៅក្នុងផ្ទះបែបនេះ គឺមិនមានឈ្មោះថា ជាការធ្វើបុណ្យ ដែលប្រកបដោយបញ្ញាឡើយ។ ការក្រាបសំពះ និងការសងគុណឪពុកម្តាយ គឺជាអំពើ ដែលនាំឲ្យកើតបុណ្យកុសលយ៉ាងច្រើនក្រៃលែង ដែលកូនប្រុសស្រី មិនត្រូវមើលរំលង។
ឪពុកម្តាយ គឺជាព្រះរស់ នៅក្នុងផ្ទះ ដែលមានគុណជាអនេកចំពោះកូនប្រុសស្រី ដោយមិនអាចគណនាបាន។ ព្រះសម្មាសម្ពុទ្ធ បានឲ្យឈ្មោះគុណរបស់ឪពុកម្តាយ ចំនួនបួន គឺ អន្តគុណ (គុណដ៏ក្រៃលែង), អប្បរិមាណគុណ (គុណដែលរាប់មិនបាន), អសមគុណ (គុណដែលគ្មានអ្វីស្មើ) និង អនេកប្បគុណ (គុណដ៏ច្រើនជាអនេក)។
ហេតុដូច្នេះហើយ កូនប្រុសស្រីគ្រប់រូប ត្រូវតែមានកតញ្ញូតាធម៌ក្នុងខ្លួន ហើយតបស្នងសងគុណលោកទាំងពីវិញ ដោយមិនត្រូវព្រងើយកន្លើយជាដាច់ខាត់។ បើចង់សងគុណ ឬចង់ជូនបាយទឹក និងនំចំណី យើងត្រូវតែធ្វើឲ្យហើយ ទាន់ឪពុកម្តាយ នៅមានជីវិតនិងអាចបរិភោគរបស់ទាំងនោះបាន។ សុភាសិតខ្មែរ បានពោលថា «ធ្វើបុណ្យ ទាន់ខែភ្លឺ»៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com