រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
- ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

ជាការពិតណាស់ដោយសារពាក្យពេចន៍ អក្សរខ្មែរមានពាក្យច្រើន ដែលបញ្ចេញសំឡេងដូចគ្នា ដូចជាពាក្យ «លស់»,«លួស» និង «លោះ»។ ពាក្យទាំង៣នេះ ដែលសាធារណជនភាគច្រើនយល់ខុស មិនដឹងថា ពាក្យណា ប្រើក្នុងន័យណាមួយនោះឡើយ។ តាមវចនានុក្រម សម្តេចព្រះសង្ឍរាជ ជួន ណាត ពាក្យ «លស់» «លួស» និង «លោះ»មានអត្ថន័យខុសគ្នា ហើយការប្រើប្រាស់ក៏ខុសគ្នាដែរ។

ពាក្យ «លស់» ជា(កិ) មានន័យថា ធ្វើឲ្យរលស់ គឺបន្ថយចំនួន ឬធ្វើឲ្យតិចចុះ មិនឲ្យនៅតាមចំនួនដើម : ក្នុងចំនួន ១០ លស់៣ចេញ នៅសល់៧ ។ រំលង៖គ្រុនលស់ គ្រុនរំលងថ្ងៃ គឺគ្រុនមួយថ្ងៃខានមួយថ្ងៃ ។ លស់ចោល រំលងចោលខ្លះ។ ដើរលស់ជំហាន ដើររំលងលំដាប់ជំហាន គឺឈានវែងខ្លះខ្លីខ្លះ ចម្រុះគ្នា ។ល។
ចំណែកឯពាក្យ «លួស» ជា(កិ) មានន័យថា កាត់, ច្រាស់ ទ្រួសៗ ឲ្យដាច់មែកតូចៗឬសំបករាក់ៗជាដើម : លួសមែកឈើ, លួសរនាប, លួសអំពៅ។ ឧទាហរណ៍៖ ក្នុងចំណោមដើមឈើដប់ដើម លួសចេញមួយដើម នៅសល់តែ៩ ដើម (ដើមឈើមានដប់ដើម កាប់មួយដើម នៅសល់តែ៩ ដើម)។ «លួស» ជា(នាម) មានន័យថា ខ្សែធ្វើដោយលោហធាតុផ្សេងៗ ឬធ្វើដោយប្រាក់, មាស : លួសស្ពាន់, លួសទង់ដែង, លួសសំណ, លួសប្រាក់, លួសមាស ។
ទី៣ ពាក្យ «លោះ» មានន័យថា ចេញថ្លៃយករបស់ដែលបញ្ចាំឬយកមនុស្សមកធ្វើជាទាសៈ ឬទាសី។ ឧទាហរណ៍៖ ការលោះយកខ្សែដៃមកវិញ ដោយបានបញ្ចាំក្នុងតម្លៃ ហុកសិបម៉ឺនរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: