IMF៖ GDP កម្ពុជា អាចធ្លាក់ចុះដល់ -១,៥ ភាគរយ នៅឆ្នាំ២០២០
- ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ ម៉ោង ៩:៣៩ នាទី យប់

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបានក្នុងអត្រា៧ភាគរយ នៅឆ្នាំ២០១៨ និង២០១៩ ប៉ុន្តែចាប់តាំងពីការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសចិន កាលពីដើមខែឆ្នូ ឆ្នាំ២០១៩ និងបានរាលដាលនៅជុំវិញពិភពលោក ហើយបង្ករឲ្យសេដ្ឋកិច្ចពិភពលោកជាប់គាំងស្ទើរគ្រប់វិស័យ ដោយរួមទាំងសេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ដែរ។

«តាមការព្យាកររបស់យើង អត្រាកំណើនGDPកម្ពុជា នឹងធ្លាក់ចុះដល់ -១,៥ភាគរយក្នុងឆ្នាំ២០២០»។ នេះបើតាមលោក Changyong Rhee ប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយបន្ថែមថា កំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ២០២០ នឹងមិនមានកំណើនជាលើកដំបូង ក្នុងរយៈពេល៦០ឆ្នាំចុងក្រោយ។ ការរងគ្រោះមិនធ្លាប់មានពីមុនមកនេះ បណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់វិស័យសេវាកម្ម និងការនាំចេញទៅកាន់ទីផ្សារចម្បងៗ។
លោក Changyong Rhee អះអាងដូច្នេះថា៖«ផលប៉ះពាល់ដោយសារការរាតត្បាតកូវីដ១៩នេះ នឹងបង្កឲ្យមានអត្រាកំណើនសេដ្ឋកិច្ចទាបខ្លាំង ជាងវិបត្តិហិរញ្ញវត្ថុពិភពលោក (២០០៧-២០០៨) និងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ២០០៧ទៅទៀត»។
លោកបន្តថា នៅកម្ពុជាអាជីវកម្មកំពុងរងផលប៉ះពាល់រួចទៅហើយ។ លោកបញ្ជាក់ដូច្នេះថា៖«ខ្ញុំ ឮថា ចំនួនភ្ញៀវទេសចរ បានធ្លាក់ចុះ ៦០ភាគរយរួចហើយ។ ហើយភាគច្រើននៃឧស្សាហកម្មកាត់ដេរ ក៏ត្រូវបានគេមើលឃើញថា បានលុបចោលការបញ្ជាទិញពីអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ»។
លោក បន្ថែមថា៖«ប្រទេសក្នុងតំបន់អាស៊ានជាច្រើន កំពុងកើនឡើងចំនួនអ្នកឆ្លងកូវីដ-១៩។ អាស៊ានត្រូវយកចិត្តទុកដាក់លើវិស័យសេវាកម្មច្រើនជាងមុន និងមុនពេលកូវីដ-១៩ រាតត្បាតនៅក្នុងតំបន់ក៏ដោយ ក៏ពួកគេរងផលប៉ះពាល់យ៉ាងខ្លាំងដែរ»។
ជាមួយគ្នានេះ IMF ក៏បានព្យាករអត្រាកំណើនសេដ្ឋកិច្ចថៃដែរថា អាចនឹងធ្លាក់ចុះដល់ -៦,៧ភាគរយ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: