អតីតយុទ្ធជន​សង្គ្រាម​លោក​លើក​ទី​២ សម្រេចចិត្ត​ប្តូរ​ភេទ​ទៅជា​ស្រី​ក្នុង​អាយុ​៩០​ឆ្នាំ​
16, Apr 2017 , 11:59 am         14505
រូបភាព
ដោយ: ធីតា
Patricia Davies ដែលមាន​ឈ្មោះ​ដើម​ថា Peter បាន​ចំណាយពេល​មួយជីវិត​របស់ខ្លួន​ធ្វើ​មនុស្ស​ប្រុស បើទោះបី​ដឹងថា ខ្លួន​មាន​ទំនោរ​ទៅជា​មនុស្ស​ស្រី​តាំងពី​អាយុ​៣​ឆ្នាំ​ក៏ដោយ​។ ឈានដល់​វ័យ​៩០​ឆ្នាំ​ទៅហើយ ទើប​គាត់​សម្រេច​ប្តូរ​ភេទ​ដើម្បី​បង្ហាញ​ពី​ធម្មជាតិ​របស់ខ្លួន​។
«​ខ្ញុំ​បានរស់នៅ​ជាមួយ​ភាព​កុហក​។ ពេលនេះ ខ្ញុំ​កំពុងមាន​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​។ ខ្ញុំ​ទទួលបាន​រសជាតិ​ថ្មី​នៃ​ជីវិត​»​។ នេះ​ជាការ​លើកឡើង​របស់លោក Peter ដែល​ក្លាយជា​អ្នកស្រី Patricia Davies ក្នុង​អាយុ​៩០​ឆ្នាំ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ Daily Mirror​។
Patricia គឺជា​អតីត​អ្នក​ថតរូប​អាជីព​ម្នាក់​នៅ​តំបន់ Leicestershire ក្រុង Leicester ចក្រភព​អង់គ្លេស​។ គាត់​បាន​លើកឡើងថា គាត់​ធំ​រូបរាង​ដូចជា​មនុស្ស​ស្រី ប៉ុន្តែ​គាត់​មិន​ហ៊ាន​បង្ហាញ​ឲ្យ​គេ​ដឹង​នោះទេ ដោយសារតែ​សម័យកាល​របស់គាត់ មនុស្ស​ប្តូរ​ភេទ មិនមាន​ការទទួលស្គាល់​ពី​សង្គម​ទូលំទូលាយ​ឡើយ​។
Patricia ដែលមាន​ឈ្មោះ​ដើម​ថា Peter ធ្លាប់​ធ្វើជា​ទាហាន​អង់គ្លេស​ចន្លោះ​ពី​ឆ្នាំ​១៩៤៥ ដល់​ឆ្នាំ​១៩៤៨ ។ កាតា​ព្វ​កិច្ច​យោធា​នេះហើយ ដែល​ធ្វើ​ឲ្យ​គាត់​រឹតតែ​មិន​ហ៊ាន​បង្ហាញ​ភាព​ដើម​របស់ខ្លួន​។ គាត់​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ដឹងថា ខ្លួនឯង​ជាម​នុស្ស​ស្រី​តាំងពី​អាយុ​៣​ឆ្នាំ​។ នៅពេលនោះ ខ្ញុំ​ស្គាល់​ក្មេងស្រី​ម្នាក់​ឈ្មោះ Patricia ទើប​ខ្ញុំ​ចាំ​ឈ្មោះ​នេះ​ទុកដាក់​ឲ្យ​ខ្លួនឯង​»​។
Patricia បាន​អះអាងថា គាត់​បាន​រៀបការ​ក្នុង​អាយុ​២១​ឆ្នាំ​។ គាត់​បានរស់នៅ​ជាមួយ​ភរិយា​ជាង​៤០​ឆ្នាំ មុនពេល​ដែល​ភរិយា​ទទួលមរណភាព​។ គាត់​អះអាងថា​៖ «​នៅពេលដែល​ខ្ញុំ​មាន​អាយុ​៦០​ឆ្នាំ ខ្ញុំ​បានសម្រេច​ចិត្ត​ប្រាប់​រឿងរ៉ាវ​ទាំងអស់​ដល់​ភរិយា​។ គាត់​ជាម​នុស្ស​ល្អ​ណាស់ គាត់​បាន​ជួយ​ខ្ញុំ​គ្រប់បែបយ៉ាង ដូចជា​ទិញ​គ្រឿងអលង្កា​ឲ្យ​ពាក់​ជាដើម​។ យើង​បានសម្រេច​លាក់​ការសម្ងាត់​នេះ​»​។​

Patricia បានសម្រេច​បានបង្ហាញ​ភាព​ពិត​របស់ខ្លួន បន្ទាប់ពី​បាន​មើល​រឿង​មួយ​ដែលមាន​ចំណងជើង​ថា «Boy Meets Girl» ដែល​បង្ហាញ​ពី​ប្រវត្តិ​ស្ត្រី​ប្តូរ​ភេទ​ម្នា​ក់នៅ​ក្រុង Kentucky សហរដ្ឋអាមេរិក​។ ទោះ​ឈានដល់​វ័យ​៩០​ឆ្នាំ​ក៏ដោយ Patricia មាន​អារម្មណ៍ គាត់​ហាក់​ទទួលបាន​នូវ​លើកទឹកចិត្ត​ពី​សហគមន៍​។
 
«​ខ្ញុំ​មាន​អារម្មណ៍​ថា បាន​ដក​អង្រែ​ក​ដ៏​ធ្ងន់​ពី​ស្មារ បន្ទាប់ពី​រស់នៅ​ជាមួយនឹង​ការ​កុហក​ពេញ​មួយជីវិត​។ ខ្ញុំ​ចូលរួម​ការងារ​សង្គម​ជាមួយ Women’s Institute​។ ខ្ញុំ​មាន​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​»​។ នេះ​ជាការ​បញ្ជាក់​របស់ Patricia៕
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង