​តើ​មូល​ហេតុអ្វី​បានជា​ព្រះមហាក្សត្រ​ខ្មែរ​កសាង​អង្គរ​?
16, Apr 2017 , 2:59 pm         26387
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​អង្គរវត្ត​» គឺមាន​ន័យ​ដូច​ទៅនឹង «​រាន​ទេវតា​» ដែល​គេ​តែងតែ​ឃើញ​មាននៅ​ខាងមុខផ្ទះ​អ្នកស្រុក​ដែរ​។ លោក​សាស្ត្រាចារ្យ ថាច់ ត្វា​ន់ បានលើកឡើង​បែបនេះ​នៅក្នុង​ការធ្វើ​បទ​បាឋកថា កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ពុទ្ធសាសនបណ្ឌិត្យ លើ​ប្រធានបទ «​ដើម្បី​ស្គាល់​អង្គរ​»​កន្លងទៅនេះ​។
​សំណង់​អង្គរ​គឺជា សំណង់​អច្ឆរិយ​របស់​ប្រជាជន​ខ្មែរ រួមទាំង​ពិភពលោក​ផងដែរ​។ ប៉ុន្តែ​សំណួរ​សួរថា មូលហេតុ​អ្វី​បានជា​ព្រះមហាក្សត្រ​ខ្មែរ​ព្រះអង្គ​កសាង​អង្គរ​? លោក សាស្ត្រាចារ្យ ថាច់ ត្វា​ន់ បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​យល់​អំពី​សំណួរ​នេះ យើង​ត្រូវ​ដឹងថា​ក្នុងសម័យ​ដែល​ព្រះមហាក្សត្រ​ខ្មែរ​សាងសង់​អង្គរ គឺ​ព្រះអង្គ​គោរព​ប្រណិប័តន៍​ព្រហ្មញ្ញសាសនា​។ សាសនា​នេះ គឺជា​សាសនា​មួយ​ដែល​អត់​មាន​វត្ត គ្មាន​វិហារ​សម្រាប់​ទៅ​ថ្ងៃសីល​ដើម្បី​ជួបជុំគ្នា ដូច​ក្នុង​ព្រះពុទ្ធសាសនា​ទេ​។​ 
 
​លោក​សាស្ត្រាចារ្យ បាន​ពន្យល់​បន្ថែមថា នៅក្នុង​សាសនា​នេះ​គឺ​មានតែ​អាស្រម ដែល​មានន័យថា ផ្ទះ​របស់​ព្រាហ្មណ៍​។ នៅក្នុង​អាស្រម​គឺមាន​ព្រះ សម្រាប់​គោរព​ប្រណិប័តន៍ ប៉ុន្តែ​គឺ​អាស្រ័យ ទៅលើ​អ្នក​គោរព​ប្រណិប័តន៍​ថា​ជ្រើស​រើសយក ព្រះអង្គ​ណា​មក​គោរព​។ ព្រោះថា​នៅក្នុង​ព្រហ្មញ្ញសាសនា មាន​ព្រះ​បី​ព្រះអង្គ គឺ​ព្រះព្រហ្ម​ណ៍ ព្រះ​នរាយណ៍ និង​ព្រះ​ឥសូរ​។ ហេតុនេះហើយ ទើប​អ្នក​គោរព​ព្រហ្មញ្ញសាសនា គេ​ត្រូវ​រៀបចំ​កន្លែង​មួយ សម្រាប់​ដាក់​ព្រះ​របស់គេ​ដើម្បី​គោរព​ប្រណិប័តន៍​។​
 
​ចំណែក​ការគោរព​ប្រណិប័តន៍ គេ​ត្រូវ​បែងចែក​រវាង​រាស្ត្រសាមញ្ញ មន្ត្រី និង​ក្សត្រ​។ លោក​សាស្ត្រាចារ្យ​ក៏បាន​បន្ថែមថា កន្លងទៅ​គេ​តែងតែ​ឃើញ រាន​ទេវតា នៅមុខ​ផ្ទះ​អ្នកស្រុក នោះ​ហើយ គឺជា​កន្លែង​តំណាង​ឲ្យ​កន្លែង​ព្រះ​ដែល​គេ​គោរព​ក្នុង​ព្រហ្មញ្ញសាសនា​នោះឯង ប៉ុន្តែ​អាចមាន​ព្រះ​សម្រាប់​គោរព​ផ្សេងៗ​គ្នា​។ សម្រាប់​ព្រះមហាក្សត្រ សម័យ​នោះ​ដោយសារ​ព្រះអង្គ​មានទ្រព្យ​ច្រើន ព្រះអង្គ​ក៏​សង់​ជា​អង្គរវត្ត តែម្ដង​សម្រាប់​តម្កល់​ព្រះ​ដែល​ព្រះអង្គ​គោរព​ប្រណិប័តន៍​។​
 
​ហេតុនេះ «​អង្គរវត្ត​» គឺ​មានន័យ​ដូចគ្នា​ទៅនឹង «​រាន​ទេវតា​» ដែល​អ្នកស្រុក​ធ្វើ​នៅមុខ​ផ្ទះ​របស់ខ្លួន​ដែរ គឺជា​ទីកន្លែង​សម្រាប់​អាទិទេព​ដែល​ព្រះមហាក្សត្រ​គោរពបូជា​។ «​អង្គរវត្ត​» នេះ​គឺជា​កន្លែង​សម្រាប់​ព្រះ​ពិស្ណុការ ព្រោះ​ព្រះមហាក្សត្រ ព្រះអង្គ​សម័យ​នោះ គោរព​ព្រះ​វិស្ណុ ឬ​ព្រះ​ពិស្ណុ​។ លោក​សាស្ត្រាចារ្យ ថាច់ ត្វា​ន់ ក៏បាន​បញ្ជាក់ថា ការសាងសង់​អង្គរវត្ត មិនមែនជា​កន្លែង​សម្រាប់​ស្ដេច​គង់នៅ​ទេ ប៉ុន្តែ​គឺជា​កន្លែង​របស់​ព្រះ ដែល​ព្រះមហាក្សត្រ​គោរព​ដល់​ព្រះអាទិទេព​របស់​ព្រះអង្គ​៕
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង