Assad ចោទអាមេរិកថារារាំង UN ពីការបញ្ជូនអ្នកជំនាញមកស៊ើបអង្កេតការវាយប្រហារគីមី 21, Apr 2017 , 8:39 pm 9539
× សំណើរបស់រដ្ឋាភិបាលស៊ីរីទៅកាន់អង្គការសហប្រជាជាតិដើម្បីបញ្ជូនអ្នកជំនាញមកស៊ើបអង្កេតការវាយប្រហារគីមី នៅមិនទាន់ទទួលបានចម្លើយនៅឡើយទេ។ ប្រធានាធិបតីស៊ីរី Bashar al-Assad និយាយថា ការមិនឆ្លើយតបរបស់អង្គការសហប្រជាជាតិ បណ្ដាលមកពីការដាក់សម្ពាធរបស់បស្ចឹមប្រទេសមានអាមេរិកជាដើម។ បើតាមលោក Assad អាមេរិក ជំទាស់ការស៊ើបអង្កេតនេះ ព្រោះអាមេរិកបានកុហកអ្វីដែលបានកើតឡើង។
ការវាយប្រហារដោយអាវុធគីមីចុងក្រោយបំផុតនៅខេត្ត Idlib ដែលសម្លាប់មនុស្សយ៉ាងតិច៨០នាក់ នៅមិនទាន់ការស៊ើបអង្កេតអ្វីនៅឡើយទេ ទោះជាស៊ីរីបានបញ្ជូនសំណើសុំបញ្ជូនអ្នកជំនាញមកស្វែងរកការពិតទៅកាន់អង្គការសហប្រជាជាតិរួចហើយ។ មេដឹកនាំរបបដឹកនាំស៊ីរី Bashar al-Assad លើកឡើងថា ការណ៍ដែលអង្គការសហប្រជាជាតិផ្អឹបទុកសំណើរបស់លោក ក៏ព្រោះតែមានការប្រឆាំងពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផង។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានរុស្ស៊ី Sputnik លោក Assad បានចោទអាមេរិកថាកំពុងរារាំងអ្នកជំនាញអង្គការសហប្រជាជាតិពីការស៊ើបអង្កេតការវាយប្រហារអាវុធគីមី។ លោកបន្តថា អាមេរិកធ្វើបែបនេះ ព្រោះពេលអ្នកជំនាញចូលមកស៊ើបអង្កេតនោះ ពួកគេនឹងរកឃើញការពិត គឺអ្វីៗដែលអាមេរិករៀបរាប់ហូរហែរនាពេលកន្លងមកស្ដីពីការវាយប្រហារ Khan Shaykhun និងការវាយប្រហារមីស៊ីលដាក់មូលដ្ឋានទ័ពអាកាស សុទ្ធតែជារឿងកុហក។
ការវាយប្រហារដោយអាវុធគីមីនៅថ្ងៃទី៤ ខែមេសា មិនមានអ្នកចេញមុខទទួលខុសត្រូវឡើយ។ ខណៈមិនមានការស៊ើបអង្កេតណាមួយនៅឡើយ ក្រុងវ៉ាស៊ីនតោនបានចោទក្រុងដាម៉ាស់ភ្លាមៗថានៅពីក្រោយការវាយប្រហារដ៏ឃោរឃៅនេះ រួចក៏បាញ់មីស៊ីល Tomahwak អស់៥៩គ្រាប់ដាក់មូលដ្ឋានអាកាស Shayrat ដែលត្រូវសង្ស័យថាត្រូវបានប្រើប្រាស់ដោយយន្តហោះកងទ័ពរដ្ឋាភិបាលក្នុងការវាយប្រហារលើកនេះ។
សម្ព័ន្ធមិត្តរបបលោក Assad ដូចជារុស្ស៊ី និងអ៊ីរ៉ង់ ក៏ដូចជាចិនជាដើម ក៏បានស្នើឲ្យមានការស៊ើបអង្កេតហ្មត់ចត់ដែរ ប៉ុន្តែមិនទាន់មានផ្លែផ្កាអ្វីទេ ដ្បិតមិនទាន់មានក្រុមជំនាញទៅដល់ស៊ីរីនៅឡើយ។ ទីតាំងដែលរងការវាយប្រហារនោះ ស្ថិតក្រោមគ្រប់គ្រងរបស់ក្រុនឧទ្ទាមប្រឆាំង ដែលមានអាមេរិកនៅពីក្រោយ ហើយលោក Assad ក៏ថែមទាំងអះអាងថា ការវាយប្រហារសម្លាប់មនុស្សដោយអាវុធគីមី អាចជាស្នាដៃក្រុមឧទ្ទាមផង។
តាមពិតទៅ នេះក៏មិនមែនជាលើកទី១ទេ ដែលក្រុមជំនាញស៊ើបអង្កេតមិនអាចចូលទឹកដីស៊ីរីបាន ព្រោះការវាយប្រហារថ្ងៃទី៤ ខែមេសា ក៏មិនមែនជាលើកទី១ដូចគ្នា។ ជាក់ស្ដែង ការវាយប្រហារស្រដៀងគ្នានេះនៅ Aleppo នៅតែស្ងាត់ឈឹងមិនដឹងនរណាជាអ្នកធ្វើនៅឡើយ ចំណែកភាគីរដ្ឋាភិបាល និងក្រុមឧទ្ទាម បានត្រឹមចង្អុលការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។ ងាកមើលមហាអំណាចទាំងអស់ ក៏បន្តខ្វែងគំនិតគ្នារកច្រកចេញមិនឃើញរហូតមកបច្ចុប្បន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com