បារាំង​រង​​គ្រោះ​ដោយចលនា​ភេរវកម្ម​ជាថ្មី ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​ជិត​មកដល់​
21, Apr 2017 , 5:39 pm         3035
រូបភាព
ដោយ: ថ្មីៗ
​ចលនា​ភេរវកម្ម​បាន​ផ្ទុះឡើង​ជាថ្មីទៀត​នៅ​ក្រុងប៉ារីស​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​បណ្តាល​ឲ្យ​មន្ត្រីប៉ូលិស​ម្នាក់​ស្លាប់ និង​បង្ក​ឲ្យ​ប៉ូលិស​ពីរ​នាក់​ផ្សេងទៀត​រងរបួស​។ ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ប្រកាសថា​ខ្លួន​ជា​អ្នករៀបចំ​ការវាយប្រហា​រ​ភេរវកម្ម ហើយ​វា​កើតឡើង​ស្រប​ពេលដែល​បារាំង​ត្រៀម​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ផង​។​

​បារាំង​រងគ្រោះ​ជាថ្មីទៀត​ដោយសារ​ចលនា​ភេរវកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២០ មេសា នៅវេលា​ម៉ោង ៩​យប់​។ ភេរវជន​បាន​បាញ់ប្រហារ​លើ​មន្ត្រីប៉ូលិស​ដោយ​បណ្តាល​ឲ្យ​ប៉ូលិស​ម្នាក់​ស្លាប់​និង​ពីរ​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។​

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ខ្មាន់កាំភ្លើង​បាន​បាញ់រះ​ដោយ​ប្រើប្រាស់​អាវុធ​ស្វ័យប្រវត្តិ​លើ​ឡាន​ប៉ូលិស​ដែល​ស្ថិតនៅ​លើផ្លូវ Champs Elysees ហើយ​ប៉ូលិស​ម្នាក់​បាន​ស្លាប់​និង​ពីរ​នាក់​ទៀត​របួស​។ បន្ទាប់មក ខ្មាន់កាំភ្លើង​ក៏ត្រូវ​បាន​ប៉ូលិស​បាញ់សម្លាប់​ភ្លាម​ដែរ​ក្នុង​ការបាញ់​ឆ្លើយឆ្លង​គ្នា​។ អ្នកទេសចរ​ដែល​ដើរ​តាមផ្លូវ​នាំគ្នា​រត់​ចែក​ជើង​គ្នា​រក​ទី​សុវត្ថិភាព​ក្នុងពេល​ផ្ទុះអាវុធ​នោះ​។

​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​បោះពុម្ពផ្សាយ​លើ​ប្រព័ន្ធ​ឃោសនា Amaq ថា ជន​ជា​ខ្មាន់កាំភ្លើង​ដែល​វាយប្រហារ​នៅ​កណ្តាល​ក្រុងប៉ារីស​នេះ​មាន​ឈ្មោះថា Abu Yussef the Belgian ហើយ​ជននេះ​ក៏​ជា​សកម្មប្រយុទ្ធ​ជី​ហាត​របស់​ក្រុម​រដ្ឋ​ឥស្លាម​ស៊ី​រី​និង​អ៊ីរ៉ាក់​។

​ការវាយប្រហារ​ជាថ្មី​នេះ កើតឡើង​ស្រប​ពេលដែល​បារាំង​ត្រៀម​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ ២៣ ខែមេសា​។ បញ្ហា​សន្តិសុខ​និង​ភេរវកម្ម​នេះ​បាន​ក្លាយជា​រឿងចម្រូងចម្រាស​និង​រសើប​បំផុត​មួយ​ក្នុងការ​ឃោសនាបោះឆ្នោត​ក​ន្ល​ង​មក​រួច​ទៅហើយនោះ​។ វា​មានន័យថា ចលនា​ភេរវកម្ម​នេះ​អាច​នឹងមាន​ឥទ្ធិពល​លើ​ការបោះឆ្នោត​នេះដែរ​។​

​ឥទ្ធិពល​បែបណា​វា​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ច្បាស់លាស់​។ របាយការណ៍​ស្ទង់​មតិ​បង្ហាញថា ប្រជាជន​បារាំង​បច្ចុប្បន្ន​បារម្ភ​ខ្លាំង​ពី​បញ្ហា​គ្មាន​ការងារ​ធ្វើ​និង​ការចំណាយ​រដ្ឋ​ច្រើនជាង​បញ្ហា​សន្តិសុខ​ដែល​ញាំញី​ដោយ​ភេរវកម្ម​នេះ​។​ប៉ុន្តែ​គេ​ក៏​មិន​គេ​នៅតែ​បារម្ភ​ថា ការយល់ឃើញ​របស់​ប្រជាជន​បារាំង​អាច​នឹង​ផ្លាស់ប្តូរ​ដោយសារ​បញ្ហា​សន្តិសុខ​នេះ​។ 

 ដូច្នេះហើយ អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​និង​ជា​បេក្ខជន​ប្រធានាធិបតី Marine Le Pen ដែលមាន​និន្នាការ​ប្រឆាំង​ជនអន្តោប្រវេសន៍ និង​ជា​អ្នកប្រឆាំង​អឺរ៉ុប​ផង​នោះ អាចនឹងទទួល​បានកា​រ​គាំទ្រ​ច្រើន​ពេល​បោះឆ្នោត​ផង​ក៏​មិនដឹង​។​

​តាមពិតទៅ បារាំង​រង​គ្រោះជា​បន្តបន្ទាប់​ដោយសារ​ការវាយប្រហារ​ភេរវកម្ម​កន្លងមក​ចាប់ពី​ឆ្នាំ ២០១៥​មក​។ ហើយ​បារាំង​ក៏​ស្ថិតក្នុង​ស្ថានភាព​ប្រកាសអាសន្ន​ចាប់ពី​មានការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​កណ្តាល​ក្រុងប៉ារីស​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៥​មក​នោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង