សង្រ្កាន្តឆ្នាំថ្មី
សង្រ្កាន្តឆ្នាំថ្មី
ការសិក្សាមួយបង្ហាញថា ម៉ោង១១ព្រឹកជាពេលល្អក្នុងការចាប់ផ្តើមម៉ោងសិក្សាកម្រិតមហាវិទ្យាល័យ
24, Apr 2017 ,
8:19 pm
10516
រូបភាព
×
ដោយ:
ធីតា
ក្រុមអ្នកស្រាវជ្រាវអាមេរិកទើបតែចេញផ្សាយលទ្ធផលនៃការសិក្សាមួយដែលបង្ហាញថា ម៉ោង១១ព្រឹក ជាពេលវេលាដ៏ល្អបំផុតសម្រាប់និស្សិតមហាវិទ្យាល័យក្នុងការចាប់ផ្តើមការសិក្សារបស់ខ្លួន។
លោកអ្នកពិតជាពិបាកក្នុងការក្រោកឲ្យទាន់ម៉ោងសិក្សា? ចូលរៀនហើយ តែនៅតែងុយគេង? ប្រសិនបើការសិក្សារបស់សាកលវិទ្យាល័យ Nevada សហរដ្ឋអាមេរិក ត្រូវបានគេយកទៅពិចារណាជាទូទៅនោះ និស្សិតទាំងឡាយចាប់ផ្តើមចូលរៀនរហូតដល់ម៉ោង១១ព្រឹក ជិតថ្ងៃត្រង់។
ការសិក្សាដែលចេញផ្សាយនៅលើទស្សនាវដ្តី
Frontiers in Humal Neurosciences
កាលពីថ្ងៃទី១៩ ខែមេសា បានផ្តល់ហេតុផលថា ម៉ោងដ៏ល្អបំផុតដើម្បីចាប់ផ្តើមការសិក្សា គឺនៅវេលម៉ោង១១ព្រឹក ដោយម៉ោងនេះ ផ្តល់ផលអនុគ្រោះដល់និស្សិតភាគច្រើនក្នុងការផ្តោតយកចិត្តទុកដាក់លើការសិក្សា ដោយមិនមានអ្វីប៉ះពាល់ដល់សុខភាព។
ក្រុមអ្នកស្រាវជ្រាវ បានសម្ភាសនិស្សិត១៩០នាក់ ដែលរៀននៅឆ្នាំទី១ និងទី២ ដោយពួកគេមិនសូវពេញចិត្តម៉ោងសិក្សានាពេលបច្ចុប្បន្ននោះឡើយ។ ទិន្នន័យដែលទទួលបានត្រូវបានក្រុមអ្នកស្រាវជ្រាវយកទៅវិភាគ ហើយរកឃើញថា វាជាប់ពាក់ព័ន្ធនឹងចង្វាក់ជីវសាស្ត្រ ប្រព័ន្ធប្រសាទ និងផលប៉ះពាល់មួយចំនួនដែលបណ្តាលមកពីការគេងមិនគ្រប់ម៉ោង។
តាមទិដ្ឋភាពជាក់ស្តែង ការចាប់ផ្តើមម៉ោងសិក្សានៅវេលាម៉ោង៨ ឬ៩ព្រឹក ហាក់ដូចជាមិនសូវផ្តល់លក្ខខណ្ឌល្អប្រសើរនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវទទួលស្គាល់ថា វាគ្រាន់តែជាលទ្ធផលនៃការសិក្សាលើនិស្សិតមួយក្រុមប៉ុណ្ណោះ មិនមែនតំណាងនិស្សិតទូទៅនោះឡើយ។
បើគិតចាប់តាំងពីឆ្នាំ២០១៣មក សាលា UCL Academy ដែលស្ថិតនៅក្នុងទីក្រុងឡុងដ៍័ ប្រទេសអង់គ្លេស បានកំណត់ម៉ោង១០ព្រឹកជាពេលវេលានៃការចាប់ផ្តើមម៉ោងសិក្សា។ ទាក់ទងនឹងករណីនេះ សាលា UCL Academy ចង់ឲ្យសិស្សរបស់ខ្លួន ផ្ចង់អារម្មណ៍១០០ភាគរយលើការសិក្សា ដោយមិនមានអាការៈងោកងុយរំខាន៕
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង