អា​រ៉ា​ប៊ី​សា​អូឌីត ជាប់ឆ្នោត​ជា​សមាជិក​ស្ថាប័ន​ការពារ​សិទ្ធិ​ស្ត្រី UN ទាំង​ខ្លួន​ជា​រដ្ឋ​បិទ​សិទ្ធិសេរីភាព​ស្ត្រី​
24, Apr 2017 , 4:36 pm         15203
រូបភាព
រូបភាព៖ UN Watch
រូបភាព៖ UN Watch
ដោយ: ថ្មីៗ
​អា​រ៉ា​ប៊ី​សា​អូ​ឌី​ត្រូវបាន​គេ​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​សិទ្ធិ​ស្ត្រី​នៃ​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​អង្គការ​ឃ្លាំមើល​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​ការបោះឆ្នោត​នេះ​យ៉ាង​ចាស់ដៃ ព្រោះ​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ​មិនដែល​គោរព​សិទ្ធិ​ស្ត្រី​ឡើយ​តាំងពីដើមមក​។ ដូច​ឃើញ​ហើយ ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​មិន​ទាំង​មាន​សិទ្ធិ​សូម្បីតែ​បើកឡាន​។​

​រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​មួយ​បាន​កើតឡើង​នៅក្នុង​ស្ថាប័ន​ទទួលបន្ទុក​លើកកម្ពស់សិទ្ធិ​ស្ត្រី​នៃ​អង្គការសហប្រជាជាតិ​ចុង​សប្តាហ៍​កន្លងទៅ​។ រឿង​នោះ​គឺ រដ្ឋ​ឈូង​សមុទ្រ​និង​ជា​សម្ព័ន្ធមិត្ត​អាមេរិក អា​រ៉ា​ប៊ី​សា​អូឌីត​នោះ​ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​សិទ្ធិ​ស្ត្រី​ប្រចាំ​អង្គការសហប្រជាជាតិ​មាន​អាណត្តិ​ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២២​។​ការសម្រេច​នេះ​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នកឃ្លាំមើល​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស​ផងដែរ​។​

​អង្គការ​មិនមែន​រដ្ឋាភិបាល UN Watch ដែលជា​ស្ថាប័ន​តាមដាន​សិទ្ធិមនុស្ស​នោះបាន​ថ្កោលទោស​ការជ្រើសរើស​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​សមាជិក​គណៈកម្មការ​សិទ្ធិ​ស្ត្រី​នេះ​។ នាយក​ប្រតិបត្តិ​អង្គការ UN Watch Hillel Neuer បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ការជ្រើសរើស​អា​រ៉ា​ប៊ី​សា​អូឌីត​ឲ្យ​ទៅកាន់​កាប់​ស្ថាប័ន​ការពារ​សិទ្ធិ​ស្ត្រី​មិន​ខុសពី​ឲ្យ​អ្នក​ដុត​ផ្ទះ​ទៅធ្វើជា​ប្រធាន​ផ្នែក​ពន្លត់អគ្គីភ័យ​ដូច្នេះ​ដែរ​»​។​

​ប្រធាន​ស្ថាប័ន​សិទ្ធិមនុស្ស​នេះ​បាន​បន្ត​ផងដែរ​ថា សិទ្ធិសេរីភាព​ស្ត្រី​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ស្ថិតក្រោម​គំនៀប​​សង្គមនិងសាសនា ហើយ​វា​ជា​រឿង​ឆ្កួត​ឡប់​ដែល​គេ​នាំគ្នា​បោះឆ្នោត​ជាសម្ងាត់​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​។  លោក​បញ្ជាក់បន្ថែម​ដូច្នេះ​ថា ៖«​ស្ត្រី​គ្រប់​រូបនៅអា​រ៉ា​ប៊ី​សា​អូឌីត ត្រូវតែមាន​បុរស​ឃុំគ្រង​និង​ចាំ​សម្រេចចិត្ត​ជំនួស​ពាក់ព័ន្ធ​បញ្ហាសំខាន់ៗក្នុងគ្រួសារ​។ បុរស​ទាំងនោះ​គ្រប់គ្រង​ជីវិត​ស្ត្រី​តាំងពី​កើត​ដល់​ស្លាប់​ទៅវិញ ហើយ​ឃើញស្រាប់​ហើយ ​អា​រ៉ា​ប៊ី​សា​អូឌីត​មិន​ទាំង​អនុញ្ញាត​ឲ្យ​ស្ត្រី​បើកឡាន​ផង​»​។​

​តាមពិតទៅ​ការបោះឆ្នោតជ្រើសរើស​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​សម្ងាត់​ក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម​ដែលមាន​សមាជិក​ទាំងអស់​ចំនួន ៥៤​។ យោងតាម​លទ្ធផល​នេះ គេ​វាយតម្លៃថា រដ្ឋប្រជាធិបតេយ្យ​ក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម​យ៉ាងហោចណាស់ ១៥ បានសម្រេច​បោះឆ្នោត​គាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត ទើបបានជា​រដ្ឋ​មួយ​នេះ​អាច​ជាប់​បាន​។​

​កន្លងមក​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏បាន​ឈ្នះ​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ផងដែរ​ទាំង​ដែល​ខ្លួន​មែន​ជា​រដ្ឋ​ដែល​គោរព​សិទ្ធិមនុស្ស​នោះ​។ ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អា​រ៉ា​ប៊ី​សា​អូឌីត​មានលទ្ធភាព​ក្នុងការ​បោះឆ្នោត​និង​មានអំណាច​ត្រួតពិនិត្យ​លើ​យន្តការ អនុម័ត​ដំណោះស្រាយ និង​ជំរុញ​ការដាក់ចេញ​គំនិត​ផ្តួចផ្តើម​ដែលមាន​ឥទ្ធិពល​លើ​សិទ្ធិ​ស្ត្រី​ទូទាំង​ពិភពលោក​ថែមទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទទាក់ទង