កម្ពុជា បន្តបេសកកម្មនៅប្រទេសចិន ដើម្បីទាក់ទាញវិនិយោគិន
  • ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
កម្ពុជា បន្តបេសកកម្មនៅប្រទេសចិន ដើម្បីទាក់ទាញវិនិយោគិន
លោកស៊ុន​ ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបភាព៖ CDC ។

ភ្នំពេញ៖ គណៈប្រតិភូកម្ពុជា​ដែលដឹកនាំដោយលោកស៊ុន​ ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បន្តបេសកកម្មនៅប្រទេសចិន ដើម្បីជំរុញ និងទាក់ទាញវិនិយោគិន(Investment Roadshow)។ ក្នុងដំណើរបេសកកម្មក្រៅប្រទេសនារយៈពេល៦ថ្ងៃមកនេះ (ពីថ្ងៃទី១៦-២១​ ខែមីនា) លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយវិនិយោគិនជាច្រើននៅក្នុងវិស័យកសិកម្ម ទេសចរណ៍ អាកាសយានដ្ឋាន, កំពង់ផែ, ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងសួនឧស្សាហកម្ម ។​

TTN-Free-Banner-In-Article-PC

បើតាមសេចក្តីព័ត៌មានរបស់CDC  ថ្ងៃទី១នៃដំណើរបេសកម្មនៅក្រៅប្រទេសនេះ លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយ លោក Yi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន។ ក្រុមហ៊ុនចិននេះ ការបោះជំហានវិនិយោគនៅកម្ពុជាតាមរយៈការបណ្តាក់ទុនវិនិយោគក្រោមរូបភាពជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន គឺជាសហគ្រាសរដ្ឋដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍនគរូបនីយកម្ម, ការវិនិយោគលើនគរូបនីយកម្ម, បច្ចេកវិទ្យា, ប្រតិបត្តិការ, សួនបច្ចេកវិទ្យា, និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា។ ក្នុងជំនួបការងារនោះ លោក ស៊ុន ចាន់ថុល បានប្រាប់ក្រុមហ៊ុនឱ្យ​ពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀតតាមរយៈការឆក់យកឱកាសវិនិយោគលើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុន។ 

លោកស៊ុន ចាន់ថុល ក៏បានជួបជាមួយលោក Liu Ning លេខាធិការនៃគណៈកម្មាធិការគណៈបក្សកុម្មុយនីសចិនខេត្តហ៊ឺណាន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជន ខេត្តហ៊ឺណាន។ រូបភាព៖CDC។

ក្នុងថ្ងៃទី១៨ ខែមីនា លោក ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, និងទេសចរណ៍រវាងកម្ពុជា និងខេត្តហ៊ឺណាន(ចឹងចូវ) ដែលមានការចូលរួមពីតំណាងសហគ្រាសនៅទូទាំងខេត្តប្រមាណ៦០ក្រុមហ៊ុន សុទ្ធសឹងអ្នកវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, និងទេសចរណ៍។

ក្នុងសន្និសីទនោះ លោក ស៊ុន ចាន់ថុល បានបង្ហាញពីសក្តានុពលវិជ្ជមានរបស់កម្ពុជា ជាច្រើនទៅដល់វិនិយោគិនទាំងនោះ ។​ លើសពីនេះ លោក បានលើកឡើងអំពីគោលនយោបាយនានារបស់រដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ CDC ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់ដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ។ ជាពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែង គឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណែត។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​

បន្ទាប់ពីចូលរួមសន្និសីទរួច ​លោក ស៊ុន ចាន់ថុល បន្តដឹកនាំគណៈប្រតិភូនៃCDC និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា បានពិភាក្សាការងារជាមួយ លោក An Wei លេខាបក្សប្រចាំក្រុងចឹងចូវ ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

​គណៈប្រតិភូកម្ពុជា បានបន្តដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ទីក្រុងសៀងហៃ ដោយបានជួបពិភាក្សាការងារជាមួយសហគ្រាសដែលមានបំណងពង្រីកសកម្មភាពវិនិយោគមកកាន់កម្ពុជា នាថ្ងៃទី២០ ខែមីនា។ CDC បានបញ្ជាក់ថា លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយសហគ្រាស Geoharbour Construction Group, សហគ្រាស Penyao Environmental Protection, និង សហគ្រាស Tri-Wall (Shanghai) Packaging Technology។ ជំនួបនេះ គឺមានគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។​

លោកស៊ុន ចាន់ថុល បានជួបជាមួយលោក Zhou Fuqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងចឹងចូវ។ រូបភាព៖​CDC

ក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីបច្ចុប្បន្នភាពថ្មីៗនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានផ្តល់ការពិគ្រោះយោបល់ជូនដល់ភាគីក្រុមហ៊ុន ដោយផ្តោតសំខាន់លើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេសនានា សំដៅធានាឱ្យបានថាវិនិយោគិននឹងទទួលបានព័ត៌មានដែលមានពិតប្រាកដច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដើម្បីបានជាមូលដ្ឋានដល់ការសិក្សាសមិទ្ធិលទ្ធភាព ឈានឆ្ពោះសម្រេចបាននូវការបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។ នេះជាការបញ្ជាក់របស់CDC។​

សហគ្រាស Geoharbour Construction Group គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ប្រតិបត្តិការរបស់អាកាសយានដ្ឋាន, កំពង់ផែ, ថាមពលដើរដោយពន្លឺព្រះអាទិត្យ, និងសួនឧស្សាហកម្ម។ ដោយឡែក សហគ្រាស Penyao Environmental Protection គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការសាងសង់ និងប្រតិបត្តិការលើអាងប្រព្រឹត្តកម្ម, គ្រប់គ្រងកាកសំណល់, និងទឹកស្អាត។ ចំណែក សហគ្រាស Tri-Wall (Shanghai) Packaging Technology គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាវិនិយោគលើការវេចខ្ចប់គ្រឿងបង្គុំ និងបំណែកយានយន្ត។

ក្នុងដំណើរបេសកកម្មនេះ លោក ស៊ុន ចាន់ថុល បង្ហាញសុទិដ្ឋិនិយមពីដំណើរបេសកកម្មនាពេលនេះ នឹងអាចទាក់ទាញបាននូវគម្រោងវិនិយោគជាច្រើនពីខេត្តហឺណាន និងសៀងហៃ ឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា សំដៅចូលរួមចំណែកលើកកម្ពស់វិបុលភាពសហគមន៍វាសនារួមកម្ពុជា-ចិន៕

គណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចការងារ ទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន(Henan Airport Investment Group) ។ រូបភាព៖ CDC


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គង់ អារុណពុទ្ធីរិទ្ធ