ម៉ៃ ថៃសាន់ ប្រាប់មូលហេតុនាំឱ្យខាំត្រចៀក ហូលីហ្វៀល
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
ម៉ៃ ថៃសាន់ ប្រាប់មូលហេតុនាំឱ្យខាំត្រចៀក ហូលីហ្វៀល

វីរបុសកីឡាប្រដាល់លោក ម៉ៃ ថៃសាន់ (Mike Tyson) ចេញបកស្រាយពីមូលហេតុដែរនាំឱ្យឈានដល់ការខាំស្លឹកត្រចៀក លោកអ៊ីវេនឌើ ហូលីហ្វៀល (Evander Holyfield) អំឡុងប៉ះគ្នាលើសង្វៀន កាលពីឆ្នាំ ១៩៩៧។ ២៨ ឆ្នាំក្រោយ ថៃសាន់ សារភាពថាដោយសារខ្លួនអន់ និងខឹងក្រុមការងារ ទើបបង្ករឿងអាម៉ាស់បែបនេះ។

TTN-Free-Banner-In-Article-PC

លោក Mike Tyson បានខាំស្លឹកត្រចៀកលោក Holyfield អំឡុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពិភពលោក ក្នុងជំនួបលើកទី២ បន្ទាប់ពីការជួបគ្នាលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំ ១៩៩៦ លោក Tyson របូតខ្សែក្រវ៉ាត់ទៅកាន់លោក Holyfield។ 

នៅការប្រកួតប៉ះគ្នាលើកទី២ ក្នុងឆ្នាំ ១៩៩៧ ដែលការប្រកួតទើបតែធ្វើឡើងបានចំនួន ៣ ទឹកប៉ុណ្ណោះ ដោយមើលឃើញពីការវាយចេញបានយ៉ាងល្អពីសំណាក់លោក Holyfield និងស្របពេលដែលលោក Tyson កំពុងតែចាប់ផ្តើមបាត់បង់ការផ្តោតអារម្មណ៍លើការប្រកួត រឿងនេះបង្កជាកំហឹងដែលនាំឱ្យឈានដល់ការខាំស្លឹកត្រចៀក។

ការខាំស្លឹកត្រចៀកភ្លាមៗ ធ្វើឱ្យលោក Holyfield បច្ចុប្បន្នមានវ័យ ៦២ឆ្នាំ ស្រែកខ្លាំងៗ និងយកដៃខ្ទប់ត្រចៀក ជាមួយការឈឺចាប់ ខណៈក៏មានឈាមហូមកស្របគ្នាចេញពីត្រចៀកខាងស្តាំរបស់លោកផងដែរ។ ក្រោយពីការពន្យាពេលការប្រកួត ដើម្បីត្រួតពិនិត្យទៅលើស្ថានភាពលោក Holyfield រួច ការប្រកួតក៏តម្រូវឱ្យចាប់ផ្តើមបន្ត ប៉ុន្តែលោក Mike Tyson ក៏ព្យាយាមចង់ខាំស្លឹកត្រចៀកខាងឆ្វេងបន្ថែមមួយទៀត។ ជាសំណាងល្អការខាំលើកទី២ ធ្វើឱ្យលោកមានត្រឹមស្លាក់ស្នាមបន្តិចប៉ុណ្ណោះ។

យ៉ាងណាក្រោយ ការខាំស្លឹកត្រចៀកលើកទី២ ដែលនាំឱ្យអាជ្ញាកណ្តាលការប្រកួតចាប់អារម្មណ៍ពីបំណងរបស់លោក Tyson ជាហេតុនាំឱ្យមន្ត្រីរៀបចំការប្រកួតសម្រេចបញ្ឈប់ការប្រកួត និងផ្តល់ជ័យជម្នះដល់លោក Holyfield តែម្តង។ អ្នកគាំទ្ររាប់លាននាក់លើពិភពលោក មិននឹកស្មាននូវរឿងដែលពួកគេបានឃើញអំឡុងទស្សនាការប្រកួតរវាងវីរបុរសប្រដាល់ទាំង ២ ឡើយ នៅកាលនោះ ហើយថែមចោទសួរពីមូលហេតុដែលនាំឱ្យលោក Tyson ធ្វើរឿងនោះថែមទៀត។

កាលពីឆ្នាំ ២០២០ តាមរយៈវីដេអូមួយបានបង្ហោះនៅលើបណ្តាញសង្គម YouTube របស់គេហទំព័រ GQ បានលើកយកពីសំណួររបស់អ្នកគាំទ្រ ដែលសួរទៅលោក Tyson ទាក់ទងទៅមូលហេតុដែលនាំមានការខាំស្លឹកត្រចៀក លោក ​Holyfield។ វីរបុរសប្រដាល់វ័យ ៥៨ឆ្នាំ បានឆ្លើយតបទាំងអស់សំណើចថា អំឡុងការប្រកួតនោះលោកបានជួបរឿងអាក់អន់ចិត្ត និងបាក់ទឹកចិត្ត ព្រមទាំងខឹងក្រុមការងារ ហើយភ្លាមនោះក៏ផ្ទុះខឹងចំពោះការយកក្បាលមកបុកពីសំណាក់លោក Holyfield ថែមទៀត ដោយមិនដឹងធ្វើអ្វី លោកក៏ខាំស្លឹកត្រចៀកគូប្រកួតរបស់លោកតែម្តង។

មកដល់ពេលនេះទាំងលោក Tyson និង Holyfield បានដាក់ចុះរឿងរ៉ាវដែលធ្លាប់កើតឡើងនៅពេលអតីត ហើយអ្នកទាំង ២ ក៏កំពុងតែសហការគ្នាដើម្បីផ្សព្វផ្សាយផលិតផលស្ករគ្រាប់​មានរូបរាងដូចទៅនឹងស្លឹកត្រចៀក ហើយរឿងនេះក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនផងដែរ។ អតីតកីឡាប្រដាល់ទាំង ២ សុទ្ធសឹងតែចូលនិវត្តន៍ពីអាជីពដូចគ្នា ខណៈវ័យអ្នកទាំង ២ ក៏កាន់តែចាស់៕


អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង