សម្តេច ហ៊ុន ម៉ាណែត៖ សក្តានុពលខេត្តព្រះសីហនុ កាន់តែមានធំតទៅទៀត
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៣៧ នាទី ព្រឹក
សម្តេច ហ៊ុន ម៉ាណែត៖ សក្តានុពលខេត្តព្រះសីហនុ កាន់តែមានធំតទៅទៀត

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាគោលដៅអាទិភាពធំបំផុតក្នុងការអភិវឌ្ឍន៍ផែទឹកជ្រៅរបស់កម្ពុជា ដោយការវិនិយោគនឹងឈានដល់ជិត១ពាន់លានដុល្លារ ក្នុងដំណាក់កាលទី៣នាឆ្នាំ២០២៩។ សម្តេចបានរំលឹកយ៉ាងដូច្នេះ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ព្រឹកថ្ងៃទី២៦ ខែមីនា នេះ។
TTN-Free-Banner-In-Article-PC


«មិនត្រឹមជាផែអន្តរជាតិ តែនឹងរៀបចំជាតំបន់ភស្តុភាកម្មនៃប្រព័ន្ធឡូជីស្ទីកក្នុងតំបន់»។ ប្រមុខរដ្ឋាភិបាលបានលើកឡើងថា ទោះបីជាមានផែនៅកំពត និងកោះកុងក៏ដោយ ប៉ុន្តែសក្តានុពលនៅខេត្តព្រះសីហនុ គឺមិនអាចប្រកួតប្រជែងបានឡើយ។

ដូចជារដ្ឋកាលីហ្វនីញ៉ាសហរដ្ឋអាម៉េរិក ឬក្រុងសៀងហៃរបស់ចិន យ៉ាងដូច្នោះដែរ សម្តេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នឹងរួមចំណែកដល់សេដ្ឋកិច្ចជាតិ ជាពិសេសតាមរយៈការចាប់ដៃគូយុទ្ធសាស្ត្រក្នុងតំបន់ រួមមានជាមួយផែនៅថៃ និងវៀតណាម ជាដើម។

សម្តេចលើកឡើងថា សក្តានុពលខេត្តព្រះសីហនុ កាន់តែមានធំតទៅទៀត ហើយសក្តានុពលនេះ ទាមទារធនធានមនុស្សនៅហ្នឹងកន្លែង។

ក្រោមឥណទានពីជប៉ុន ការវិនិយោគកំពង់ផែព្រះសីហនុក្នុងដំណាក់កាលដំបូង បានចំណាយអស់ប្រមាណ២០០លានដុល្លារ ហើយនៅសល់ប្រមាណ៦០០លានដុល្លារទៀតសម្រាប់២ដំណាក់កាលបន្ទាប់ គិតដល់ឆ្នាំ២០២៩៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម