លោក Koji៖ ទុកពេលឱ្យខ្ញុំ ខ្ញុំនឹងកែប្រែក្រុមកម្ពុជា ឱ្យមានទម្រង់លេងដ៏ត្រឹមត្រូវ
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:២៩ នាទី រសៀល
លោក Koji៖ ទុកពេលឱ្យខ្ញុំ ខ្ញុំនឹងកែប្រែក្រុមកម្ពុជា ឱ្យមានទម្រង់លេងដ៏ត្រឹមត្រូវ

លោក Koji Gyotoku សោកស្តាយបំផុតដែលដឹកនាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចាញ់អារូបា ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា។ គ្រូបង្វឹកជនជាតិជប៉ុន សន្យាកែប្រែក្រុមគោព្រៃឱ្យមានទម្រង់ដ៏ល្អត្រឹមត្រូវមួយ ដោយទុកពេលឱ្យខ្លួនរៀបចំ។ លោក Koji ស្នើអ្នកគាំទ្រ កុំរិះគន់ដាក់សម្ពាធកីឡាករ ដ្បិតគ្រប់យ៉ាងជាការសម្រេចចិត្ត និងគ្រប់គ្រងរបស់ខ្លួនផ្ទាល់។

TTN-Free-Banner-In-Article-PC

ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ ៩ ៣៤៥នាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមភ្ញៀវអារូបា រកបាន២គ្រាប់នាំមុខម្ចាស់ផ្ទះកម្ពុជា ដោយប្រើពេលត្រឹម១១នាទី ដែលធ្វើបានពីកីឡាករ Walter Bennett នៅ៣នាទីដំបូង និង Rovien Ostiana នៅនាទី១១។ មុនបញ្ចប់វគ្គទី១ ពោលនៅនាទី៤២ យូឌៃ អូកាវ៉ា ទទួលបានកាតក្រហម។

ចូលដល់វគ្គទី២ បើទោះសល់គ្នា១០នាក់ ប៉ុន្តែគោព្រៃកម្ពុជា នៅតែមានការគ្រប់គ្រងបាល់បានច្រើន និងវាយសម្រុករហូតតាមបាន១គ្រាប់វិញនៅនាទី ៥៧ តាមរយៈការស៊ុតបញ្ចូលទីរបស់ ថេឡ័រ នីកូឡាស់ឌឿង។ ១គ្រាប់របស់ថេឡ័រ កាន់តែធ្វើឱ្យក្រុមរបស់លោក Koji មានកម្លាំងចិត្ត និងបន្តបើកការវាយសម្រុកជាបន្តបន្ទាប់។

រកបានឱកាសតាមស្មើច្រើនលើក ប៉ុន្តែធ្វើមិនបានសម្រេច មិនតែប៉ុណ្ណោះនៅនាទី៩០ ខ្សែប្រយុទ្ធ នេតូ រុនដុន ទទួលបានកាតក្រហម ពីលោកអាជ្ញាកណ្តាលសិង្ហបុរី Leow Hong Wei និងជាកាតក្រហមទី២របស់ក្រុមម្ចាស់ផ្ទះ សម្រាប់ជំនួបមិត្តភាពអន្តរជាតិ។ ចប់ការប្រកួត កម្ពុជា ចាញ់ អារូបា ក្រុមមកពីប្រទេសកោះក្នុងតំបន់ការ៉ាអ៊ីប លទ្ធផល ២-១។

ក្នុងសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួត លោក Koji សុំទោសអ្នកគាំទ្រ​ ព្រមទាំងទទួលខុសត្រូវទាំងស្រុង។ គ្រូបង្វឹកសញ្ជាតិជប៉ុន សោកស្តាយចំពោះលទ្ធផលខកចិត្ត និងសោកស្តាយបំផុតមិនធ្លាប់មាន ចាប់តាំងពីដឹកនាំពីក្រុមថ្នាលយុវជនរហូតដល់ក្រុមឈុតធំ។ 

ទោះយ៉ាងណាក៏ដោយ គ្រូវ័យ៥៩ឆ្នាំ សន្យាកែប្រែក្រុមកម្ពុជាឱ្យក្លាយជាក្រុមរឹងមាំមួយ ដោយត្រូវការពេល។ លោក Koji ដែលមើលឃើញថាកីឡាករអារូបា មានកាយសម្បទារឹងមាំពិសេសតំបន់ប្រយុទ្ធ រហូតបង្កការលំបាកដល់ប្រព័ន្ធការពារកូនក្រុម ប្រាប់អ្នកសារព័ត៌មានថា៖«ទុកពេលឱ្យខ្ញុំ ខ្ញុំនឹងកែប្រែក្រុមកម្ពុជា ឱ្យមានទម្រង់លេងដ៏ត្រឹមត្រូវ។ យើងមានពេលខ្លីពេកក្នុងការប្រមួលផ្តុំក្រុម ស្របពេលការប្រកួតអន្តរជាតិរបស់កម្ពុជា មានតិចតួចក្នុងឆ្នាំ ២០២៥នេះ។ ដើម្បីអភិវឌ្ឍក្រុមមួយបានយើងត្រូវការពេលវេលា»។

ត្រង់ចំណុចនេះ លោក Koji បានលើកឧទាហរណ៍របស់ក្រុមជប៉ុន ដែលទម្រាំអាចក្លាយជាក្រុមខ្លាំង រឹងមាំ រហូតប្រាកដជាក្រុមដែលមានការប្រកួតជែងនៅ World Cup បានសុទ្ធតែត្រូវការពេលវេលាអភិវឌ្ឍយូរ។

ក្រៅពីបង្ហាញគោលដៅរបស់ខ្លួន លោក Koji បានស្នើសុំអ្នកគាំទ្របន្តជួយលើកទឹក និងកុំវាយប្រហារសំដៅកីឡាករ ដ្បិតបរាជ័យក្រោមថ្វីជើងក្រុមពីទ្វីដទៃអារូបា ជាអ្នកសម្រេចចិត្តទាំងស្រុងទៅលើប្រព័ន្ធលេង និងការជ្រើសរើសកីឡាករជាដើម៕


អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​