- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:២៩ នាទី រសៀល

ក្នុងកិច្ចខិតខំប្រឹងប្រែងពាំនាំគោលនយោបាយទៅឲ្យកៀកជិតប្រជាជន រដ្ឋាភិបាលអូស្ត្រាលីបានប្រើប្រាស់អ្នកមានឥទ្ធិពលលើបណ្តាសង្គម (influencers) ដើម្បីណែនាំនូវគោលនយោបាយចុងក្រោយមួយគឺផែនការថវិកាជាតិឆ្នាំសារពើពន្ធ ២០២៥-២០២៦។
កាលពីថ្ងៃទី២៥ ខែមីនា រដ្ឋមន្រ្តីរតនាគារជាតិអូស្ត្រាលីលោក Jim Chalmers បានប្រកាសទៅកាន់សភា និងប្រជាជននៃប្រទេសនេះ អំពីផែនការថវិកាសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៥-២០២៦។ ទោះជាយ៉ាងណា មុននោះគេឃើញបុគ្គលមានឥទ្ធិពលចំនួន ១៣នាក់ ដែលត្រូវបានគេស្គាល់ថាជាអ្នកមានឥទ្ធិពលលើបណ្តាញសង្កម ត្រូវបានអញ្ជើញ និងមានការគាំទ្រពីរដ្ឋាភិបាល ឱ្យធ្វើដំណើរទៅកាន់រាជធានីកង់ប៉េរ៉ា ដើម្បីចូលទៅសួរនាំពីផែនការនេះ និងពិភាក្សាដោយផ្ទាល់ជាមួយមនុស្សនៅក្នុងរដ្ឋាភិបាលអំពីផែនការថវិកា។
អំឡុងពួកគេនៅក្នុងទីក្រុងកង់បេរ៉ា មនុស្សដែលមានឥទ្ធិពលទាំងនេះត្រូវបានផ្តល់សិទ្ធិចូលទៅកាន់កាប់ផែនការថវិកា មុនពេលវាត្រូវបានប្រកាសជាផ្លូវការ ហើយអាចសម្ភាសន៍មន្ត្រីរដ្ឋាភិបាលដូចជា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីរតនាគារជាតិ ដើម្បីឆ្លើយសំណួរអំពីផែនការនេះ។
មុន និងក្រោយពេលផែនការថវិកាត្រូវបានប្រកាស អ្នកមានឥទ្ធិពលទាំងនោះ បានបង្ហោះព័ត៌មានអំពីសកម្មភាពពាក់ព័ន្ធរបស់ពួកគេនៅលើវេទិកាសង្គម ដើម្បីណែនាំដល់អ្នកតាមដានរបស់ពួកគេ អ្នកខ្លះថែមទាំងបានស្នើឱ្យអ្នកតាមដានរបស់ពួកគេផ្ញើសំណួរ និងកង្វល់នានាដើម្បីបញ្ជូនទៅអ្នកសម្ភាសន៍ក្នុងការធ្វើដំណើរនេះ។
មិនត្រឹមតែប្រើប្រាស់អ្នកមានឥទ្ធិពលដើម្បីផ្សព្វផ្សាយផែនការថវិកាថ្មីប៉ុណ្ណោះទេ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីក៏បានរាយការណ៍ថា នៅក្នុងយុទ្ធនាការបោះឆ្នោតនាពេលខាងមុខ អ្នកមានឥទ្ធិពលមួយចំនួនអាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍យុទ្ធនាការរបស់លោកនាយករដ្ឋមន្ត្រី អាន់តូនី អាល់បានីស ដើម្បីទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង និងផ្ញើសារទៅកាន់ពួកគេ។
សភាអូស្ត្រាលីបច្ចុប្បន្ននឹងផុតអណត្តិក្នុងពេលឆាប់ៗ។ ដូច្នេះប្រទេសនេះត្រូវរៀបចំការបោះឆ្នោតសភានៅខែឧសភាខាងមុខ។ ទោះបីជាកាលបរិច្ឆេទបោះឆ្នោតមិនទាន់ត្រូវបានប្រកាស និងយុទ្ធនាការមិនទាន់ចាប់ផ្តើមជាផ្លូវការក៏ដោយ គេអាចសង្កេតឃើញថា គណបក្សការងារដែលកាន់អំណាចសព្វថ្ងៃ កំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោត។
ដោយសារប្រជាជនអូស្ត្រាលីកាន់តែច្រើន ជាពិសេសយុវជនទទួលបានព័ត៌មាននៅលើវេទិកាសង្គម គណបក្សការងារដែលកាន់អំណាច កំពុងផ្តោតកាន់តែខ្លាំងលើការប្រើប្រាស់អ្នកមានឥទ្ធិពលដើម្បីទៅដល់អ្នកបោះឆ្នោតវ័យក្មេង ដោយរំពឹងថានឹងបញ្ចុះបញ្ចូលអ្នកបោះឆ្នោតកាន់តែច្រើនឱ្យគាំទ្រដើម្បីបន្តឈ្នះការបោះឆ្នោតនាពេលខាងមុខ៕