- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:២៩ នាទី ល្ងាច

អាហ្សង់ទីន ក្រុមការពារតំណែងជើងឯកបាល់ទាត់ពិភពលោក ជាក្រុមដំបូងគេមកពីទ្វីបអាម៉េរិកខាងត្បូង ឈ្នះកៅអីស្វ័យប្រវត្តិទៅកាន់ការប្រកួតព្រឹត្តិការណ៍ World Cup 2026 បន្ទាប់ការប្រកួតរវាងបូលីវី ទល់នឹងអ៊ុយរូហ្គាយបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០។ អាហ្សង់ទីនក៏បន្តរកបានពិន្ទុឈរដាច់កំពូលតារាង ក្រោយផ្តួលប្រេស៊ីល លទ្ធផល ៤-១ នៅវគ្គជម្រុះ។
លទ្ធផលស្មើរវាងបូលីវី និងអ៊ុយរូហ្គាយ ស្ថិតក្នុងទីក្រុង Bolivian បានជួយរុញច្រានទៅកាន់ក្រុមម្ចាស់ពាន World Cup 2022 ឈ្នះកៅអីទៅកាន់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ និងជាក្រុមដំបូងគេពីទ្វីបអាម៉េរិកខាងត្បូង CONMEBOL។ ទ្វីបអាម៉េរិកខាងត្បូង ពេលនេះនៅសល់ ៥កៅអីកន្លះបន្ថែមទៀត ដើម្បីធ្វើដំណើរទៅកាន់ការប្រជែងពានពិភពលោកនៅប្រទេសអាម៉េរិក កាណដា និងម៉ិកស៊ិក។
បន្ទាប់ពីក្លាយជាក្រុមដំបូងគេចេញពី CONMEBOL ទៅកាន់ការប្រកួត World Cup 2026 ប្រធានសហព័ន្ធបាល់ទាត់អាម៉េរិកខាងត្បូង លោក Alejandro Dominguez ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X អតីត Twitter អបអរទៅកាន់ក្រុមម្ចាស់ការពារជើងឯកអាហ្សង់ទីន។
យ៉ាងណាមិញអាហ្សង់ទីន នៅតែរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាក្រុមខ្លាំងប្រចាំតំបន់មួយ បើទោះបីជាខ្លួនឈ្នះកៅអីស្វ័យប្រវត្តិក៏ដោយ ប៉ុន្តែការប្រកួតទល់នឹងជម្រើសជាតិប្រេស៊ីល ក្នុងទីក្រុង Buenos Aires ពួកគេក៏មិនបណ្តោយឱ្យក្រុមភ្ញៀវដណ្តើមបានជ័យជម្នះដោយងាយ។
អាហ្សង់ទីនបន្តយកឈ្នះការប្រកួតជម្រុះរបស់ខ្លួនជាមួយលទ្ធផល ៤-១ ទល់នឹងប្រេស៊ីល ជាការអបអរដល់ការឈ្នះកៅអីស្វ័យប្រវត្តិទៅ World Cup 2026 ដែលជាការប្រកួតមានក្រុមចូលប្រកួតប្រជែងកើនដល់ ៤៨ក្រុម។
នៅការប្រកួតជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង អាហ្សង់ទីនឆ្លងកាត់ ១៤ប្រកួត រកបានចំនួន ៣១ពិន្ទុដាច់កំពូលតារាង តាមពីក្រោយដោយអេក្វាទ័រ ដែលរកបាន ២៣ពិន្ទុ នៅចំណាត់ថ្នាក់លេខ ២ អ៊ុយរូហ្គាយនៅលេខ ៣ មានចំនួន ២១ពិន្ទុ ស្មើនឹងក្រុមប្រេស៊ីល នៅលេខ ៤ និងប៉ារ៉ាហ្គាយនៅលេខ ៥ ពិន្ទុស្មើគ្នា។ កូឡុំប៊ី ចំណាត់ថ្នាក់លេខ ៦ មាន ២០ពិន្ទុ ឈរពីលើវេណេស៊ុយអេឡា នៅលេខ ៧ មានចំនួន ១៥ពិន្ទុ។
ក្រុមចំណាត់ថ្នាក់លេខ ៧ ពីតំបន់ CONMEBOL នឹងត្រូវឡើងទៅប្រជែងកន្លះកៅអីនៅការប្រកួតជម្រុះអន្តរទ្វីប ទល់នឹងក្រុមឈ្នះកន្លះកៅអីមកពីទ្វីបអាស៊ី, អាហ្រ្វិក, អូសេអានី និងអាម៉េរិកខាងជើង។
អ៊ីរ៉ង់ ក៏ឡើងទៅ FIFA World Cup ឆ្នាំ ២០២៦ ក្រោយស្មើអ៊ូសបេគីស្ថាន ២-២ ក្នុងជំនួបលើកទី៨ ពូល A នៃវគ្គជម្រុះជុំទី៣ តំបន់អាស៊ី។ អ៊ីរ៉ង់កើន២០ពិន្ទុ នាំមុខដាច់កំពូលតារាង លើសអេមីរ៉ាតអារ៉ាប់រួម ដែលឈរលេខ៣ ចំនួន៧ពិន្ទុ ខណៈនៅសល់តែ២ប្រកួត។ ក្រុមលេខ១ និងលេខ២ កក់កៅអីស្វ័យប្រវត្តិ ឯលេខ៣ និងលេខ៤ បន្តទៅជម្រុះជុំទី៤។
គិតត្រឹមពេលនេះ ក្រៅពីម្ចាស់ផ្ទះ អាម៉េរិក កាណាដា និងម៉ិកស៊ិក មានជប៉ុន នូវែលសេឡង់ អ៊ីរ៉ង់ និងអាហ្សង់ទីន រង់ចាំនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ រួចស្រេច៕