- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ក្រសួងបរិស្ថាន ប្រាប់ឱ្យ Casino Knhom នៅដែលស្ថិតនៅក្នុងខេត្តកំពត សង់ផលប៉ះពាល់ផ្នែកបរិស្ថាន និងសុខភាពសាធារណៈ ចំពោះការបង្ហូរទឹកកខ្វក់ចូលព្រែកចាក បង្កក្លិនស្អុយ ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ៩គ្រួសារ ស្ថិតនៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។ ជាមួយគ្នានេះ ក្រសួងព្រមានបិទ កាស៊ីណូ នេះបើនៅតែបន្តបង្ហូរទឹកកខ្វក់ចូលព្រែកចាក ឬបឹង ព្រែក ធម្មជាតិនានា។
តាមការវាយតម្លៃពីមន្រ្តីជំនាញក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែមីនា កាស៊ីណូ ដែលមានឈ្មោះ «Casino Knhom» បានបង្ហូរទឹកកខ្វក់ចូលព្រែកចាក ដែលធ្វើឱ្យស្ថានភាពទឹកឡើងពណ៌ខ្មៅ និងជិះក្លិនស្អុយ រាប់រយម៉ែត្រ។ ករណីនេះ បានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ៩គ្រួសារ ស្ថិតនៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា កាស៊ីណូនេះ មិនបានបំពាក់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់ទេ ហើយការរៀបចំទីតាំងទុកដាក់សំរាម និងសំណល់រឹង ក៏មិនត្រឹមត្រូវដែរ។ ចំណែក ការបញ្ចេញសំណល់រាវ សំណល់រឹង របស់ក្រុមហ៊ុន «Casino Knhom» ពុំមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាននៅឡើយទេ។ ស្របពេល ដំណើរការអាជីវកម្ម ក៏ពុំបានរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់ និងកិច្ចសន្យាការពារបរិស្ថានដែរ។
ករណីនេះ ក្រសួងបរិស្ថាន ឱ្យក្រុមហ៊ុនខាងលើបញ្ឈប់ការបង្ហូរសំណល់រាវចេញពីទីតាំងកាស៊ីណូ ចូលទៅព្រែកចាកជាបណ្តោះអាសន្ន រហូតបញ្ចប់ការសាងសង់អាងប្រព្រឹត្តិកម្ម និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។
ដោយឡែក ករណីបង្កការបំពុលទឹកព្រែកចាក និងការបញ្ចេញសំណល់រាវពុំបានធ្វើការសម្អាតត្រឹមត្រូវ និងលើសកម្រិតកំណត់ស្តង់ដារបញ្ចេញ ក្រសួងបរិស្ថានសម្រេចពិន័យអន្តរការណ៍លើក្រុមហ៊ុន ពាក់ព័ន្ធបទល្មើសមាត្រា១៥៦, ១៦០, ២៨៧, ២៨៩ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ, មាត្រា៤, ៦ នៃអនុក្រឹត្យស្តីពីការ ត្រួតពិនិត្យការបំពុលទឹក និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការកែសម្រួល មាត្រា៤, ៩, ១១, ១២, ១៣, ១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។
មិនត្រឹមប៉ុណ្ណោះទេ កាស៊ីណូ ត្រូវបង់សំណងការខូចខាតផ្នែកបរិស្ថាន និងសុខភាពសាធារណៈ តាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ និងអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ត្រូវសម្អាតប្រព័ន្ធព្រែកចាក ដែលទទួលរងការបំពុលឱ្យមានភាពល្អប្រសើរឡើងវិញផងដែរ។
នេះជាក្រុមហ៊ុនទី១១ហើយ ដែលក្រសួងបរិស្ថាន រកឃើញបញ្ចេញសំណល់រាវមានជាតិពុល ប៉ះពាល់ប្រភពទឹកសាធារណៈ នៅរយៈពេល ២ខែចុងក្រោយ។ រោងចក្រល្មើសច្បាប់ទាំងនេះ មានទីតាំងនៅខេត្តកណ្ដាល កំពង់ស្ពឺ កំពត ព្រះសីហនុ មណ្ឌលគិរី ប៉ៃលិន និងបាត់ដំបង ដោយក្នុងនោះ មានរោងចក្រ២កន្លែង ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕