លោក ជាម ច័ន្ទ​សោភ័ណ អង្វរ​​​ដល់​ពលរដ្ឋ​កំពង់ស្ពឺ​ចូលរួម​គោរព​ច្បាប់ចរាចរណ៍...
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
លោក ជាម ច័ន្ទ​សោភ័ណ អង្វរ​​​ដល់​ពលរដ្ឋ​កំពង់ស្ពឺ​ចូលរួម​គោរព​ច្បាប់ចរាចរណ៍...
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។ រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ។

លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​ មិនចង់ឮពលរដ្ឋ​កំពង់ស្ពឺ ស្លាប់​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍ច្រើន​ជាងខេត្ត​ដទៃនោះទេ។ ប៉ុន្តែអ្វីដែល​លោកចង់ឮនោះ គឺ​កេរ្តិ៍ឈ្មោះល្អ​ និង​ជីវភាពធូរធា​របស់​អ្នក​កំពង់ស្ពឺ​។ លោកអភិបាលខេត្ត​កំពង់ស្ពឺ បាន​សូម​អង្វរ​ពលរដ្ឋ​កំពង់ស្ពឺគោរព​ច្បាប់​ចរាចរណ៍ និង​ស្រឡាញ់​អាយុជីវិត។​

TTN-Free-Banner-In-Article-PC

នាពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅ​ស្រុកសាមគ្គីមុនីជ័យ កាល​ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាន​បង្ហាញ​ការ​ព្រួ​យ​បារម្ភ​ពី​បញ្ហា​ចរាចរណ៍​ ជាពិសេស​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ។ អភិបាលខេត្ត​រូបនេះ បាន​មើល​ឃើញ​ពីការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ ជាពិសេស​កម្មករ កម្មការិនីនៅម៉ោង​៦-៧ព្រឹក​ ដែល​មាន​សភាព​មមាញឹក។ 

ក្នុង​ពិធីខាង​លើ លោក​អភិបាលខេត្ត បាន​លើកឡើងថា៖ «បើនិយាយពីនៅម៉ោង​៦-៧ព្រឹក គឺ​ពេញ​ផ្លូវ​តែម្ដង។ យើង​គិតថា​ ៥ម៉ឺន​ម៉ូតូ​ចុះ​ ឬ​១០ម៉ឺននាក់​ជិះម៉ូតូ​ ទាំងដែលគាត់ទៅ និង​ចេញ​ពីរោងចក្រ​។ ដូច្នេះ​ស្នើ​សុំ​ចូលរួ​ម​គោរព​ច្បាប់ចរាចរណ៍​ទាំង​អស់គ្នា»។ 

លោក​ ជាម ច័ន្ទសោភ័ណ ចង់ឱ្យ​ពលរដ្ឋ​កំពង់ស្ពឺរក្សា​អាយុជីវិត​ និង​មិនចង់ឮថា​ពលរដ្ឋ​កំពង់ស្ពឺ​ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងខេត្តដទៃនោះទេ។ ជាក់ស្ដែង នៅតាម​បណ្ដាផ្លូវជាតិ​លេខ៤ តែង​កើត​មាន​គ្រោះថ្នាក់ចរាចរណ៍ ជាពិសេស​កើត​លើ​កម្មករ កម្មការិនី ដែល​ធ្វើដំណើរទៅបំពេញការងារ។

សូម​បញ្ជាក់ថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍នៅ​ទូទាំង​ប្រទេស​ បានកើតឡើង ៤៩១លើក ដោយបានសម្លាប់ជីវិតមនុស្សចំនួន ២៣៨នាក់ និងរងរបួសធ្ងន់ស្រាល ២៨៩នាក់៕ 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ