- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី យប់

ម្ចាស់ផ្ទះកូរ៉េខាងត្បូង បញ្ចប់លទ្ធផលស្មើ ០-០ ទល់អូម៉ង់ ក្នុងជំនួបពូល B វគ្គជម្រុះជុំទី៣ World Cup ឆ្នាំ ២០២៦ ទ្វីបអាស៊ី ជាលទ្ធផលខកចិត្តមួយសម្រាប់ខ្សែប្រយុទ្ធ Son Heung Min ប្រធានក្រុមកូរ៉េខាងត្បូង។ ខ្សែប្រយុទ្ធក្រុម Tottenham Hotspur ជឿជាក់ បណ្តាលមកពីកម្រិតគុណភាពស្មៅទីលានអន់ ធ្វើឱ្យក្រុមប្រកួតស្មើ។
ទោះស្មើការប្រកួតទល់អូម៉ង់ក្នុងទីក្រុង Goyang តែកូរ៉េខាងត្បូង នៅតែឈរកំពូលតារាងពូល B ដដែល ដោយគម្លាតត្រឹមតែ ៣ពិន្ទុ ពីក្រុមហ្ស៊កដានី នៅចំណាត់ថ្នាក់លេខ ២ មាន ១៣ពិន្ទុ។ កូរ៉េខាងត្បូងខកខានឱកាសឈ្នះសំបុត្រស្វ័យប្រវត្តិទៅការប្រកួត World Cup 2026 នៅទ្វីបអាម៉េរិកខាងជើង នៅការប្រកួត ២លើក ស្មើទល់ហ្ស៊កដានី កាលពីសប្តាហ៍មុន និងមកដល់ពេលនេះស្មើអូម៉ង់ថែមទៀត។
ការប្រកួតទី២ របស់កូរ៉េខាងត្បូង នៅវគ្គជម្រុះក្នុងខែមីនា បានផ្លាស់ប្តូរកីឡដ្ឋានទៅកាន់ទីក្រុង Goyang និងទីក្រុង Suwon ខុសពីកីឡដ្ឋានដើមស្ថិតក្នុងទីក្រុងសេអ៊ូល ឈ្មោះថា Seoul World Cup ព្រោះតែបញ្ហាគុណភាពស្មើដូចគ្នានេះ។ ទោះជាបែបនេះ ការប្តូរទីតាំងប្រកួត ក៏មិនបានធ្វើឱ្យកីឡាករវ័យ ៣២ឆ្នាំ ពេញចិត្ត និងមើលឃើញពីភាពខុសគ្នា ចំពោះគុណភាពទីលានប្រកួតឡើយ ដោយទីទាំងនេះ មានសភាពគុណភាពស្មៅលើទីលានប្រហែលមិនល្អដូចគ្នា។
Son បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhab ដូច្នេះថា៖«ខ្ញុំគិតថាមូលហេតុផ្សេងដែលនាំឱ្យយើងមានលទ្ធផលល្អជាងនេះ នៅការប្រកួតក្រៅទឹកដី។ នៅពេលយើងលេងក្នុងទឹកដី យើងគួរតែរីករាយចំពោះការលេងនៅចំពោះមុខអ្នកគាំទ្រ និងស្ថានភាពទីលានដ៏ល្អបំផុតមួយ ប៉ុន្តែរឿងទាំងនេះមិនបានប្រសើរឡើងទាំងអស់ឡើយ។ ខ្ញុំដឹងថាយើងអាចលេងល្អជាងនេះ ប៉ុន្តែស្ថានភាពក្នុងទឹកដីរបស់យើង ខ្ញុំគិតថាយើងគួរតែមានទីលានមួយដែលផ្តល់អត្ថប្រយោជន៍ដល់យើង ខ្ញុំក៏ដឹងថែមទៀតថានេះអាចនឹងជាលេសដោះសារ តែចំណុចតូចៗនេះក្នុងបាល់ទាត់អាចធ្វើឱ្យលទ្ធផលខុសប្លែកគ្នា។»។
កូរ៉េខាងត្បូង នឹងអាចប្រជែងកៅអីស្វ័យប្រវត្តិរបស់ពួកគេ សម្រាប់ការឈានជើងទៅជុំផ្តាច់ព្រ័ត្រ World Cup លើកទី១១ ជាប់គ្នារបស់ពួកគេ ប្រសិនបើការប្រកួតទល់នឹងអ៊ីរ៉ាក់ ថ្ងៃទី៥ មិថុនា ចប់ក្នុងលទ្ធផលស្មើ ឬឈ្នះ មុនពេលការប្រកួតទល់គុយវែត នៅថ្ងៃទី១០ មិថុនា ជាការប្រកួត ២លើកចុងក្រោយក្នុងពូល B។
ខ្សែប្រយុទ្ធ Spurs និងជាប្រធានក្រុមកូរ៉េខាងត្បូង បានផ្តាំផ្ញើលទ្ធផលស្មើទៅមិត្តរួមក្រុមទាំងអស់ ឱ្យដាក់ខ្លួនទទួលទទួលយកលទ្ធផលទល់ហ្ស៊កដានី និងអូម៉ង់ ហើយត្រូវចាត់ទុកជាមេរៀនសម្រាប់ការប្រកួតបន្ទាប់។ Son វ័យ ៣២ឆ្នាំ បានលើកទឹកចិត្តដល់មិត្តរួមក្រុមជាយុវជនវ័យក្មេង ឱ្យបន្តខិតខំព្យាយាមបន្តថែមទៀត៕