ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យពលរដ្ឋឆ្លងកាត់អំ​ឡុង​ចូលឆ្នាំខ្មែរ
  • ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យពលរដ្ឋឆ្លងកាត់អំ​ឡុង​ចូលឆ្នាំខ្មែរ
ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងខ្សែផ្លូវជាតិលេខ១០ ដែលស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រូបភាព៖ ទំព័រហ្វេសប៊ុកលោក ស៊ុន ចាន់ថុល

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១-១៧ ខែ​មេ​សានេះ ពោលគឺក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ។ លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួម​ក្នុង​ពិធីចាក់​បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនេះ នៅថ្ងៃទី៨ ខែមេសានេះ។

TTN-Free-Banner-In-Article-PC

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងខ្សែផ្លូវជាតិលេខ១០នេះ គឺជាស្ពានលេខ២៨ ស្ថិ​តក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែល​សាង​សង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារ​សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ នេះបើតាមលោកឧប​នាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសរសេរនៅលើទំព័រហ្វេសប៊ុក ដោយលោកបានបន្ថែមថា ស្ពាននេះ មានកម្ពស់៩០ម៉ែត្រ  គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន និងមានទទឹង១០ម៉ែត្រ និងប្រវែងសរុប៥៣៧ម៉ែត្រ។​

ដោយសារស្ពាននេះស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិ​ស្រស់ស្អាត ​ក្រសួងសាធារណការ និងដឹកជញ្ជូន ​ក៏បានរៀបចំឱ្យមាននូវទីតាំង​សម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ នៅទាំងសងខាងក្បាលស្ពាន ក៏មានទីធ្លាសម្រាប់ចតយានយន្តផងដែរ ដោយ ម្ខាងៗអាចចតរថយន្តប្រភេទទេសចរណ៍ និងគ្រួសារ បានប្រមាណពី ៦០-៧០ គ្រឿង។ នេះបើតាមទំព័រហ្វេសប៊ុក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

រូបភាព៖ ទំព័រហ្វេសប៊ុកលោក ស៊ុន ចាន់ថុល

ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ផ្លូវជាតិលេខ១០ គឺជាប្រទេសផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប ១៩៧ ៣៦៣ គីឡូម៉ែត្រ ចាប់​ពីផ្លូវជាតិលេខ៥៧-៧ ត្រង់បង្គោលគីឡូម៉ែត្រលេខ ៣៥+៩០០ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណុច​បញ្ចប់ត្រង់ប្រសព្វផ្លូវជាតិលេខ៤៨ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១+៧០០ ក្នុងសង្កាត់​ស្មាច់​មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 

​សម្រាប់ លោក ស៊ុន ចាន់ថុលខ្សែផ្លូវជាតិលេខ១០នេះ នឹងមិនត្រឹមតែ បម្រើដល់ការ​ធ្វើដំណើរ​ និងការដឹកជញ្ជូនផ្សេងៗរបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែផ្លូវមួយខ្សែនេះ​នឹង​ផ្តល់ផល​ចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនសន្ធឹក តាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូន និងសេវាភស្តុភារកម្ម ពិសេសក្នុងការដឹកជញ្ជូន​កសិផល និងផលិតផលផ្សេងទៀតពីបណ្តាខេត្តជុំវិញទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិនានា ព្រមទាំងទៅកាន់កំពង់ផែទំនិញ កំពង់ផែទឹកជ្រៅ និងមជ្ឈមណ្ឌលភស្តុភារកម្ម ដោយមិនចាំបាច់ឆ្លងកាត់រាជធានីដែលនាំឱ្យមានការកកស្ទះចរាចរណ៍៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ