កម្ពុជា-ចិន ពង្រឹងការផ្លាស់ប្តូរទស្សនាទាន និងបទពិសោធន៍ផ្នែក​អភិបាលកិច្ចទឹក
  • ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
កម្ពុជា-ចិន ពង្រឹងការផ្លាស់ប្តូរទស្សនាទាន និងបទពិសោធន៍ផ្នែក​អភិបាលកិច្ចទឹក

អនុស្សរណៈនៃការយោគយល់គ្នា​រវាង​ក្រសួងធនធានទឹក​ និងឧតុនិយម​កម្ពុជា និង​ក្រសួង​ធនធានទឹក​ចិន ត្រូវបានចុះហត្ថលេខា កាលពី​ថ្ងៃទី១៧ ខែមេសា នៅវិមានសន្តិភាពក្រោម​អធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក​ប្រធានាធិបតីចិន ស៊ី ជិនភីង។

TTN-Free-Banner-In-Article-PC

អនុស្សរណៈនៃការយោគយល់ដែលចុះហត្ថលេខាដោយ​រដ្ឋមន្ត្រីធនធានទឹក​កម្ពុជា លោក ថោ ជេដ្ឋា​និង​លោក វ៉ាង វិនពីង ឯកអគ្គ​រដ្ឋទូតចិន​ប្រចាំកម្ពុជា​ តំណាង​រដ្ឋមន្ត្រីធនធានទឹកចិន លោក លី គ័រអ៊ីង សំដៅពង្រឹងនិងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់ និងយូរអង្វែងរវាងប្រទេសទាំងពីរលើវិស័យធនធានទឹក។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរ ឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរទស្សនាទាន និងបទពិសោធន៍ផ្នែកអភិបាលកិច្ចទឹក ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រើប្រាស់ធនធានទឹក ដោយផ្អែកលើសមភាព និងអត្ថប្រយោជន៍ទៅវិញទៅមក និងរួមគ្នាជំរុញការប្រើប្រាស់ធនធានទឹកយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះ​ដែរ  កម្ពុជា-ចិន ប្តេជ្ញាកសាងសហគមន៍ដែលមានអនាគតរួមគ្នានៅក្នុងយុគសម័យថ្មី និងសច្ចភាព ដោយ​ដោះស្រាយ​បញ្ហាប្រឈម​រួមគ្នាទាក់ទងនឹងការគ្រប់គ្រង ការការពារធនធានទឹក  និងការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្ដរភាពនិងបរិយាបន្ន នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ