កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មរួមគ្នាបានជាង៤០០០លានដុល្លារ  ក្នុងត្រីមាសទី១
  • ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៣៩ នាទី ព្រឹក
កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មរួមគ្នាបានជាង៤០០០លានដុល្លារ  ក្នុងត្រីមាសទី១
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ចាប់ដៃជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី១៧-១៨ មេសា​។ រូបភាព ៖ STPM

ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចរួមគ្នាបានក្នុងទំហំទឹកប្រាក់ប្រមាណ ៤ ០៦៨ លានដុល្លារអាម៉េរិក នាត្រីមាសទី១។​ ទំហំនេះ មានកំណើនក្នុងវង្វង់២៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៤​។ នេះយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយ នាថ្ងៃទី១០ ខែមេសា។​
TTN-Free-Banner-In-Article-PC

ស្ថិតិដដែលបានបង្ហាញថា ក្នុងចំណោមទំហំពាណិជ្ជកម្មនេះ កម្ពុជាសម្រេចការនាំចេញទៅកាន់ទីផ្សារប្រទេសចិន​បានត្រឹម៣៤៨លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះជិត៥ភាគរយ។ រីឯការនាំចូលពីប្រទេសវិញ មានទំហំរហូតដល់ ៣ ៧២០លានដុល្លារ កើន៣០,៨ភាគរយ។ ពោល ជញ្ជីងពាណិជ្ជកម្មទ្វេភាគី​រវាងប្រទេសទាំង២ គឺកម្ពុជាមានអតុល្យភាពជាមួយចិន រហូតទៅដល់ ៣ ៣៧២លានដុល្លារអាម៉េរិក នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ 

ក្នុងពេលជាមួយគ្នានេះ ក្រៅពីចិនហើយនោះ  កម្ពុជា ក៏មានអតុល្យភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនទៀតផងដែរ។ ក្នុងនោះ កម្ពុជាមានអតុល្យភាពជញ្ជីងពាណិជ្ជកម្មជាមួយថៃប្រមាណ៦៣៨លានដុល្លារ, ឥណ្ឌូណេស៊ី២៣៥លានដុល្លារ, ម៉ាឡេស៊ី១៧៥លានដុល្លារ, តៃវ៉ាន់១៦៨លានដុល្លារ, សិង្ហបុរី១៦០លានដុល្លារ, ហុងកុង៣៨លានដុល្លារ និងជាប្រទេសឥណ្ឌមានប្រមាណ៣៤លានដុល្លារ។​

គួរជម្រាបថា ក្នុងត្រីមាសទី១ ទំនាក់ទំនងពាណិជ្ជកម្ម​រវាងកម្ពុជា ជាមួយបណ្តាប្រទេសដៃគូក្នុងពិភពលោក គឺសម្រេចបានក្នុងទំហំទឹកប្រាក់១៤ ៤៤៩លានដុល្លារ កើន១៥,៦ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជាសម្រេចបាន ៦ ៨៧៥លានដុល្លារ កើន៩,៨ភាគរយ ខណៈការនាំចូលវិញមាន ៧ ៥៧៣លានដុល្លារ កើន​២១,៥ភាគរយ។ នេះបើស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ដដែល៕ 



 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ