រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សោកស្តាយ ចំពោះមរណភាព ទេស សម្បត្តិ
  • ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៣០ នាទី ល្ងាច
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សោកស្តាយ ចំពោះមរណភាព ទេស សម្បត្តិ

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតរំលែកទុក្ខគ្រួសារសព ខ្សែការពារជម្រើសជាតិកម្ពុជា និងក្លិបវិសាខា ដែលបានទទួលមរណភាពនៅថ្ងៃទី២០ ខែមេសា ដោយជិះម៉ូតូធ្លាក់ទឹកស្ទឹង។ លោក ស សុខា ដែលជាស្វាមីអ្នកស្រី កែ សុភី ប្រធានក្លិបបាល់ទាត់វិសាខា បង្ហាញការសោកស្តាយបំផុត ចំពោះដំណឹងមរណភាពរបស់ខ្សែការពារវ័យ២៥ឆ្នាំរូបនេះ។

TTN-Free-Banner-In-Article-PC

ទេស សម្បត្តិ ខ្សែការពារគោព្រៃកម្ពុជា និងក្លិបវិសាខា បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ក្រោយជិះម៉ូតូធ្លាក់ទឹកស្ទឹង នៅចំណុចស្ទឹងក្នុងភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សាកសពកីឡាករវ័យ២៥ឆ្នាំរូបនេះ ត្រូវបានរកឃើញ នៅព្រឹកថ្ងៃទី២១ ខែមេសា នៅទីតាំងកើតហេតុ។

ជាការរំលែកទុក្ខដល់គ្រួសារសព រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា បានចេញលិខិតរំលែកទុក្ខ ទេស សម្បត្តិ។ ក្នុងលិខិតនោះ លោក ស សុខា បានបង្ហាញការសោកស្តាយ ចំពោះការបាត់បង់កីឡាករដ៏ល្អ និងរំលែកទុក្ខនេះជាមួយសាច់ញាតិរបស់ សម្បត្តិ។

ទេស សម្បត្តិ ជាកីឡាករ ដែលចេញពីថ្នាលសាលាបាល់ទាត់ជាតិបាទី ឆ្នាំ២០១៤ ក្រោយហ្វឹកហាត់រយៈពេល ៥ឆ្នាំ មុនក្លាយជាកីឡាករ អាជីពនៅបឹងកេត ក្នុងឆ្នាំ២០១៩។ ប្រកបអាជីពជាមួយបឹងកេត បានជិត៣ឆ្នាំ សម្បត្តិ បានផ្លាស់ទៅចូលរួមជាមួយវិសាខា នៅឆ្នាំ២០២២ រហូតមកទល់បច្ចុប្បន្ន។

សម្បត្តិ បង្ហាញខ្លួនឱ្យគោព្រៃកម្ពុជា ១៦លើក។ ព្រឹត្តិការណ៍អន្ដរជាតិ ដែលកីឡាកររូបនេះ ធ្លាប់ចូលរួមជាមួយក្រុមជម្រើសជាតិ មានដូចជាកីឡាស៊ីហ្គេម, Southeast Asian Championship 2018, World Cup Qualification, Asian Cup Qualification និងការប្រកួតមិត្តភាពអន្ដរជាតិ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ