អាម៉េរិក ដាក់ពន្ធគយលើផ្ទាំងសូឡានាំចូលពីកម្ពុជាដល់ ៣ ៥២១ភាគរយ
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៣៣ នាទី ព្រឹក
អាម៉េរិក ដាក់ពន្ធគយលើផ្ទាំងសូឡានាំចូលពីកម្ពុជាដល់ ៣ ៥២១ភាគរយ
រូបភាព AFP

អាម៉េរិក កំណត់ពន្ធគយលើការនាំចូលផ្ទាំងសូឡាពីកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដល់ ៣ ៥២១ ភាគរយ។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ដែលនឹងរងពន្ធគយលើផ្ទាំងសូឡា ខ្ពស់ជាងគេ។

TTN-Free-Banner-In-Article-PC


ចាប់តាំងពីរដ្ឋបាលលោកប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន មកម្ល៉េះ អាម៉េរិក បានបើកការស៊ើបអង្កេតលើផ្ទាំងសូឡា ដែលផលិតនៅកម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ី ដោយរកឃើញថា ក្រុមហ៊ុនផលិតផ្ទាំងសូឡារបស់ចិននៅប្រទេសទាំង៤ បានទទួលការឧបត្ថម្ភធនពីរដ្ឋាភិបាលចិន។ ត្រង់ចំណុចនេះ វាបានធ្វើឱ្យផ្ទាំងសូឡាផលិតនៅប្រទេសទាំង៤ អាចនាំចូលទៅអាម៉េរិក លក់ក្នុងតម្លៃទាបជាងតម្លៃផលិតទៅទៀត។ 

ពាក់ព័ន្ធនឹងបញ្ហានេះ អាម៉េរិក បានសម្រេចកំណត់ពន្ធគយក្នុងអត្រាដ៏ខ្ពស់លើកម្ពុជា វៀតណាម ម៉ាឡេស៊ី និងថៃ។ 

កម្ពុជា នឹងរងពន្ធគយខ្ពស់ជាងគេបំផុត ដែលមានចំនួនរហូតដល់ ៣ ៥២១ភាគរយ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤។ ចំណែកផ្ទាំងសូឡានៅវៀតណាមរងពន្ធគយដល់ ៣៩៥,៩ភាគរយ, ថៃរងពន្ធគយក្នុងអត្រា ៣៧៥,២ភាគរយ ខណៈម៉ាឡេស៊ី​ ៣៤,៤ភាគរយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មអាម៉េរិក កម្ពុជារងពន្ធគយផ្ទាំងសូឡាខ្ពស់ជាងគេ ដោយសារតែការបញ្ឈប់ការចូលរួមក្នុងការស៊ើបអង្កេត។

ក្រុមហ៊ុនផលិតផ្ទះសូឡានៅកម្ពុជា ដែលរងពន្ធគយខ្ពស់មានដូចជា ក្រុមហ៊ុន Jintek Photovoltaic Technology, ក្រុមហ៊ុន Hounen Solar, ក្រុមហ៊ុន ISC Cambodia និងក្រុមហ៊ុន Solar Long PV-Tech ជាដើម។ 

ក្នុងការដាក់ពន្ធគយចុងក្រោយនេះ ក្រុមហ៊ុន Jinko Solar នៅវៀតណាម រងពន្ធគយ ២៤៥ភាគរយ និងនៅម៉ាឡេស៊ី រង៤០ភាគរយ។ ដោយឡែកក្រុមហ៊ុន Trina Solar នៅថៃ រងពន្ធគយ ៣៧៥ភាគរយ និងច្រើនជាង ២០០ភាគរយនៅវៀតណាម។ 

ដើម្បីអាចដាក់ពន្ធគយលើផ្ទះសូឡានេះបាន គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាម៉េរិក នឹងបោះឆ្នោតនៅក្នុងខែមិថុនា ខាងមុខ ដើម្បីកំណត់ថាឧស្សាហកម្មផ្ទាំងសូឡានៅអាម៉េរិក ពិតជារងផលប៉ះពាល់ ដោយសារការនាំចូលផ្ទាំងសូឡា ដែលបានទទួលឧបត្ថម្ភធន និងការចាក់ចោលឬយ៉ាងណា។

តាមការស្រាវជ្រាវរបស់ BloombergNEF អាម៉េរិក បាននាំចូលផ្ទាំងសូឡាប្រមាណ ១២,៩ពាន់លានដុល្លារ ពីប្រទេសទាំង ៤ នៅក្នុងឆ្នាំ ២០២៤៕


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ