- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:៥៩ នាទី ព្រឹក

ភ្នំពេញ៖ ពាក់ព័ន្ធការងារបង្រ្កាបបទល្មើសនេសាទ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បើកដៃឱ្យកងកម្លាំងប្រដាប់អាវុធប្រើសិទ្ធិការពារខ្លួន បើសិនជនល្មើសមានចេតនាបើកទូកបុក ឬបាញ់កាំភ្លើងតដៃ។
ក្នុងពិធីសម្ពោធរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែមេសា សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើង ការប្រើប្រាស់ឧបករណ៍ឆកត្រីទ្រង់ទ្រាយធំ នៅតែបន្តកើតមាន ហើយជនល្មើសខ្លះហ៊ានរហូតប្រើកាំភ្លើងបាញ់ និងបើកទូកបុកកងកម្លាំងប្រដាប់អាវុធថែមទៀតផង។
បើតាមប្រមុខរដ្ឋាភិបាល ជនល្មើសដែលមានកាំភ្លើងទាំងនោះ មិនជាពលរដ្ឋធម្មតានោះទេ។ ក្នុងរឿងនេះ សម្ដេច ហ៊ុន ម៉ាណែត ព្រមានជនល្មើសឱ្យបញ្ឈប់បន្ទាន់ ហើយបើសិននៅតែប្រើអាវុធបាញ់ ឬបើកទូកបុកអាជ្ញាធរមានសមត្ថកិច្ចទៀត សម្ដេច បើកដៃឱ្យកងកម្លាំងប្រដាប់អាវុធប្រើសិទ្ធិការពារខ្លួន។
សម្ដេច ហ៊ុន ម៉ាណែត និយាយខ្លាំងបែបនេះថា៖«យើងអនុវត្តច្បាប់ យើងមិនប្រើហិង្សាជាមួយប្រជាពលរដ្ឋទេ ប៉ុន្តែបើសិនជាមានការបាញ់ប្រហារមកលើកងទ័ព ឬមានចេនាចង់ធ្វើឱ្យមានគ្រោះថ្នាក់ណាមួយ កងទ័ពមានសិទ្ធការពារខ្លួន ខ្ញុំនិយាយឱ្យច្បាស់! ព្រោះប្រជាជនធម្មតាគ្មានកាំភ្លើងទេ។ កុំចង់យកទូកមកបុកកងកម្លាំង ព្រោះកន្លងទៅមាន។ ដូច្នេះ បើគេបំពានបែបនេះ យើងត្រូវប្រើសិទ្ធការពារខ្លួន ខ្ញុំជាអ្នកទទួលខុសត្រូវ»។
យ៉ាងណាក៏ដោយ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យពិនិត្យច្បាស់លាស់រវាងអ្នកល្មើសច្បាប់ និងអ្នកនេសាទស្លូតត្រង់។ ក្នុងន័យនេះ សម្ដេច ចង់ទុកឱកាសឱ្យប្រជានេសាទតូចតាច មានលទ្ធភាពរកត្រីចិញ្ចឹមជីវិត ឯអ្នកល្មើស ត្រូវប្រឈមច្បាប់។
សម្ដេច ថ្លែងដូច្នេះថា៖«ត្រូវកំណត់ឱ្យច្បាស់ថា យើងបង្រ្កាបត្រូវ ឬខុស ប្រយ័ត្នចំប្រជាពលរដ្ឋ។ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពកាន់តែល្អ បង្រ្កាបឱ្យចំគោលដៅ។ មានន័យថា អ្នកដែលល្មើស យើងត្រូវបង្រ្កាប ឯពលរដ្ឋយើងទុកឱកាសឱ្យគាត់ប្រកបរបរចិញ្ចឹមជីវិតស្របតាមច្បាប់»។
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ នៅក្នុងសេចក្ដីសម្រេច នោះ គណៈកម្មការអន្តរក្រសួងនេះរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, កងយោធពលខេមរភូមិន្ទ, អគ្គស្នងការនគរបាលជាតិ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ក្រសួងបរិស្ថាន, ក្រសួងយុត្តិធម៌, អាជ្ញាធរទន្លេសាប, ក្រសួងមហាផ្ទៃ, រដ្ឋបាលជលផល។ ក្រៅពីក្រសួងស្ថាប័នថ្នាក់ជាតិ ក៏មានសមាសភាពចូលរួមពីថ្នាក់ក្រោមជាតិ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
គណៈកម្មការនេះ មានសិទ្ធិក្នុងការប្រើប្រាស់ឧទ្ធម្ភាគចក្រ របស់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួនចំបាច់។ គណៈកម្មការនេះ ក៏មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងកសិកម្មដែរ ខណៈចំណាយលើបេសកកម្ម គណៈកម្មការអន្តរក្រសួងទាំងអស់ ត្រូវប្រើថវិការបស់ក្រសួង ស្ថាប័នរៀងៗខ្លួន។
គណៈកម្មការនេះ មានភារកិច្ចរៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ និងត្រូវអង្កេត និងស្រាវជ្រាវរកជនល្មើស ព្រមទាំងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ។ លើសពីនេះ ត្រូវស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ គណៈកម្មការ ក៏ទទួលបន្ទុករៀបចំផែនការ ចាត់វិធានការ ត្រួតពិនិត្យការអនុវត្តរបស់គណៈបញ្ជាការឯកភាពខេត្តជុំវិញបឹងទន្លេសាប លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព។ លើសពីនេះ ត្រូវធ្វើរបាយការណ៍លទ្ធផល និងទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលប្រមុខរដ្ឋាភិបាលប្រគល់ជូន៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
