- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:០៤ នាទី រសៀល

ក្រោយរដ្ឋាភិបាល មានគម្រោងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំ និងគណៈរដ្ឋមន្រ្តី បានចាប់ផ្ដើមរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៥-២០២៨។ បើតាមរដ្ឋបាលខេត្តកំពង់ធំ សេចក្តីព្រាងនេះ មានទិសដៅជំរុញកំណើនទេសចរ និងលើកកម្ពស់សេដ្ឋកិច្ចនៅខេត្តកំពង់ធំ។
កាលពីថ្ងៃទី២២ ខែមេសា លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និង លោក ណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ បានរួមគ្នាដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៥-២០២៨។
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។
ក្នុងសិក្ខាសាលានេះ លោក ណេប សាមុត បានលើកឡើងពីការប្រែក្លាយប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន រួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចផ្ទៃក្នុង។ បើតាមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ ដើម្បីឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែងទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក គឺត្រូវប្រើប្រាស់សក្តានុពល និងធនធានវប្បធម៌ និងធម្មជាតិ ដែលចូលរួមលើកកម្ពស់ជីវភាពប្រជាជន។
សម្រាប់លោក ណេប សាមុត ការជំរុញ និងប្រែក្លាយជាគោលដៅទេសចរណ៍នេះ អាចបង្កើត និងបង្កើនឱកាសការងារ និងការបង្កើនប្រភពចំណូលជូនប្រជាពលរដ្ឋ ដែលទាមទារឱ្យមានផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផល និងសេវាកម្មដែលមាននៅក្នុងតំបន់។ លោក ណេប សាមុត បន្តថា ការបញ្ជ្រាបការយល់ដឹងពីសក្តានុពលទេសចរណ៍ក្នុងតំបន់នេះឱ្យបានទូលំទូលាយ ក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាឱ្យបានកាន់តែច្រើនជាងមុន និងមកច្រើនដងផងដែរ។
លោក ណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ
ខេត្តកំពង់ធំ មានសក្តានុពលទាក់ទាញខ្ពស់ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប ជាពិសេសតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក ដែលជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា។ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បញ្ជាក់ដូច្នេះ មុននឹងបន្ថែមថា តំបននេះ មានប្រាសាទចំនួន ៣២៧ បែងចែកជា ៣ផ្នែក មានប្រាសាទសំបូរ, ប្រាសាទតោ, និងប្រាសាទយាយព័ន្ធ។
«ការអភិវឌ្ឍប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្តនៅគោលដៅអន្តរខេត្តនេះ មុននឹងទៅដល់ខេត្តជុំវិញ ផ្សារភ្ជាប់ជាមួយការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ»។ លោក នួន ផារ័ត្ន លើកឡើងបែបនេះ។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២៥នេះ រដ្ឋាភិបាល បានប្រកាសគម្រោងរៀបចំផែនការ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ សម្រាប់អនុវត្តក្នុងរយៈពេល ៣ ឬ៤ឆ្នាំ។ ការរៀបចំ ផែនការនេះ មានគោលដៅ ប្រែក្លាយខេត្តដែលមានសក្តានុពលខ្ពស់ខាងផ្នែក វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ឱ្យក្លាយទៅជាខេត្តគោលដៅកម្សាន្តអន្តរខេត្តទី១ មុននឹងភ្ញៀវ ទេសចរទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏ដល់ភ្នំពេញ ឬជាខ្សែច្រវាក់គោលដៅ ទេសចរណ៍មួយ តាមទិសពីភ្នំពេញ ទៅសៀមរាប-អង្គរ ឬពីសៀមរាប-ភ្នំពេញ ឬក៏ភ្ជាប់ទៅ គោលដៅទេសចរណ៍ផ្សេងៗទៀត៕
អ្នកសរសេរអត្ថបទ
