រដ្ឋ លើកលែងពន្ធលើអចលនទ្រព្យដល់​គម្រោង​អគារជាប់គាំងនៅ​ព្រះសីហនុ​ ​ដល់​ដាច់​​ឆ្នាំ២០២៨
  • ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៥:០១ នាទី ល្ងាច
រដ្ឋ លើកលែងពន្ធលើអចលនទ្រព្យដល់​គម្រោង​អគារជាប់គាំងនៅ​ព្រះសីហនុ​ ​ដល់​ដាច់​​ឆ្នាំ២០២៨

រាជរដ្ឋាភិបាល ​បានសម្រេចបន្តការលើកលែងពន្ធលើអចលនទ្រព្យ​ដល់​គម្រោង​អគារជាប់​គាំង​នៅក្នុងខេត្តព្រះសីហនុ ដែល​បានសាងសង់ចាប់ពី​ឆ្នាំ​២០១៦ ទោះបីជាបាន ឬមិនទាន់​បានបញ្ចប់ការ​សាងសង់​នៅ​ក្នុងឆ្នាំ២០២៥ក្តី រហូតដល់ដំ​ណាច់​ឆ្នាំ២០២៨។ បើតាម​សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៣ ខែមេសា ការលើកលែងពន្ធលើអចលនទ្រព្យនេះ គឺជាការលើកទឹកចិត្តបន្ថែម របស់រាជរដ្ឋាភិបាល ដល់ម្ចាស់​គម្រោង​អគារជាប់​គាំង​នៅក្នុងខេត្តព្រះសីហនុទាំងអស់។

TTN-Free-Banner-In-Article-PC

​ក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា ការលើកលែងនេះ គឺ​គ្របដណ្តប់​ចំពោះ​គម្រោង​អគារជាប់​គាំង​នៅក្នុងខេត្តព្រះសីហនុ ​ដែល និងទាំងគម្រោងដែល​ស្ថិត ​ឬមិនស្ថិតក្នុងក្របខណ្ឌ​នៃ​«កម្មវិធីពិសេស ជំរុញ​ការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។

ចំពោះគម្រោង​អគារជាប់គាំង ដែល​មិនទាន់​ទទួលបានការសម្រួល​ និងលើកទឹកចិត្ត​ផ្សេងៗ​ទៀត រួមទាំងការលើកទឹកចិត្ត​ផ្នែកពន្ធដារ តាម​រយៈ«កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់​រាជ​រដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច ​បាន​ប្រាប់​ឱ្យម្ចាស់គម្រោងដាក់ពាក្យស្នើសុំ ទៅក្រុមការងារ ជំរុញការវិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ​ដើម្បី​ទទួល​បានការសម្រួល និងការលើកទឹកចិត្តផ្សេងៗបន្ថែមពីលើការលើកលែងពន្ធលើ​អចលន​ទ្រព្យនេះ។

យ៉ាងណា ការអនុគ្រោះនេះ ពុំមានអានុភាពប្រតិសកម្ម ចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្ម​រដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។ នេះបើតាមការបញ្ជាក់​របស់​ក្រសួងសេដ្ឋកិច្ច។

សូមជម្រាបថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ត្រូវបានសម្តេច ហ៊ុន ម៉ាណែត ប្រកាសដាក់អនុវត្តនូវ កាលពីថ្ងៃទី៣១ ខែមករា ដើម្បីទាក់ទាញទាក់ទាញវិនិយោគិនអន្តរជាតិ។ កម្មវិធីគោលនយោបាយនេះ មានលក្ខណៈពិសេស ច្រើន ជាមួយកញ្ចប់លើកទឹកចិត្តនានា សម្រាប់វិនិយោគិន ទាំងផ្នែកពន្ធដារ និងមិនមែនពន្ធដារ ខណៈខេត្តនេះមានសក្តានុពលខ្ពស់ក្នុងការវិនិយោគ។ 

ជាមួយគ្នានេះ រដ្ឋាភិបាលបានសម្រេចបង្កើត «ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយលោក ហ៊ាន សាហ៊ីម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ 

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ