ព្រះករុណា សរសើរ​រដ្ឋសភាកម្ពុជាដែលបានបំពេញការងារស្នូល រួមចំណែកដល់ការ​រក្សា​​​សន្តិភាព និងកំណើន​សេដ្ឋកិច្ច
  • ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៦ នាទី ព្រឹក
ព្រះករុណា សរសើរ​រដ្ឋសភាកម្ពុជាដែលបានបំពេញការងារស្នូល រួមចំណែកដល់ការ​រក្សា​​​សន្តិភាព និងកំណើន​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជឫហទ័យផ្ញើព្រះរាជសារជូនអង្គរដ្ឋសភា នៅក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា។

TTN-Free-Banner-In-Article-PC

នៅក្នុងព្រះរាជសារ ព្រះករុណា មានព្រះរាជបន្ទូលសរសើរចំពោះសមាជិកសភាទាំងអស់ ដែលក្នុងរយៈពេលកន្លងទៅ​ បានបំពេញការងារស្នូលរបស់ខ្លួន​យ៉ាង​សកម្ម និងប្រកប​ដោយ​ថាមពលខ្លាំងក្លា ហើយសម្រេចបាននូវសមិទ្ធផលជាច្រើន  រួមចំណែកយ៉ាងសំខាន់​ដល់​ការថែរក្សា​សុខ​សន្តិភាព សណ្តាប់ធ្នាប់សង្គមកំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍប្រ​កបដោយ​បរិយា​បន្ន​។

​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានបន្តមានបន្ទូលថា ក្នុងអំឡុងចន្លោះសម័យប្រជុំរដ្ឋសភាកន្លងមក​ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា ព្រមទាំងសមាជិកសភា បានចុះបំពេញការងារយ៉ាងសកម្ម នៅ​តាម​មណ្ឌលរាជ​ធានី-ខេត្តនៅទូទាំងប្រទេស ដើម្បីស្វែងយល់​ពីស្ថានភាពជាក់ស្តែង ​មាន​ជាអាទិ៍ អំពីវឌ្ឍនភាព តម្រូវការបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ប្រជារាស្ត្រ និងបានជួយ​អន្តរាគមន៍ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនប្រជារាស្ត្រ បានយ៉ាង​ច្រើន​គួរ​កោតសរសើរ។ 

ទន្ទឹមនឹងនេះ គណៈកម្មការនានារបស់រដ្ឋសភា ក៏បានប្រជុំ ពិនិត្យ និងសិក្សាសេចក្តីព្រាង​ច្បាប់​សំខាន់ៗនានា ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ​នឹងត្រូវអនុម័តក្នុងសម័យប្រជុំ​ពេញអង្គរដ្ឋសភាក្នុងពេលខាងមុខ ផ្តល់នូវក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាន សំដៅបម្រើជា​ឧត្តម​ប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រ​។ តាមរយៈព្រះរាជសារ សម្តេចព្រះបរមនាថ មានព្រះរាជឱង្ការទៀតថា៖ «រដ្ឋសភា ក៏បានបំពេញការងារការទូតសភាយ៉ាងសកម្ម និងផុលផុស ដោយ បានទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឥស្សរជនជាន់ខ្ពស់នៃសភា និងរដ្ឋាភិ​បាល​នៃ​ប្រទេសជាមិត្ត ព្រមទាំងជាមួយអង្គទូតប្រចាំកម្ពុជា អង្គការជាតិនិងអន្តរជាតិនានា និងបាន​ចូលរួមកិច្ចប្រជុំអន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ ដោយបានលើកកម្ពស់កិត្យានុភាព​កម្ពុជា​នៅលើឆាកអន្តរជាតិ ក៏ដូចជាបង្ហាញពីតួនាទីដ៏សំខាន់របស់សភាកម្ពុជា​ ក្នុងការរួម​ចំ​ណែក​ដ៏មានតម្លៃដល់ការថែរក្សាសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និង​សកល​លោក។»។

អង្គព្រះមហាក្សត្រ ក៏បានមានបន្ទូលសរសើរទៀតថា កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​​ ហ៊ុន ម៉ា​ណែត ​នៅតែរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ​​សន្តិសុខ សណ្តាប់​​ធ្នាប់​សាធារណៈ ធានាដល់ការរស់នៅប្រកបដោយ​សុខដុមរមនារបស់​ប្រជា​រាស្ត្រ ។ 

​ព្រះករុណា ក៏មានព្រះទ័យសាទរដែរ ដែលស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ​បានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និង​យុទ្ធ​សាស្ត្រអភិវឌ្ឍ​ជាតិ ក្នុងស្មារតីកសាងនិងអភិវឌ្ឍ​កម្ពុជា ​ឱ្យកាន់តែ​រីកចម្រើន​ឡើងជាលំដាប់ ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ​ប្រកបដោយ​ចីរភាព និងបរិយា​បន្ន ដោយបន្តជំរុញការធ្វើសមាហរណកម្ម និងពិពិធកម្ម​សេដ្ឋកិច្ចទៅក្នុងតំបន់ និង​សកល ជាពិសេសលើ វិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិទ្យា នវា​នុវត្តន៍ និងអភិវឌ្ឍន៍ជនបទ​។ 

សូមជម្រាបថា រដ្ឋសភា​កម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា ក្រោមអធិបតីភាព​សម្តេច​ ឃួន សុដារី ប្រធានរដ្ឋសភា ដោយនឹងពិនិត្យ និងអនុម័ត លើរបៀបវារៈចំនួន២៩ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពី ជលផល និងរបៀបវារៈដទៃទៀត ដែលភាគច្រើនផ្តោតលើការទូទាត់របស់រដ្ឋ ទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍​ថាមពលអគ្គិសនីនៅកម្ពុជា៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ