- ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

ពិភពលោកយើងទាំងមូល បានឈានដល់វិបត្តិនៃការប្រឈមនឹងហានិភ័យ និងការគំរាមកំហែង ដែលមិនមែនជាបញ្ហារបស់ប្រទេសណាមួយផ្តាច់មុខនោះទេ។ នេះជាការលើកឡើរបស់ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងបទអន្តរាគមន៍នៅក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ កាលពីថ្ងៃទី២០ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នៅចំពោះរដ្ឋសមាជិកនៃអង្គការសុខភាពពិភពលោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទូចឱ្យពិភពលោករួមគ្នាឈានទៅរកភាពរីកចម្រើន ដោយបង្កើតយុទ្ធសាស្ត្រដែលលើកស្ទួយសុខភាពឱ្យក្លាយជាកម្លាំងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលជាតិទាំងមូល។
សម្រាប់ លោក ឈាង រ៉ា នេះគឺជាកិច្ចការដ៏បន្ទាន់ ដើម្បីសម្រេចបាននូវគោលដៅសុខភាពមួយក្នុងពិភពលោកតែមួយ ឬពិភពលោកមួយសម្រាប់សុខភាព ដែលជាកាតព្វកិច្ចរបស់អ្នកដឹកនាំ ដើម្បីរក្សាមូលដ្ឋានគ្រឹះនៃសុខភាពសម្រាប់ប្រជាពលរដ្ឋ និងជនរួមជាតិទាំងមូល ជាពិសេសអ្នកដែលងាយរងហានិភ័យបំផុត។
លោក ឈាង រ៉ា បញ្ជាក់ថា៖« ប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថា មានតែអំណាច និងការរួបរួមគ្នាសាមគ្គី និងការឆ្លើយតបរួមគ្នាប៉ុណ្ណោះទេ ដែលអាចឱ្យយើងមានសមត្ថភាពក្នុងការការពារ និងប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាព។»។
សម្រាប់ប្រទេសកម្ពុជាវិញ រដ្ឋមន្ត្រីសុខាភិបាល ក៏គូសបញ្ជាក់អំពីសារៈសំខាន់នៃការសហការរួមគ្នានេះថា ជាទង្វើដែលត្រូវបានទទួលស្គាល់យ៉ាងជ្រាលជ្រៅ។ ទន្ទឹមនឹងនេះ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលកម្ពុជាបានសម្រេចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង គឺជាលទ្ធផលដ៏អស្ចារ្យ នៃកិច្ចសហការដ៏រឹងមាំ រវាងចក្ខុវិស័យជាតិដ៏មោះមុត និងការួមចំណែកយ៉ាងមានតម្លៃរបស់ដៃគូ មិត្តអន្តរជាតិ។
គោលការណ៍នេះ ក្លាយជាមគ្គទេសក៍សម្រាប់កម្ពុជា ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលកំពុងកើតមានឡើង ខណៈដែលពិភពលោកទាំងមូល កំពុងប្រឈមនឹងបញ្ហាជាប់ជំពាក់គ្នា។ នេះបើតាមលោករដ្ឋមន្ត្រីសុខាភិបាល ដោយលោកបន្តទៀតថា៖«ដូច្នេះយើងជ្រើសរើសយុទ្ធសាស្ត្រតបតនឹងវិបត្តិសង្គម ដោយការបង្រួបបង្រួម និងការចុះសម្រុងគ្នា។»។
ក្នុងបទអន្តរាគមន៍ដដែល លោក ឈាង រ៉ា សង្ឃឹមថា កិច្ចព្រមព្រៀងទាក់ទងទៅនឹងជំងឺរាតត្បាត នឹងផ្តល់ជាមាគ៌ាដ៏សំខាន់ ដល់ការបង្កើតសម្ព័ន្ធភាពអន្តរជាតិជាសហភាតរ និងសាមគ្គីភាព ដែលនឹងជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាព និងចីរភាពសម្រាប់អនាគត។
សូមជម្រាបថា មហាសន្និបាតសុខភាពពិភពលោកលើកទី៧៨ កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២៧ ខែ ឧសភា។ ប្រធានបទសម្រាប់មហាសន្និបាតនេះគឺ ពិភពលោកតែមួយសម្រាប់សុខភាព៕
អ្នកសរសេរអត្ថបទ
