កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧នាក់ទៀត
  • ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០៣ នាទី រសៀល
កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧នាក់ទៀត
អ្នកជំនាញសុខាភិបាលកំពុងយកសំណាងតេស្តរកកូវីដ-១៩ នាពេលកន្លងមក

កម្ពុជា​ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧ករណីទៀត នាថ្ងៃទី២៣ ខែឧសភា។ អ្នកកើតកូវីដ-១៩ ទាំង៧នាក់ គឺជាករណីឆ្លងក្នុងសហគមន៍។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

TTN-Free-Banner-In-Article-PC

បច្ចុប្បន្ន ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ហាក់កំរើកឡើងវិញ ដោយ​កម្ពុជា បន្តរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីក្នុងសហគមន៍ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។  ការរកឃើញនូវករណីឆ្លងក្នុងសហគមន៍ថ្មីនេះ ជាក្តីព្រួយបារម្ភ​នៃការផ្ទុះឡើងវិញនូវជំងកូវីដ-១៩ ខណៈប្រទេសថៃមានអ្នកកើតជំងឺនេះឡើងវិញ កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។

គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែឧសភា អ្នកកើតជំងឺ កូវីដ-១៩ នៅថៃ​ ចាប់ផ្ដើម​កើន​ឡើងវិញ ដោយមានចំនួនអ្នកឆ្លងដល់ទៅ ៧១ ០៦៧នាក់ និងស្លាប់ ១៩នាក់។ នេះបើ​យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានជំងឺកូវីដ-១៩ ​របស់រដ្ឋាភិបាលថៃ។

ដើម្បីបង្ការការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាល បានជំរុញ​ឱ្យ​ពលរដ្ឋ​ដែលអាយុចាប់ពី១២ឆ្នាំឡើង ទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋាន​សុខភាពសាធារណៈ។ ទន្ទឹមនឹងនេះដែរ នៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួន មានជាអាទិ៍ មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានពិនិត្យឡើងវិញ និងរៀបចំគ្រែថ្មី និងបរិក្ខាពេទ្យបន្ថែម ត្រៀម​ទទួលអ្នកជំងឺ ​ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ។

នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែឧសភា មានអ្នកឆ្លងកូវីដ-១៩ សរុប ១៣៩ ៣៧៨នាក់។  ក្នុងនោះ អ្នកជាសះស្បើយ ១៣៦ ២៩១នាក់​ និងស្លាប់ ៣០៥៦។​

អត្ថបទទាក់ទង

ដើម្បីបង្ការ ក៏ដូចជាធានាភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី  (JN.1 lineages) ក្រសួងសុខាភិបាលប្រាប់ឱ្យពលរដ្ឋដែលអាយុចាប់ពី១២ឆ្នាំឡើង ទៅចាក់វ៉ាក់សាំងកូវីដ-១៩  នៅតាមមូលដ្ឋានសុខភាពសាធារណៈ។ ការជំរុញនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍សាជាថ្មី កាលពីថ្ងៃទី១៧ ខែឧសភា៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ