ក្រសួងមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនថៃ ត្រៀមទីជម្រក អាហារ ថ្នាំ..សម្រាប់ពលរដ្ឋខ្មែរ ដែលវិលមកមាតុភូមិវិញ
  • ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:១៩ នាទី យប់
ក្រសួងមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនថៃ ត្រៀមទីជម្រក អាហារ ថ្នាំ..សម្រាប់ពលរដ្ឋខ្មែរ ដែលវិលមកមាតុភូមិវិញ

ក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនថៃ ត្រៀមវិធានការសម្របសម្រួលដល់ពលរដ្ឋខ្មែរ ដែលត្រឡប់មកកម្ពុជាវិញ ដូចជាការរៀបចំទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបាច់ គ្រូពេទ្យសង្គ្រោះបន្ទាន់ និងមធ្យោបាយដឹកជញ្ជូន។ល។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនមានពិការភាព អ្នកមានជំងឺ និងជនងាយរងគ្រោះ។ ការណែនាំរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ដើម្បីការវិលត្រឡប់របស់ពលរដ្ឋខ្មែរ មកមាតុភូមិវិញមានភាពរលូន មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
TTN-Free-Banner-In-Article-PC


បើតាមក្រសួងមហាផ្ទៃ  ក្នុងករណីអាជ្ញាធរថៃចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មកកម្ពុជាវិញ រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃត្រូវស្នើសុំកិច្ចសហការ និងសម្របសម្រួលជាមួយអាជ្ញាធរនៃភាគីថៃ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាដោយគិតគូរអំពីសុវត្ថិភាព លក្ខណៈមនុស្សធម៌ និងសិទ្ធិមនុស្ស។ 

អាជ្ញាធរខេត្តខ្មែរដែលមានព្រំដែនជាប់ថៃ ក៏ត្រូវចាត់ឱ្យមានមន្ត្រីប្រចាំការសម្រាប់ទំនាក់ទំនងគ្នាជាមួយអាជ្ញាធរនៃភាគីថៃ ដើម្បីក្តាប់ឱ្យបានច្បាស់លាស់នូវស្ថិតិ និងស្ថានភាពពលរដ្ឋខ្មែរ ដែលត្រូវអាជ្ញាធរថៃចាប់ បញ្ជូនមកកម្ពុជាវិញ។ នេះជាការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលបានគូសបញ្ជាក់ពីការសម្របសម្រួលការដឹកជញ្ជូនពលរដ្ឋខ្មែរពីព្រំដែនទៅកាន់លំនៅឋាននៅតាមរាជធានី ខេត្តនានាដែរ។ 

ក្រសួងមហាផ្ទៃ ក៏សង្កត់ធ្ងន់ពីការពង្រឹងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ សំដៅដោះស្រាយការ កកស្ទះនៅមាត់ច្រកទ្វារ ឬបាតុភាពនានាដែលអាចកើតមានឡើង ព្រមទាំងចាត់ចែងកម្លាំង ធានាការពារសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ ព្រមទាំងសម្រួលបែបបទឯកសារ ធ្វើដំណើរឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋខ្មែរមានលក្ខណៈងាយស្រួល និងឆាប់រហ័ស។ 

ពាក់ព័ន្ធនឹងការធ្វើដំណើរ ក្រសួងមហាផ្ទៃប្រាប់ទៅរដ្ឋបាល ឱ្យណែនាំ ក្រុមហ៊ុនដឹកអ្នកដំណើរដំឡើងថ្លៃឈ្នួលដាច់ខាត។ «ត្រូវណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងអ្នករត់តាក់ស៊ីផ្ទាល់ខ្លួន មិនត្រូវដំឡើងថ្លៃសេវា ដឹកជញ្ជូនក្នុងអំឡុងពេលនេះជាដាច់ខាត។»។ ក្រសួងណែនាំដូច្នេះ ដោយជំរុញឱ្យមានការសហការ និងសម្របសម្រួលការងារនានាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៅក្នុងការផ្តល់ការគាំទ្រ និងការជួយឧបត្ថម្ភនានាជូនដល់ ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកមាតុភូមិវិញ។

ក្រៅពីរដ្ឋបាលខេត្តជាប់ព្រំដែនថៃ ក្រសួងមហាផ្ទៃ ក៏ណែនាំទៅ
រដ្ឋបាលរាជធានី ខេត្តដទៃទៀតឱ្យចាត់អភិបាលរង ១រូប ជាជនបង្គោល ដើម្បីទំនាក់ទំនង និងចូលរួមសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយថៃ ដើម្បីជួយសម្របសម្រួល និងគាំទ្រដល់ការ ដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរទៅកាន់លំនៅឋានរៀងៗខ្លួន។ 

រដ្ឋបាលរាជធានី ខេត្តដទៃទៀត ក៏ត្រូវចាត់ចែងមធ្យោបាយសមស្រប ដើម្បីជួយដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរដែលមានទីលំនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ពីព្រំដែនទៅកាន់លំនៅឋាន រួមទាំងជួយឧបត្ថម្ភនូវ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន។ 

បញ្ហាសន្តិសុខ សុវត្ថិភាព និងការការពារទ្រព្យពលរដ្ឋ គឺជារឿងសំខាន់ដែរ ក្នុងអំឡុងពេលដឹកជញ្ជូនពលរដ្ឋពីព្រំដែន ទៅលំនៅឋាន។ ក្រសួងមហាផ្ទៃ សង្កត់ធ្ងន់បែបនេះថា៖ «ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរនេះ ត្រូវយកចិត្តទុកដាក់អំពីសន្តិសុខ សុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រមទាំងរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។»៕

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ