កម្ពុជា-វៀតណាម នឹងប្រជុំគណៈកម្មការចម្រុះកិច្ចការព្រំដែន ពីថ្ងៃទី៥-៩ ខែកក្កដា
- ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១២:១២ នាទី រសៀល

លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា។ រូបភាព៖ AKP
កម្ពុជា-វៀតណាម នឹងកិច្ចប្រជុំរវាងប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម នៅថ្ងៃទី៥-៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ ដើម្បីរកដំណោះស្រាយ ឈានទៅបោះបង្គោលព្រំដែនដែលនៅសេសសល់។ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មីទ្ទីងអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០មិថុនានេះ។

បើតាមឧបនាយករដ្ឋមន្ត្រីការពារជាតិកម្ពុជា កិច្ចប្រជុំនេះ នឹងរៀបចំឡើងនៅក្នុងប្រទេសវៀតណាម។
កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១ ២៧០គីឡូម៉ែត្រ។ បើតាមលោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ តាំងពីឆ្នាំ១៩៨៥មក ភាគីកម្ពុជា-វៀត ណាម បានឯកភាពរួមគ្នាប្រើប្រាស់ ផែនទីខ្នាត ១/១០០ ០០០ ដោះស្រាយបញ្ហាព្រំដែន និងបានឯកភាពគ្នាបាន៨៤ភាគរយហើយ។ នៅសល់១៦ភាគរយទៀត ភាគីទាំងពីរ ឯកភាពគ្នាបន្តដោះស្រាយតាមរយៈយន្តការគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ មកទល់ពេលនេះ កម្ពុជា-វៀត ណាម បានបញ្ចប់ទាំងស្រុងការបោះបង្គោលព្រំដែនក្នុងខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង។ ខេត្តចំនួន៦ទៀតដែលនៅសល់ ប្រទេសទាំងពីរ នឹងបន្តដោះស្រាយបញ្ចប់។
នៅក្នុងមីទ្ទីងដដែល ឧបនាយករដ្ឋមន្ត្រី ក៏មិនភ្លេចសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-វៀតណាម ថាបានដំណើរការប្រកបដោយផ្លែផ្កា និងបាននាំមកយ៉ាងច្រើននូវប្រយោជន៍ដល់កងទ័ពនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូយោធាតាមគ្រប់រូបភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយប្រសិទ្ធភាព។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏បានស្នើទៅភាគីវៀតណាម ឱ្យបន្តគាំទ្រកម្ពុជា តាមរយៈថែរក្សាសន្តិភាព សន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងតាមព្រំដែនប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ក្នុងភាពជាមិត្តជិតខាងល្អ។ លោក ទៀ សីហា បញ្ជាក់ដូច្នេះ៖«ខ្ញុំជឿជាក់ថា ប្រទេសទាំងពីរ នឹងកាន់តែជំរុញសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏ល្អបន្ថែមទៀត ជាពិសេសជំរុញការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។»៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com