លោក ប៉ែន សុវិជាតិ៖ ក្រសួងពាណិជ្ជកម្ម​ តាមដានជាប្រចាំលើថ្លៃទំនិញនៅខេត្តជាប់ព្រំដែនថៃ
  • ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:១៩ នាទី ល្ងាច
លោក ប៉ែន សុវិជាតិ៖ ក្រសួងពាណិជ្ជកម្ម​ តាមដានជាប្រចាំលើថ្លៃទំនិញនៅខេត្តជាប់ព្រំដែនថៃ
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC

រដ្ឋមន្ត្រីពាណិជ្ជកម្ម​ លោកស្រី ចម និម្មល​ បានប្រាប់ដល់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តនៅជាប់ព្រំដែនប្រទេស​ថៃ ឱ្យតាមដានជាប់លាប់ចំពោះថ្លៃទំនិញនៅលើទីផ្សារ​។ នេះជាការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលការតាមដាន​នេះ គឺដើម្បីឆ្លើយ​តប ឬធ្វើអន្តាគមន៍ភ្លាម​ៗលើទំនិញដែលឡើងថ្លៃជូនប្រជាពលរដ្ឋ។​

TTN-Free-Banner-In-Article-PC

« បើកាលណាមានថ្លៃណាមួយកើនឡើង ចំពោះមុខទំនិញណាដែលយើងធ្លាប់នាំចូលពីថៃ​មកហើយមានការខ្វះខាត យើងធ្វើអន្តាគមន៍ភ្លាម។ ទន្ទឹមនេះ យើងចល័ត និងជំរុញការនាំបន្លែពីខេត្តកណ្តាល ឬខេត្តនានាទៅឱ្យខេត្តប៉ៃលិន ខេត្តកោះកុង និងខេត្តផ្សេងៗជាប់ព្រំដែនថៃ ដែលធ្លាប់ប្រើប្រាស់បន្លែ និងផ្លែឈើថៃ ផងដែរ»។ លោក ប៉ែន សុវិជាតិ ថ្លែងបែបនេះប្រាប់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ដែលនេះជាយន្តការមួយក្នុងចំណោមយន្តការចំពោះមុខជាច្រើនលើការ ​ប្រើប្រាស់ផលិតផលក្នុងស្រុក និងជួយសម្របសម្រួលការដឹកជញ្ជូនរបស់កសិករ ឬផលិតករ​។ 

ជាពិសេស ក្រសួងពាណិជ្ជកម្មបានរៀបចំយន្តការ​ ជំរុញបន្លែ ផ្លែឈើ ដែលកសិករក្នុងស្រុកផលិតបានពីតំបន់ផលិតទៅឱ្យតំបន់ដែលប្រើប្រាស់ ដែលធា្លប់ប្រើផលិតផលថៃ​កន្លងមក។​ ក្នុងស្ថានភាពចំពោះមុខនៃការបិទព្រំដែនកម្ពុជា-ថៃ ក្រសួងពាណិជ្ជកម្ម ក៏កំពុងអនុវត្តយន្តការបង្វែរទិសដៅនាំចេញ, យន្តការប្រើប្រាស់ទីផ្សារក្នុងស្រុក និងយន្តការជំរុញការនាំចេញដោយផ្ទាល់​ រួមទាំងការស្វះស្វែងរកដៃគូវិនិយោគក្នុងការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មនានានៅក្នុងស្រុកផងដែរ។​

ជាក់ស្តែង បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​កំពុងជួយសម្របសម្រួលទីផ្សារក្នុងស្រុកឱ្យជួយប្រមូលទិញផ្លែល្ពៅពីប្រជាកសិករខេត្តព្រះវិហារ ដែលមិនអាចលក់ទៅប្រទេសថៃបានដោយសារបញ្ហាព្រំដែន។​ បន្ទាប់ពីមានកិច្ចអន្តាគមន៍ពីក្រសួងពាណិជ្ជកម្ម គឺមានទីផ្សារទំនើបធំៗជាច្រើននៅរាជធានីភ្នំពេញ ក៏ដូចជាសប្បុរសជនមួយចំនួនបានបញ្ជាទិញផ្លែល្ពៅពីកសិករខេត្តព្រះវិហារ។

បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ គិតត្រឹមថ្ងៃទី២០ ខែមិថុនា នេះ មានផ្សារទំនើប និងសប្បុរសជនចំនួន ៨ បានបញ្ជាទិញផ្លែល្ពៅពីខេត្តព្រះវិហារ។ ក្នុងនោះ មានផ្សារទំនើបជីបម៉ុង បានបញ្ជាទិញផ្លែល្ពៅពីកសិករខេត្តព្រះវិហារចំនួន៩០តោន, ផ្សារទំនើបអ៊ីអន ២០តោន, ផ្សារចំការ ១០តោន, ផ្សារទំនើបបាយ័ន២តោន, ផ្សារម៉ាក្រូ ១០តោន, ផ្សារទំនើបប៊ិកស៊ី ៥តោន, ព្រះសង្ឈវត្តបឡាង ខេត្តប៉ៃលិន ទិញល្ពៅពីកសិករខេត្តព្រះវិហារចំនួន៣០តោន និងក្រុមសៃឡូ ខេត្តប៉ៃលិន ទិញល្ពៅពីកសិករខេត្តព្រះវិហារចំនួន១០៥តោន យកជូនកងទ័ពនៅព្រំដែន។​ ក្រៅពីនេះ ផ្សារទំនើបឡាក់គី និងតេលាម៉ាត កំពុងពិភាក្សាក្នុងការបញ្ជាទិញផ្លែល្ពៅពីខេត្តព្រះវិហារនេះផងដែរ។

គួររំឭកថា ជម្លោះព្រំដែនរវាងកម្ពុជា-ថែ បានកើតឡើងជាថ្មីចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មក ដែលធ្វើឱ្យទាហានខ្មែរម្នាក់បានបាត់បង់ជីវិតនៅលើទឹកដីខ្លួន។ ជម្លោះនេះ ក៏បានរីករាលដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដោយកម្ពុជាត្រូវបង្ខំចិត្តបិទការនាំចូលបន្លែ និងផ្លែឈើទាំងស្រុងពីប្រទេស​ថៃចាប់ពីថ្ងៃទី១៧ ខែមិថុនា​ មក បន្ទាប់ពីរងការគំរាមគំហែងជាបន្តបន្ទាប់ពីសំណាកយោធាប្រទេសថៃ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ថ្មីៗ