តើពាក្យ«លប់»និង«លុប»ត្រូវប្រើខុសគ្នាដូចម្ដេច?
- ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

នៅក្នុងការប្រើប្រាស់ភាសាខ្មែរ ចំពោះពាក្យថា«លប់» និងពាក្យ«លុប» អាចធ្វើឲ្យសាធារណជនមួយចំនួននៅមានការច្រឡំ ដោយពេលខ្លះប្រើពាក្យ«លប់»ជាមួយពាក្យដែលមិនត្រូវប្រើវា ហើយពេលខ្លះប្រើពាក្យ«លុប» នៅជាមួយពាក្យដែលត្រូវប្រើជាមួយពាក្យ«លប់»ទៅវិញ។ វចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់ភាពខុសគ្នានៃពាក្យទាំងពីរនេះដូចខាងក្រោម៖

ពាក្យ«លប់» មានថ្នាក់ពាក្យជានាម មានន័យថា ជាប្រដាប់ចាបសត្វមួយប្រភេទ មានសណ្ឋានជាទ្រុង រុំស្លឹកឈើស្រស់មានប៉ែកដាក់បក្សីធ្លាក់ មានប៉ែកសំណាញ់ មានគន្លឹះថ្លោះបាន សម្រាប់ឲ្យជាប់បក្សីព្រៃដែលដេញធ្នាក់។ ឧទាហរណ៍ លប់លលក, លប់ទទា, លលកព្រៃជាប់លប់ ជាដើម។
ចំណែកពាក្យ«លុប» មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យបាត់ស្នាម, ឲ្យបាត់គំនូស, ឲ្យបាត់លំអាន, ឲ្យបាត់រូប, ឲ្យបាត់ឈ្មោះ, ធ្វើឲ្យវិនាស, ធ្វើឲ្យសូន្យ។ ឧទាហរណ៍ លុបអក្សរ, លុបដាន, លុបឈ្មោះ,...ជាដើម។ ប្រើក្នុងន័យបំពេញ, ជម្រៅ, រណ្ដៅឲ្យបាត់ៈ លុបរណ្ដៅ, បំពេញក្រហូង, លុបអណ្ដូង...។ ប្រើក្នុងន័យលាងសម្អាត, ជម្រះស្រលាបដោយទឹក៖ លុបមុខ, លុបខ្លួន។ ក្នុងនោះដែរ បើប្រើក្នុងប្រើប្រាស់សម្ដីផងដែរៈ សម្ដីលុបលើ, សំឡេងលុបលើគេទាំងអស់។ ពាក្យ «លុប» នេះបើប្រើក្នុងន័យនិយាយពីគុណ គេនិយាយថា លុបគុណ នៅមានន័យថា បំបាត់គុណគឺបំបាត់ឲ្យលេចឮថាគេមានគុណចំពោះខ្លួន។
ក៏ប៉ុន្តែចំពោះពាក្យ«ព្រលប់»និង«ព្រលុប» មួយណាត្រឹមត្រូវ? ចំពោះពាក្យនេះ ទោះបីពាក្យថា«លុប»មានន័យថា ធ្វើឲ្យបាត់រូប តែមិនអាចសរសេរថា«ព្រលុប»ទេ។ ពាក្យដែលត្រឹមត្រូវគឺត្រូវសរសរថា «ព្រលប់»ដែលមានន័យថា ពេលដែលទើបនឹងយប់។
ចំណែកពាក្យ«លុប»វិញ គឺមានន័យដូចនឹងពាក្យថា «លោប»ផងដែរៈ ការលុបចោល, ការបំបាត់ មិនឲ្យមាន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com