ជាតិ
បទវិភាគ
ម៉ាស៊ីន​​គ្រប់គ្រង​​វត្តមាន​​មន្ត្រី​ ត្រូវ​​ផ្សារ​ភ្ជាប់​​ជាមួយ​​ឆន្ទៈ​
01, Oct 2016 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​ក្របខណ្ឌ​នៃ​វិធានការ​គ្រប់គ្រង​មន្ត្រីរាជការ ក៏ដូចជា​ដើម្បី​លើក​ដំកើង​ប្រសិទ្ធភាព​ការងារ​រដ្ឋ ស្ថាប័នរដ្ឋ​បាន​អនុវត្ត​វិធានការផ្សេងៗគ្នា។ ប៉ុន្តែ​វិធានការ​ទាំងនោះ​នៅតែ​គ្មាន​ប្រសិទ្ធភាព។ មន្ត្រី​នៅតែ​មិន​មក​ធ្វើការ។


ជាច្រើន​ឆ្នាំ​មកហើយ ម៉ាស៊ីន​អេឡិចត្រូនិកផ្សេងៗត្រូវបាន​បំពាក់​នៅតាម​បណ្តា​ក្រសួង និង​ស្ថាប័នរដ្ឋ​នានា ដើម្បី​គ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​របស់ខ្លួន។ ផ្ទុយទៅវិញ រហូតមកដល់​ពេលនេះ គេ​នៅតែ​និយាយ​អំពី​មន្ត្រី​ខ្មោច ដែលជា​រឿង​ដដែល។ ទីបំផុត អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​ប្រកាស​ព្រមាន​អោយ​ដឹកនាំ​ក្រសួង​រដ្ឋ​ទាំងអស់ សម្អាត​បញ្ជី​មន្ត្រី​របស់​ពួកគេ មុននឹង​អង្គភាព​នេះ​ចាត់វិធានការ​ផ្លូវច្បាប់។

ក្រសួង​ខ្លះ គេ​បាន​ប្រើប្រាស់​វិធានការ​Scanក្រ​យ៉ៅ​ម្រាមដៃ​របស់​បុគ្គលិក មុនពេល​ចូលធ្វើការ និង​ពេល​ចេញពី​ធ្វើការ។ វិធានការ​នេះ​ត្រូវបាន​គេ​ប្រើ​ដើម្បី​បញ្ជាក់ថា មន្ត្រី​បានមក​ធ្វើការ​នៅ​ម៉ោង​ប៉ុន្មាន ហើយ​ចេញពី​ធ្វើការ​នៅ​ម៉ោង​ប៉ុន្មាន។ ប៉ុន្តែ តើ​ម៉ាស៊ីន​អាច​ដឹង​ទេ​ថា មនុស្ស​បាន​កំពុងធ្វើការ​ក្នុង​ស្ថាប័ន​របស់ខ្លួន នៅ​ចន្លោះ​នៃ​ការ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ទាំងពីរ​ពេលនោះ? ម៉ាស៊ីន​មិនអាច​ដឹង​ទេ។
 
នៅតាម​ក្រសួង​ខ្លះ​វិញ គេ​បាន​ប្រើប្រាស់​ការដាក់​ឆូត​កាត​សំគាល់​ខ្លួន​របស់​មន្ត្រី។ ត្រង់នេះ ការ​ឆ្លៀតឱកាស​របស់​មន្ត្រី​មួយចំនួន​ដែល​ចង់​បន្លំ​ក៏​អាចធ្វើ​បានដែរ។ នោះ​គឺ​ពួកគេ​គ្រាន់តែ​ផ្ញើ​បណ្ណ​សំគាល់​របស់ខ្លួន​នៅ​នឹង​សហការី ឬ​មិត្តភក្តិ​នោះ ដើម្បីអោយ​គេ​ឆូត​អោយ វា​ជាការ​ស្រេច។ នេះ​មិនទាន់​និយាយ​អំពី​ករណី​ដែល​ម៉ាស៊ីន​ឆែក​អត្តសញ្ញាណ​ខ្លះ​ដែល​ឧស្សាហ៍​ខូច និង​ល្បិចកលចាស់ៗខ្លះ ដូចជា​ការរក្សា​ប្រាក់ខែ​អោយ​ប្រធាន ឬ​ថ្នាក់លើ ជា​ថ្នូរ​នឹង​ការមិន​បាច់​មាន​វត្តមាន​នៅ​កន្លែងធ្វើការ​នោះ​ផង។
 
និយាយ​យ៉ាង​ដូច្នេះ មិនមែន​មានន័យថា វិធាន​ការដែល​រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័នរដ្ឋ​និមួយៗខិតខំ​ដាក់​ចេញមក​នោះ គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ​នោះឡើយ។ វិធានការ​នេះ វា​បាន​ជួយ​ពង្រឹង​វិន័យ​នៃ​មន្ត្រី​ខិលខូច​មួយចំនួន​រួចហើយ។ មាន​មន្ត្រី​ខ្លះ​ក៏បាន​សម្រេច​ឈប់​ពី​ការងារ​មន្ត្រីរាជការ​តែម្តង បន្ទាប់ពី​វិធានការ​ដែលជា​ផ្នែក​មួយ​នៃ​ការធ្វើជំរឿន​មន្ត្រីរាជការ ត្រូវបាន​អនុវត្ត​នេះ។ ប៉ុន្តែ​ផ្ទុយទៅវិញ ក៏មាន​មន្ត្រី​មួយចំនួន​នៅតែ​ព្យាយាម​ឆ្លៀតឱកាស​ដើម្បី​ពួកគេ​អាច​នៅ មានឈ្មោះ​ជា​មន្ត្រីរាជការ​ផង និង​អាច​បន្តការងារ​ឯកជ​ន​នៅ​ខាងក្រៅ​ទៀតផង។ ហើយ​ក្រុម​នេះ ភាគច្រើន គឺជា​សាច់ញាតិ​ថ្នាក់ដឹកនាំ​របស់​ស្ថាប័ន​សា​ម៉ី​ទាំងនោះ ដែល​មន្ត្រី​ថ្នាក់ក្រោម ខ្លាចញញើត និង​មិន​ហ៊ាន​បរិហារ។

ម៉ាស៊ីន មិនមែនជា​វិធានការ​តែមួយ​ក្នុងការ​គ្រប់គ្រង​វត្តមាន​របស់​មន្ត្រី​នោះទេ។ ត្រង់ចំនុច​នេះ វា​ទាមទារ​អោយមាន​ការប្តេជ្ញាចិត្ត និង​មនសិការ​របស់​ថ្នាក់ដឹកនាំ​ក្រសួង ឬ​ស្ថាប័នរដ្ឋ​និមួយៗ ។ ប្រាក់បៀវត្សរ វា​ជា​បញ្ហា​រួម​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ដោះស្រាយ​តាមរយៈ​គោលនយោបាយ​កំណែទម្រង់​របស់ខ្លួន។ ប៉ុន្តែ ដើម្បី​គ្រប់គ្រង​មន្ត្រី វា​គឺជា​ការងារ ឬ​តួនាទី​របស់​ថ្នាក់ដឹកនាំ​នៅតាម​ស្ថាប័ន​ទៅវិញ​ទេ។ តើ​ថ្នាក់ដឹកនាំ​នៅតាម​ស្ថាប័ន​មាន​ឆន្ទៈ​ចង់​បម្រើ​ជាតិ និង​ចង់​សាង​ស្នាដៃ​ល្អ​ប៉ុណ្ណា?

មាន​កត្តា៣សំខាន់ ដែល​អាចជា​មធ្យោបាយ​គ្រប់គ្រង​វត្តមាន​មន្ត្រី​ដោយ​ស្រួល​នោះ៖
ទីមួយ​គឺ បរិយាកាស​ការងារ។ មិន​ខុសពី​ក្រុមហ៊ុន​ឯកជន​ឡើយ ថ្នាក់ដឹកនាំ​ស្ថាប័នរដ្ឋ​ត្រូវ​ធានាថា មន្ត្រី​របស់ខ្លួន​ត្រូវ​ស្ថិតនៅក្នុង​បរិយាកាស​ការងារ​ល្អ​មួយ។ ជា​បរិយាកាស​ដែល​មិន​មានការ​ច្រណែន ឈ្នានីស​គ្នា មិនមាន​បក្សពួកនិយម។

ទី​ពីរ គឺ​បែងចែក​ភារកិច្ច​ដោយ​ស្មើភាព​គ្នា។ បរិយាកាស​ដែល​មិនល្អ​នៅតាម​ក្រសួង និង​ស្ថាប័នរដ្ឋ​ដែល​កើតមាន​ដល់ពេលនេះ ជា​ញឹកញយ​បាន​កើតឡើង​ដោយសារតែ ការបែងចែក​ការងារ​មិន​ស្មើភាព​គ្នា​នេះឯង។ មិនមែន​ថា គ្មាន​ការងារ​ធ្វើ​នោះទេ ប៉ុន្តែ​ការងារ​ជាច្រើន​ត្រូវបាន​ប្រមូលផ្តុំ​នៅតាម​ការិយាល័យ​ថ្នាក់ដឹកនាំ​កំពូល និង​ថ្នាក់​ដឹក​បន្តបន្ទាប់។ ជាការ​ងារ​ដែល គេ​រំពឹងថា​មាន​លាភ​សក្តា​រៈ ឬ​មាន​ផលប្រយោជន៍ ហើយ​ដែល​គេ​មិនត្រូវ​ឲ្យ​ច្រើន​ពាក់ព័ន្ធ​ឡើយ។ ការងារ​ដែលមាន​ផលប្រយោជន៍ ត្រូវបាន​ផ្តល់​ឲ្យ​មនុស្សដដែលៗដែលជា​បក្សពួក​ខ្លួន។

ទី​បី គឺ​ភាពយុត្តិធម៌។ តាមពិត បរិយាកាស​ការងារ ការបែងចែក​ភារកិច្ច​ដោយ​ស្មើភាព​គ្នា និង​មនសិការ​យុត្តិធម៌ ទាំងនេះ​គឺជា​ចំនុច​ដែល​ប្រទាក់ក្រឡា​គ្នា ដែល​គេ​អនុវត្ត​ទាំង​ព្រម​តែម្តង។ ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ ឬ​ស្ថាប័នរដ្ឋ​នានា គួរតែ​ឈរលើ​គោលការណ៍​យុត្តិធម៌ ផ្តល់​តម្លៃ និង​លើកស្ទួយ​ដល់​អ្នកធ្វើការងារ​ពិតប្រាកដ។

អាចអនុវត្ត​កត្តា​ទាំង៣នេះ​បាន វា​នឹង​អាចជួយ​ឲ្យ​មន្ត្រីរាជការ​កាន់តែ​មាន​មនសិការ​ស្មោះស្ម័គ្រ​នឹង​ការងារ​រដ្ឋ។ អ្នក​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​ការជ្រើសរើស​រវាង​ការងារ​ឯកជន និង​ការងារ​រដ្ឋ ពួកគេ​ក៏​នឹង​ជ្រើស​រើសយក​ការងារ​រដ្ឋ ដែល​សង្គម​តែង​ផ្តល់​តម្លៃ​រួច​ទៅហើយនោះ។ ទឹក​ត្រជាក់​ត្រី​កុំ៕




© រក្សាសិទ្ធិដោយ thmeythmey.com