ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ឹង ហួត៖ ពី​នាយ​ក​រដ្ឋ​មន្ត្រី​ ក្លាយ​ជា​​អ្នក​ដាំ​ម្រេច​
02, Jun 2015 , 11:21 am        
រូបភាព
លោក អ៊ឹង ហួត អតីត​នាយករដ្ឋមន្ត្រី​ទីមួយ​របស់​កម្ពុជា ទើបតែ​បាន​ចូល​និវត្ត​ពី​ឆាកនយោបាយ​នៅក្នុង​ឆ្នាំ២០១២ នេះ ដើម្បី​ធ្វើ​ជំនួញ​ម្រេច និង​ស្វាយ ដែល​លោក​បោះទុន​ជាមួយ​វិនិយោគិន​បរទេស។ ជា​អ្នកនយោបាយ លោក អ៊ឹង ហួត នៅតែ​អះអាងថា លោក​មិនអាច​មិន​ខ្វល់​ពី​នយោបាយ​ទាំងស្រុង​នោះឡើយ តែ​លោក​ត្រូវ​នៅតាម​ដាន​ការវិវត្ត​ផ្នែក​នយោបាយ និង​ដំណើរ​ប្រទេស​កម្ពុជា ដែល​លោក​ថា លោក​ធ្លាប់​បម្រើ។ តើ​លោក អ៊ឹង ហួត មាន​ទ​ស្សៈ​យ៉ាងណា​ចំពោះ​ការវិវត្ត​របស់​កម្ពុជា? សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​ដែល​លោក​បានផ្តល់​ឲ្យ​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ ៖





លោក លាង ដឺ​លុច៖ លោក​មានឈ្មោះ​បោះ​សំឡេង​នៅក្នុង​អាណត្តិ​ទី១ ។ នៅ​ដើម​អាណត្តិ​ទីមួយ ក្នុង​ក្របខណ្ឌ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក​បាន​ធ្វើជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ ក្រសួង​អប់រំ និង​ក្រោយ​មកជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស មុននឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ទីមួយ​នៅ​ចុង​អាណត្តិ​ទី១នោះ។ ក្រោយមកទៀត នៅក្នុង​ការបោះឆ្នោត​នីតិកាល​ទី២ លោក​បាន​បង្កើត​គណបក្ស​រាស្ត្រនិយម ដើម្បី​ចូលរួម​ប្រកួតប្រជែង ប៉ុន្តែ​គណបក្ស​របស់លោក​មិន​បានទទួល​សំឡេងគាំទ្រ​ជាប់​នៅក្នុង​រដ្ឋសភា​ឡើយ។ តាំងពី​ពេលនោះ​មក ឈ្មោះ​លោក អ៊ឹង ហួត ហាក់​បាន​រសាយ​បន្តិចម្តងៗ រហូតដល់​លែង​ឮ​តែម្តង។ តើ​លោក​អាច​ជម្រាប​អ្នកអាន​សារព័ត៌មានថ្មីៗបានទេ ថា​បច្ចុប្បន្ននេះ​លោក​កំពុង​ធ្វើ​អ្វី? ហើយ​នៅទីណា?
លោក អ៊ឹង ហួត៖ អរគុណថ្មីៗ ។ ខ្ញុំ​នៅ​ស្រុក​ខ្មែរ​នេះ​រហូត​ទេ។ ខ្ញុំ​បាន​ត្រឡប់​ទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ ក្រោយពី​បោះឆ្នោត​ឆ្នាំ១៩៩៨ ដែល​ខ្ញុំ​មិនបាន​ទទួលលទ្ធផល​នោះ។ ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី២ ខ្ញុំ​បាន​ជាប់ឆ្នោត​ជា​សមាជិក​ព្រឺទ្ធសភា។ ឥឡូវនេះ ខ្ញុំ​សម្រាក​ពី​នយោបាយ តែ​ខ្ញុំ​នៅ​កម្ពុជា​រហូត​ហ្នឹង។ គេ​មិនដែល​ឃើញ​ខ្ញុំ​នៅតាម​ទូរទស្សន៍​ដូច​កាលពីមុន ម្លោះ​គេ​នឹង​ថា ខ្ញុំ​ប្រហែល​មិន​នៅ​ស្រុក​ខ្មែរ​ទេ។ អ្នកខ្លះ​ថា ខ្ញុំ​នៅ​ប្រទេស​អូស្ត្រាលី។ សព្វថ្ងៃ ខ្ញុំ​មានមុខរ​បរជាកសិក​រ ដោយមាន​អ្នកវិនិយោគ​ពី​បរទេស​មក​ធ្វើ​ជាមួយ​ខ្ញុំ។ ដាំ​ដំណាំ​ម្រេច ស្វាយ ទ្រង់ទ្រាយ​មធ្យម មិនធំ​ទេ។ ដូច្នេះ​រឿង​នយោបាយ ខ្ញុំ​សម្រាក​ហើយ ខ្ញុំ​មិន​ចូលបក្ស​ណា​ទេ។ ខ្ញុំ​ធ្វើជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឯករាជ្យ ប៉ុន្តែ​ខ្ញុំ​នៅ​ឃ្លាំមើល​សកម្មភាព​នយោបាយ​ដែលជា​អាយុជីវិត​ប្រទេសជាតិ​ទៅ​អនាគត។ ខ្ញុំ​ធ្លាប់​បម្រើ​ជាតិ ធ្លាប់បាន​ធ្វើការ​ច្រើន​មកហើយ​ជូន​ប្រទេសជាតិ ម្លោះ​ហើយ​ខ្ញុំ​មិនអាច​បោះបង់ចោល​កើត​ទេ។ ខ្ញុំ​នៅតាម​ដាន​មើល​ការវិវត្ត​របស់​ប្រទេសជាតិ​យើង។ ខ្ញុំ​ឃើញ​មាន​ការវិវត្ត​ល្អ​សព្វថ្ងៃនេះ។

លោក លាង ដឺ​លុច៖ ទន្ទឹមនឹង​ការឃ្លាំមើល តើ​លោក​កំពុង​គិតថា លោក​នឹង​ត្រឡប់​ចូលក្នុង​ឆាកនយោបាយ​វិញ​ដែរឬទេ?
លោក អ៊ឹង ហួត៖ ខ្ញុំ​មិន​គិតថា ខ្ញុំ​នឹង​ចូលក្នុង​ឆាកនយោបាយ​វិញ​ទេ ពីព្រោះ​សព្វថ្ងៃ​មាន​គេ​ធ្វើ​គ្រប់គ្រាន់​អស់ហើយ។ ខ្ញុំ​យល់ថា ខ្ញុំ​សម្រាក​ល្អ​ជាង។ ហើយ​ខ្ញុំរ​ករបរ​ទទួលទាន​អ៊ីចឹងទៅ។ ប៉ុន្តែ​ថ្ងៃ​ណាមួយ យើង​មើលមិនឃើញ​ទេ ជីវិត​មនុស្ស។ ដូចដែល​ខ្ញុំ​ទៅធ្វើជា​នាយករដ្ឋមន្ត្រី​ទី១ ខ្ញុំ​មិនដែល​បាន​គិតថា ខ្ញុំ​ត្រូវធ្វើ​វា​ទេ។ តែ​វា​កើតឡើង​អ៊ីចឹង ធ្វើ​ម៉េច? វា​ជា​តម្រូវការ​នៅពេលនោះ។ ពេលនោះ បើ​ខ្ញុំ​មិន​ទៅធ្វើ (នាយករដ្ឋមន្ត្រី​ទី១) វា​អាច​កម្ពុជា​យើង មិនបាន​មាន​ថ្ងៃនេះ​ទេ។ ប្រហែលជា​សង្គ្រាម​នៅ​បន្ត​រហូតមកដល់​ថ្ងៃនេះ។ ហើយ​យើង​គ្មាន​ការ​វិវឌ្ឍន៍​ទេ។ ខ្ញុំ​សហការគ្នាជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​ជា​ការពិត​មែនហើយ។ ប៉ុន្តែ​បើ​យើង​មិនបាន​រក្សា​ស្ថេរភាព​នយោបាយ ស្ថាប័ន​រដ្ឋសភា ស្ថាប័ន​ព្រះមហាក្សត្រ នៅក្នុង​ព្រឹត្តិការណ៍​ឆ្នាំ១៩៩៧ យើង​ប្រហែលជា​ពុំមាន​ថ្ងៃនេះ​ទេ។

លោក លាង ដឺ​លុច៖
ខ្ញុំ​បាន​ជួប​អ្នកនយោបាយ​ច្រើន​ដែល​និយាយថា នយោបាយ​គឺ​ដូច​គ្រឿងញៀន​អ៊ីចឹង។ គេ​អាច​ឈប់​បណ្តោះអាសន្ន​បាន ប៉ុន្តែ​មិនអាច​ឈប់​ដាច់​ណាត់​នោះទេ។ តើ​លោក​យល់ស្រប​នឹង​គំនិត​នេះដែរ​ឬទេ?
លោក អ៊ឹង ហួត៖ វា​អាច​អ៊ីចឹង​ដែរ។ ប៉ុន្តែ​ក៏មាន​អ្នក​ដែល​ផ្តាច់​គ្រឿងញៀន​ដាច់​ដែរ​តើ។

លោក លាង ដឺ​លុច៖ លោក​បាន​មានប្រសាសន៍ថា លោក​កំពុង​ធ្វើជា​កសិករ។ តើ​លោក​កំពុង​ធ្វើ​អ្វី​ពិតប្រាកដ? ទំហំ​ធំ​ប៉ុណ្ណា? ហើយ​នៅទីណា?
លោក អ៊ឹង ហួត៖ សព្វថ្ងៃ​ខ្ញុំ​មាន​ចម្ការ​ម្រេច​នៅ​ខេត្តកំពត។ ម្រេច​កំពត​ជា​ម្រេច​ដែល​ល្អ​ជាងគេ​ក្នុង​ពិភពលោក។ ជា​ចម្ការ​ធំ​ដែរ ដែល​ខ្ញុំ​សហការ​ជាមួយ​អ្នកវិនិយោគ​មកពី​បរទេស។ យើង​គ្មាន​លទ្ធភាព​ធ្វើ​វា​ទេ ព្រោះ​វា​ត្រូវការ​ប្រាក់កាស​ច្រើនណាស់។ ខ្ញុំ​ជា​ប្រធាន​ក្រុមហ៊ុន តែមាន​សមាជិក​ភាគហ៊ុន​បរទេស។ ហើយ​នៅ​គិរី​រម្យ ខ្ញុំ​ដាំ​ស្វាយ។

លោក លាង ដឺ​លុច៖ លោក​បាន​មានប្រសាសន៍​មុននេះ ថា​លោក​កំពុង​ឃ្លាំមើល​ការវិវត្ត​ផ្នែក​នយោបាយ​របស់​កម្ពុជា។ តើ​លោក​មើលឃើញ​យ៉ាងណា​ចំពោះ​ដំណើរ​វិ​វត្ត​របស់​កម្ពុជា​នៅពេលនេះ?
លោក អ៊ឹង ហួត៖ កន្លងមក​មានការ​ច្របូកច្របល់ (អស់សំណើច)។ នយោបាយ​កម្ពុជា​ច្របូកច្របល់​ណាស់។ ប៉ុន្តែ​ចុងក្រោយ មានការ​សម្របសម្រួល។ សំខាន់​ណាស់​សន្តិភាព ស្ថេរភាព​នយោបាយ។ បើ​ខ្វះ​ចំណុច​ទាំងនេះ ការអភិវឌ្ឍន៍​ប្រទេសជាតិ​ពុំ​អាច​លឿន​ទៅមុខ​បានទេ។ វប្បធម៌​សន្ទនា ខ្ញុំ​មិនដឹងថា​តើ​អាចរ​ស់បាន​ត្រឹមណា​តទៅទៀត​ទេ តែ​ខ្ញុំ​ឃើញថា វា​ជា​ជំ​ហ៊ាន​មួយ​សមរម្យ​ដែរ។

លោក លាង ដឺ​លុច៖ លោក​ជា​អ្នកនយោបាយ​ជើងចាស់​មួយរូប។ ដល់ពេលនេះ​លោក​មាន​អាយុ៧០ឆ្នាំ​ហើយ។ លោក​ទើបតែ​បានលើកឡើង​អ​ម្បិ​ញ​ថា ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​ក្នុង​រដ្ឋសភា​ទាំងពីរ​បាន​បង្កើត​វប្បធម៌​សន្ទនា​ជាមួយ។ តើ​លោក​មិន​គិតថា វា​យឺត​ពេល​ពេក​ទេ ដែល​អ្នកនយោបាយ​កម្ពុ​ជា​ទើបតែ​មក​និយាយ​អំពី ការឈប់​ជេរប្រមាថ​គ្នា?
លោក អ៊ឹង ហួត៖ វា​មិន​ហួសពេល​ទេ។ ពេលវេលា​នៅមាន​ច្រើន​ទៀត។ អស់ពី​យើង​ទៅ នៅ​ក្មេងជំនាន់ក្រោយ​តទៅទៀត។ កម្ពុជា​នៅតែ​ជា​កម្ពុជា។ វា​ជា​ការវិវត្ត​ផ្នែក​នយោបាយ។ ប៉ុន្តែ​ខ្ញុំ​ថា ជា​ការវិវត្ត​ល្អ​មួយ។

លោក លាង ដឺ​លុច៖ ល្អ​យ៉ាងម៉េច​លោក​បាទ?
លោក អ៊ឹង ហួត៖ ល្អ​សម្រាប់​កម្ពុជា​ទាំងមូល។ បើ​យើង​និយាយ​ពី​កម្ពុជា យើង​កុំ​និយាយ​ពី​គណបក្សនយោបាយ ពី​អ្នកនេះ ពី​អ្នកនោះ! ប្រយោជន៍​ជាតិ​ជាធំ។ ខ្ញុំ​ឃើញថា ប្រយោជន៍​ជាតិ​នេះ វា​បាន​ផល​ពី​ស្ថេរភាព​នយោបាយ ការអភិវឌ្ឍន៍ មាន​អ្នកវិនិយោគ​ដែល​ជឿទុកចិត្ត បោះទុន​បង្កើត​ការងារ និង​នាំ​ឲ្យ​មានការ​កាត់បន្ថយ​ភាពក្រីក្រ។

លោក លាង ដឺ​លុច៖ លោក​មានប្រសាសន៍​ពី​ខាងដើម​ថា​លោក​កំពុង​តាមដាន​មើល​ដំណើរ​របស់​កម្ពុជា។ តើ​លោក​មាន​ទស្សនៈ​យ៉ាងណា​ចំពោះ​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា?
លោក អ៊ឹង ហួត៖ ខ្ញុំ​ពិបាក​ថា​ដែរ។ សព្វថ្ងៃ​យើង​មាន​យុវជន​ច្រើនណាស់ ដែល​រៀន​បាន​សញ្ញាបត្រ​ធំ​ច្រើន។ ទោះជា​យើង​ទទួលស្គាល់ថា វា​មិនសូវមាន​គុណភាព ឬ​សម​ត្ថិ​ភាព ប៉ុន្តែ​យើង​មាន​ពួកគេ​ច្រើន។ នេះហើយ​ជា​អ្វីដែល​ខ្ញុំ​បានគិត កាលពី​ពេលដែល​ខ្ញុំ​ធ្វើជា​រដ្ឋមន្ត្រី​អប់រំ​ឆ្នាំ១៩៩៤ ។ គឺថា​យើង​ផលិត​ឲ្យ​បាន​ច្រើន គុណភាព​ចាំ​យើង​ច្នៃ​តាម​ក្រោយ។ ឥឡូវនេះ​យុវជន​យើង​មានគំនិតល្អៗ អ្នកខ្លះ​នាំ​គំនិត​មកពី​បរទេស​ធ្វើ​ក្រុមហ៊ុន សហគ្រាស។ ខ្ញុំ​តែង​និយាយថា កម្ពុជា​យើង​ឆ្លងកាត់​សង្គ្រាមរ៉ាំរ៉ៃ ឆ្លងកាត់​របប​ប៉ុល ពត ទាំងអស់៣០ឆ្នាំ។ កម្ពុជា​យើង​មិនដឹង​ជា​នៅ​បាត​ដាល​ណា​ទេ? ប៉ុន្តែ​យើង​ត្រូវ​មើល​មួយ​ចំហៀង​ទៀត។ កម្ពុជា​អាច​ហក់​ទៅយក បច្ចេកវិទ្យា​ថ្មី ចំណេះដឹង​ថ្មី ខ្ញុំ​ចង់​និយាយថា ថ្មីៗដូច​កាសែតថ្មីៗអ៊ីចឹង (សើច) មក​អនុវត្ត។ យើង​មិនបាច់​ដើរ​តាមផ្លូវ​ដែល​គេ​ដើរ​កន្លងមក​នោះទេ។ យើង​ចាប់យក​បច្ចេកវិទ្យា​ចុងក្រោយ។ ឧទាហរណ៍ បច្ចេកវិទ្យា​ទូរ​សព្ទ អ៊ិន​ថឺ​នែ​ត បណ្តាញ​សង្គម យើង​មិន​ខុសពី​ប្រទេស​ក្នុង​អាស៊ាន​ឡើយ។ យើង​មានសំណាង​មួយ​ដែល ក្នុង​រឿង​ដែល​យើង​មក​យឺត​នេះ គឺ​យើង​អាច​ចាប់យក​បច្ចេកវិទ្យា​ចុងក្រោយ​នេះ​បាន។


លោក លាង ដឺ​លុច៖ តាមពិត​លោក​មាន​ជំនាញ​មូលដ្ឋាន​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ ហើយ​លោក​ក៏បាន​បន្ត​ជំនាញ​នេះ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ដែរ។ តើ​ក្នុង​រយៈពេល​កន្លងមក លោក​បាន​ចែករំលែក​ជំនាញ​របស់លោក​ដល់​យុវជន​ជំនាន់​ក្រោយ​បាន​ប៉ុណ្ណា​ដែរ?
លោក អ៊ឹង ហួត៖ ខ្ញុំ​មិនបាន​ចែករំលែក​ជំនាញ​បាន​ច្រើន​ទេ។ ព្រោះ​ខ្ញុំ​មិនបាន​កាន់កាប់​ការងារ​ដែលជា​ជំនាញ​ពិតប្រាកដ​របស់ខ្ញុំ​ឡើយ។ ប៉ុន្តែ​កាលដែល​ខ្ញុំ​ទៅ​សិក្សា​នៅ​ស្រុក​គេ​នោះ គឺ​គេ​កែប្រែ​យើង​ឲ្យ​ទៅជា​អ្នក​ទូទៅ ជា​អ្នកដឹកនាំ គឺ​មិនមែនជា​អ្នកជំនាញ​ទេ។ ដូច្នេះ​អ្នកដឹកនាំ​ត្រូវ​ចេះ​ទាំងអស់ ដឹង​ទាំងអស់។ ជួនកាល​យើង​ធ្វើ​មិនកើត​ទេ តែ​យើង​ដឹងថា គេ​ត្រូវធ្វើ​ដូចម្តេច? ហើយ​ដឹងថា តើ​ត្រូវ​រក​អ្នកណា​ដែល​អាចធ្វើ​ការងារ​នោះ​កើត។ នេះ​សំខាន់​ណាស់ (សើច)៕



© រក្សាសិទ្ធិដោយ thmeythmey.com