ជាតិ
ពីនេះ ពីនោះ
ដំណើរ​ផ្សងព្រេង​របស់ ហូ ជី​ម៉ិ​ញ ដើម្បី​ប្រទេសជាតិ និង​ប្រជាជន​វៀតណាម (​ភាគ​២)
10, Jan 2016 , 1:21 pm        
រូបភាព
ដោយ: ថ្មីៗ

(​ភាគ​២)៖ នៅ​ឆ្នាំ​១៩៣០ ហូ ជី​ម៉ិ​ញ បាន​ចូលមក​ហុងកុង ហើយ​បង្កើត​គណបក្ស​កុម្មុយនីស្ត​វៀតណាម (Vietnamese Communist Party) ក្រោយមក​បាន​ដូរ​ឈ្មោះ​ជា គណបក្ស​កុ​ម្មុយ​នី​ស​ឥណ្ឌូចិន (Indochina Communist Party) ។ មួយឆ្នាំ​ក្រោយមក ហូ ជី​ម៉ិ​ញ ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ពីរ​ឆ្នាំ​នៅ​ហុងកុង​ដោយ​អាជ្ញាធរ​អង់គ្លេស ពីបទ​ចូលរួម​ក្នុង​ចលនា​បដិវត្តន៍​។ ក្រោយពេល​ដោះលែង​នៅ​ឆ្នាំ ១៩៣៣ ហូ ជី​ម៉ិ​ញ បានធ្វើ​ដំណើរ​ទៅ​ម៉ូស្គូ ហើយ​លោក​បន្ត​រស់នៅ​ទីនោះ​រហូតដល់​ឆ្នាំ​១៩៣៨ ។



​ក្រោយមក ហូ ជី​ម៉ិ​ញ បានធ្វើ​ដំណើរ​មក​ប្រទេស​ចិន​វិញ ហើយ​ធ្វើការ​ជា​ទីប្រឹក្សាយោធា​ឲ្យ​គណបក្ស​កុម្មុយនីស្ត​ចិន ក្រោយ​ពេលដែល​ប្រទេស​ជប៉ុន​បាន​ចូលលុកលុយ​ប្រទេស​ចិន​នៅ​កំឡុង​ឆ្នាំ​១៩៣៧ ។ គណបក្ស​កុ​ម្មុយ​នី​ស​ចិន និង​គណបក្ស​គូ​មីន​តាំង ដែល​ធ្វើ​សង្គ្រាមស៊ីវិល​នឹង​គ្នា បាន​ព្រមព្រៀងគ្នា​ផ្អាក​ធ្វើសង្គ្រាម​មួយរយៈ រហូតដល់​ប្រទេស​ជប៉ុន​បរាជ័យ​។
​នៅ​ឆ្នាំ​១៩៤១ ហូ ជី​ម៉ិ​ញ បាន​វិល​ត្រឡប់មក​ប្រទេស​វៀតណាម​វិញ​ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ​១៩១១ ជា​ពេលដែល​លោក​បាន​ចាក​ចេញពី​វៀតណាម​។ មកដល់​វៀតណាម ហូ ជី​ម៉ិ​ញ បាន​បង្កើត​សម្ព័ន្ធ​ដើម្បី​ឯករាជ្យភាព​វៀតណាម ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា វៀតម៉ិញ ក្នុងនោះ​មាន​ចលនា​ពីរ​គឺ ចលនា​ជាតិនិយម​វៀតណាម និង​ចលនា​កុម្មុយនីស្ត​វៀតណាម​។ វៀតម៉ិញ បានធ្វើការ​វាយប្រហារ​ទៅលើ​នឹម​អាណានិគមនិយម​បារាំង និង​កងទ័ព​ជប៉ុន​ដែល​បាន​ចូលលុកលុយ​ប្រទេស​វៀតណាម​នៅពេលនោះ​ផងដែរ​។​

នៅ​ឆ្នាំ​១៩៤២ ហូ ជី​ម៉ិ​ញ ត្រូវបាន​ចាប់ខ្លួន​ដោយ​គណបក្ស​គូ​មីន​តាំងនៅ​ក្នុងប្រទេស​ចិន ហើយ​ឃុំខ្លួន​មួយរយៈ ។ ហូ ជី​ម៉ិ​ញ បាន​ប្រើប្រាស់​ឈ្មោះ ហូ ជី​ម៉ិ​ញ (​មានន័យថា អ្នក​ដែល​ភ្លឺស្វាង​) ចាប់ពីពេលនោះ​រហូតមក ហើយក៏​ត្រូវបាន​គេ​ស្គាល់ និង​ចងចាំ​ដល់​បច្ចុប្បន្ន​។​

ឆ្នាំ​១៩៤៥ នៅពេលដែល​សង្គ្រាមលោក​លើក​ទី​ពីរ ដើរ​ជិត​ដល់​ផ្លូវ​ទាល់​ហើយ​នោះ ហូ ជី​ម៉ិ​ញ បានរៀបចំ​គម្រោង​បះបោរ​យ៉ាង​ធំ​មួយ​នៅ​វៀតណាម ហើយ​នៅពេលនោះ​ចលនា វៀតម៉ិញ បាន​កាន់កាប់​ទីក្រុង និង​ដែនដី​ជាច្រើន​របស់​វៀតណាម​។ វៀតណាម​ក៏បាន​ក្លាយទៅជា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ហើយ ហូ ជី​ម៉ិ​ញ បាន​ក្លាយជា​ប្រធានាធិបតី​ដំបូង​។

នៅ​ឆ្នាំ​១៩៤៦ ហូ ជី​ម៉ិ​ញ បាន​ចុះហត្ថលេខា​ជាមួយ​បារាំង ដើម្បី​ឲ្យ​គេ​ទទួលស្គាល់​នូវ​អធិបតេយ្យភាព​របស់​វៀ​ត​ណា​ម និង​ឯករាជ្យ​ដោយមាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​វៀន​ណា​ម​ចូល​ជា​សមាជិក​សហព័ន្ធ​បារាំង ហើយ​បារាំង​នឹងដាក់​យោធា​ខ្លួន​តិចតួច​បំផុង​នៅ​វៀតណាម​។ ដោយ​ភាគី​ទាំងពីរ​មិនអាច​គោរព​កិច្ចព្រមព្រៀង​នេះ​បាន ភាព​តានតឹង​បានកើត​ឡើង​រវាង​នឹម​អាណានិគមនិយម​បារាំង និង​វៀតណាម រហូត​ផ្ទុះ​សង្គ្រាម​ឡើង​។

នៅ​ឆ្នាំ​១៩៥៤ កងកម្លាំង​វៀតណាម ដែល​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​វៀតណាម ក៏បាន​ផ្តួលរំលំ​នឹម​អាណានិគមនិយម​បារាំង​នៅ ឌៀ​ន ប៊ៀ​ន​ភូ ដែល​បញ្ជាក់​យ៉ាងច្បាស់​ពី​ការបរាជ័យ​របស់​បារាំង​នៅលើ​ទឹកដី​វៀតណាម​ជា​រៀងរហូត​។ ប៉ុន្តែ នៅក្នុង​សន្និសីទ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​មហាអំណាច​ទាំង​ប្រាំ​បានសម្រេច​បែងចែក​វៀតណាម​ជា​ពី គឺ​វៀតណាម​ខាងជើង​ដឹកនាំ និង​គ្រប់គ្រង​ដោយ​ចលនា វៀតម៉ិញ រីឯ​វៀតណាម​ខាង​ត្បួ​ង ត្រូវ​ទុក​ឲ្យ​កម្លាំង​បារាំង​នៅ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន រង់ចាំ​រហូតដល់​រដ្ឋា​ភិ​បាល​វៀតណាម​ខាង​ត្បួ​ង​មួយ ត្រូវបាន​បង្កើតឡើង​ឆាប់ៗ​នេះ ដោយមាន​ការគាំទ្រ​ពី​សំណាក់​សហរដ្ឋអាមេរិក​។

ចាប់ពី​ឆ្នាំ​១៩៥៥ រៀងមក សហរដ្ឋអាមេរិក​ក៏​ចាប់ផ្តើម​ផ្តល់ជំនួយ​ជា​ហូរហែរ ជាពិសេស​ជំនួយ​យោធា​ដល់​វៀតណាម​ខាង​ត្បួ​ង ដែល​ប្រកាន់​មនោគមវិជ្ជា​សេរី​ដូច​ខ្លួន​។ ជម្លោះ​ក៏​ចាប់ផ្តើម​បន្តិច​ម្តងៗ​រវាង​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង ជាពិសេស នៅតាម​បន្ទាត់​ព្រំដែន​។​

លុះដល់​ឆ្នាំ​១៩៦០ ក្រុម​កុម្មុយនីស្ត​នៅ​វៀតណាម​ខាងត្បូង​បាន​ចងក្រង និង​ប្រមូល​ផ្តុំគ្នា​ជា​ក្រុម​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បួ​ង ដែល​ត្រូវបាន​គេ​ស្គាល់​ថា «​រណសិរ្ស​ដើម្បី​សេរីភាព​ជាតិ​» ហើយ​មានការ​គាំទ្រ​ជាច្រើន​ពី​វៀតណាម​ខាងជើង ក្រោយ​ពេលដែល ហូ ជី​ម៉ិ​ញ ចុះ​ចេញពី​តំណែង​ដោយសារ​បញ្ហា​សុខភាព​។
​ឆ្នាំ​១៩៦៥ រហូតដល់​ឆ្នាំ​១៩៧៥ សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​យុទ្ធនាការ​ដោយ​ផ្ទា​ស់​ប្រឆាំងនឹង​កម្លាំង​វៀត​កុង ដែល​លាក់ខ្លួន និង​ចូល​ឈ្លានពាន​វៀតណាម​ខាងត្បូង តែ​ទី​បំផុង​វៀតណាម​ខាងជើង​បានទទួល​ជោគជ័យ​ទាំងស្រុង​ក្នុង​សង្គ្រាម​មួយ​នេះ​។ លុះដល់​ឆ្នាំ​១៩៧៦ ប្រទេស​វៀតណាម​ទាំងពីរ​ក៏​ត្រូវបាន​រួបរួមគ្នា​ឡើងវិញ​៕ 

សូមចុចត្រង់នេះដើម្បីអានអត្ថបទនេះភាគ១

[​ដកស្រង់​ពី​សៀវភៅ​៖ ហូ ជី​ម៉ិ​ញ «​ជីវិត និង វិន័យ​បក្ស​» ដែល​រៀបរៀង​ដោយ​លោក នៅ សករាជ​]
 

© រក្សាសិទ្ធិដោយ thmeythmey.com