បទវិភាគ
ពាក្យ​«​ជេរប្រមាថ​»​មិនគួរ​ត្រូវ​ប្រើប្រាស់​នៅតាម​បណ្តាញ​សង្គម​ឡើយ​!
12, Jul 2016 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រជាជន​ខ្មែរ​មួយចំនួន តែងតែមាន​ទម្លាប់​ប្រើប្រាស់​ពាក្យ​«​ជេរ​»​នៅក្នុង​ជីវភាព​រស់នៅ និង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាដើម​។ មិន​ត្រឹមតែ​ប្រជាជន​សាមញ្ញ​ទេ ដែល​តែងតែ​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ តែ​ការប្រើប្រាស់​ពាក្យ​ជេរប្រមាថ​ជា​សាធារណៈ ក៏​ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នកនយោបាយ​មួយចំនួន​ផងដែរ​។    


 
​នៅពេល​បើក​ហ្វេ​ស​ប៊ុ​ក​ភ្លាម គេ​សង្កេតឃើញថា សង្គ្រាមពាក្យសម្តី ដោយ​ប្រើប្រាស់​ពាក្យ​អសុរោះ និង​សម្តី​ហិង្សា បាន​កើតឡើង​ព្រោងព្រាត​។ ការបញ្ចេញ​អារម្មណ៍​ខឹង ឬ​ស្អប់ ដោយ​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ​នៅ​ទីសាធារណៈ  គឺ​កំពុង​ធ្វើ​ឲ្យ​បរិ​យាស​សង្គម ពោរពេញ​ដោយ​គំនុំគុំកួន និង​ពង្រីក​អំពើហិង្សា​នៅ​ប្រទេស​ទៀតផង​។ មួយវិញទៀត បើ​គេ​សង្កេត​នៅក្នុង​ជីវភាព​រស់នៅ​របស់​ស​ង្គ​ម​ខ្មែរ​វិញ គេ​នឹង​ឃើញ​គ្រួសារ​ខ្លះ បាន​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ ហាក់​ក្លាយជា​ទម្លាប់​ទៅហើយ​។  
 
​ក្រៅពី​ចូលចិត្ត​ជេរប្រមាថ ពលរដ្ឋ​ខ្មែរ​មួយចំនួន ក៏​តែងតែ​ប្រើពាក្យ​បន្តុះបង្អាប់ រុញ​ទម្លាក់ ជាន់ពន្លិច ប៉ែង​ជើង​…​។ មួយវិញទៀត គេ​តែង​សង្កេតឃើញ​វប្បធម៌​បន្តុះបង្អាប់​នេះ កំពុង​ជ្រក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​គ្រួសារ​ខ្មែរ ដូចជា «​មនុស្ស​ពិការភ្នែក​» ពលរដ្ឋ​ខ្មែរ​ខ្លះ តែង​ហៅថា «​អា​ខ្វាក់​»​។ ឯ «​មនុស្ស​ពិការ​ជើង​» ខ្មែរ​មួយចំនួនទៀត តែង​ហៅថា «​អា​កំបាក់​»…​។ ឯ ពលរដ្ឋ​ខ្មែរ​មួយចំនួន​វិញ តែង​ហៅ​នរណាម្នាក់​ដែល​គេ​ស្អប់ ដោយ​ប្រៀបធៀប​ជាមួយ​សត្វ​ផ្សេងៗ ដូចជា អា​ឆ្កែ ជាដើម​។       
 
​តើ​មាន​មូលហេតុ​អ្វីខ្លះ បាន​ជាមាន​និន្នាការ​បែបនេះ​?  
​មាន​មូលហេតុ​មួយចំនួន ដែលជា​ឫសគល់​នៃ​ការបង្កើត​ផ្នត់គំនិត​ជេរប្រមាថ​។  មូលហេតុ​ទី​១៖  អាច​បណ្តាលមកពី​បុគ្គល​ខ្លះ​មាន​ចរិត​ហិង្សា ចូលចិត្ត​ប្រើស​ម្តី​ជេរប្រមាថ និង​លាប​ពណ៌​។  មូលហេតុ​ទី​២៖ គឺ​បណ្តាលមកពី​ទម្លាប់​នៃ​ការរស់នៅ​ក្នុង​គ្រួសារ​ខ្មែរ​មួយចំនួន ដែល​ឪពុកម្តាយ​តែងតែ​ប្រើប្រាស់​ពាក្យ​ជេរ​ដើម្បី​ប្រដៅ​កូនចៅ​។ វប្បធម៌​«​ជេរ​»​នេះ មិន​ត្រឹម​កើតឡើង​នៅក្នុង​ជីវភាព​ពលរដ្ឋ​សាមញ្ញ​នោះទេ ប៉ុន្តែ វា​បាន​កើតឡើង​ទ្រង់ទ្រាយ​ធំ​ចំពោះ​អ្នក​ប្រកាន់​និន្នាការ​នយោបាយ​ផ្សេងគ្នា​ច្រើនជាង​។ អ្នកដឹកនាំ​ខ្លះ តែងតែ​ប្រើប្រាស់​ការជេរប្រមាថ ដើម្បី​វាយបំបាក់​គូប្រកួត ឬ​បន្តុះបង្អាប់​គូប្រកួត​។ លើសពីនេះ អ្នកគាំទ្រ​នយោបាយ​មួយចំនួន​ដែលមាន​ចំណេះដឹង​ទាប ពួកគេ​តែងតែ​ប្រើប្រាស់​ការជេរប្រមាថ​ទៅលើ​ភាគី​ម្ខាង​ទៀត ដែល​មាន​និន្នាការ​នយោបាយ​ខុសគ្នា​។   បន្ថែម​ពីនេះ ពលរដ្ឋ​ខ្មែរ​មួយចំនួនទៀត បានចាត់ទុក​អ្នកមាន​និន្នាការ​នយោបាយ​ផ្សេង​ពី​បក្ស​របស់ខ្លួន​ថា ជាស​ត្រូវ​ស៊ីសាច់ហុតឈាម​ទៀតផង​។ 
 
​ការប្រើប្រាស់​សម្តី​មិនល្អ​ក្នុង​រង្វង់​គ្រួសារ​ក្តី ឬ​ជា​សាធារណៈ​ក្តី គឺ​មិន​បានធ្វើ​ឲ្យ​មាន​ផលចំណេញ​ដល់​ប្រទេសជាតិ​នោះទេ តែ​ផ្ទុយ​មកវិញ វា​បាន​បង្កើត​ឲ្យ​មានការ​ស្អប់ខ្ពើម​រវាង​បុគ្គល​និង​បុគ្គល បុគ្គល​និង​សង្គម ឬ​ព្រមទាំង​ធ្វើ​ឲ្យ​មានការ​ស្អប់​គ្នា​រវាង​ជាតិ​សាសន៍​មួយ ទៅ​ជាតិ​សាសន៍​មួយទៀត​។ ម្យ៉ាងវិញទៀត អំពើហិង្សា​ពាក្យសម្តី នឹង​អាច​ឈានដល់​អំពើហិង្សា​នយោបាយ​។ 
 
​ដូច្នេះ ការអប់រំ​សីលធម៌​ទាំង​ក្នុង​ប្រព័ន្ធ​អប់រំ និង​ក្រៅ​ប្រព័ន្ធ​អប់រំ គឺជា​ដំណោះស្រាយ​ល្អ​បំផុត ដើម្បី​បំបាត់ ឬ​កាត់បន្ថយ​ការប្រើប្រាស់​ពាក្យ​ជេរប្រមាថ​នៅក្នុង​សង្គម​ខ្មែរ​។ លើសពីនេះ ពលរដ្ឋ​ខ្មែរ គួរ​ចៀសវាង​ការជេរប្រមាថ បន្តុះបង្អាប់ ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​មានការ​ឈឺចាប់​។ រីឯ អ្នកដឹកនាំ​គ្រប់​កម្រិត​វិញ ពួកគេ​គួរតែ​បោះបង់​ពាក្យ​ជេរ​ឬ​សម្តី​មិនល្អ​។ ការធ្វើ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​ឲ្យ​អ្នកដឹកនាំ​គ្រប់​កម្រិត​ក្លាយជា​គំរូ​ល្អ​ដល់​ក្មេងជំនាន់ក្រោយ​៕ 
 

Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com