ជាតិ
ក្រសួង​អាច​ពិភាក្សាគ្នា​នៅ​ថ្ងៃ​ចន្ទ​ពី​ករណី​ឆេះ​រថយន្តក្រុងក្រុមហ៊ុន​រិទ្ធិ មុន្នី ១​គ្រឿង​នៅ​បាត់ដំបង
07, Aug 2016 , 6:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ខេត្តបាត់ដំបង កើតមាន​ករណី​ឆាបឆេះ​រថយន្តក្រុង​ពីរ​ជាន់​១​គ្រឿង​របស់​ក្រុមហ៊ុន រិ​ទ្ធិ មុន្នី ដែល​បណ្ដាល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត និង​មនុស្ស​ច្រើន​នាក់​ទៀត​បាន​រងរបួស​។ នេះ​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​ករណី​ឆាបឆេះ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នេះ បានកើត​ឡើង​នៅ​ម៉ោង ១០ និង​៤០​នាទី​យប់​ថ្ងៃទី​៦​ខែសីហា ម្សិលមិញ នៅត្រង់ចំណុច​ហួស​រង្វង់​មូល​រំសាយសក់ ក្រុង​បាត់ដំបង​។ វេ​ប​សាយ៍​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សំដី​ប្រភព​ដែល​ឃើញ​ហេតុការណ៍​យ៉ាង​ដូច្នេះ​ថា​៖«​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិ​ទ្ធិ មុន្នី បើក​ចេញពី​ក្រុង​បាត់ដំបង​ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ ស្រាប់តែ​បានឃើញ​ផ្សែងហុយ​ចេញពី​រថយន្តក្រុង​នោះ ហើយ​បង្ក​ជា​អណ្ដាតភ្លើង​ភ្លាមៗ​ផងដែរ​។ អ្នកបើកបរ​ក៏បាន​ឈប់​រថយន្ត​ឲ្យ​អ្នកដំណើរ​ដែល​ជិះ​នៅក្នុង​នោះ នាំគ្នា​រត់​ចុះ​ចេញពី​រថយន្ត ដោយ​អ្នកខ្លះ​ពុំបាន​យក​របស់របរ​ចេញ​ទាន់​ឡើយ​»​។

បើតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​ដដែល ពេល​កំពុង​កើតហេតុ​ការណ៍​នេះដែរ គេ​ក៏​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ផងដែរ ប៉ុន្តែ​នៅតែ​មិនអាច​ជួយ​បាន ហើយ​រថយន្តក្រុង​នោះ​ក៏ត្រូវ​ឆាបឆេះ​ទាំងស្រុង​។​
 
​ទោះយ៉ាងណា ករណី​ឆេះ​រថយន្តក្រុង ដែល​បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់ និង​រងរបួស​ជាច្រើន​នាក់ ព្រមទាំង​ការខូចខាត​សម្ភារ​ផង​នោះ សមត្ថកិច្ច​មិនទាន់​រកឃើញ​មូលហេតុ​នៃ​ការឆេះ​នៅឡើយ​ទេ​។ ហើយ​រថយន្តក្រុង ដែល​សល់​តែ​គ្រោងឆ្អឹង​មួយ​នេះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​បាត់ដំបង ដើម្បី​រង់ចាំ​ក្រុមហ៊ុន​ចូលមក​ដោះស្រាយ​។​
 
​ជុំវិញ​ករណី​នេះដែរ លោក វ៉ា ស៊ឹម​សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃនេះ​ថា លោក​បានទទួល​ដំណឹង​នេះដែរ តែមិនទាន់​ស៊ី​​ជម្រៅ​ ដោយសារ​ថាថ្ងៃនេះ ​ជា​ថ្ងៃ​ឈប់សម្រាក ដូច្នេះ​ក្រសួង​មិនទាន់មាន​ចំណាត់ការ​អ្វី​ចំពោះ​ករណីនេះ​ទេ​។ លោក វ៉ា ស៊ឹម​សុរិយា  ឲ្យ​រង់ចាំ​ព័ត៌មានលម្អិតពីគ្រោះថ្នាក់​នេះ ​នៅ​ថ្ងៃ​ច័ន្ទ ដែល​មន្ត្រី​ក្រសួង​ប្រហែលជា​ពិភាក្សាគ្នា​ពី​បញ្ហា​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com