ជាតិ
កញ្ញា ធី សុវណ្ណ​ថា ប្រាប់​សម្តេច​ថា ពលរដ្ឋ​នៅ​អា​រ៉ែ​ង កាប់​ឈើ​លក់​ព្រោះ​ជីវភាព​ខ្វះខាត​
22, Aug 2016 , 11:17 am        
រូបភាព
រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ កញ្ញា ធី សុវណ្ណ​ថា បាន​ឡើង​ថ្លែង​នៅ​ចំពោះមុខ សម្តេច ហ៊ុន សែន ថា​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​អា​រ៉ែ​ង គឺជា​អ្នក​កាប់​ព្រៃឈើ យកទៅលក់​ឲ្យ​ក្រុម​ឈ្មួញ​។ កញ្ញា បាន​ប្រាប់​សម្តេច ទៀតថា ការកាប់​ព្រៃឈើ​លក់​បែបនេះ ដោយសារតែ​ពលរដ្ឋ​ទាំងនោះ​ខ្វះខាត​ជីវភាព​។


​កញ្ញា ធី សុវណ្ណ​ថា  លើកឡើងថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ នាំគ្នា​កាប់​ព្រៃឈើ​លក់ ដោយសារតែ​ប្រជាពលរដ្ឋ មិនមាន​មុខរបរ​ផ្សេង​ក្រៅពី​ការ​ទទួលផល​ធនធាន​ធម្មជាតិ​។ ដូច្នេះ កញ្ញា បានស្នើ​ឲ្យ​សម្តេច ហ៊ុន សែន ក៏ដូចជា​រដ្ឋាភិបាល បង្កើត​យន្តការ​យ៉ាងណា ដើម្បី​បង្រៀន​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​សារប្រយោជន៍​ព្រៃឈើ និង​ការប្រកបមុខរបរ​ផ្សេងៗ ដូចជា​ធ្វើស្រែ​ចម្ការ ជាដើម ដើម្បី​បញ្ចៀស​ពួកគាត់ ពី​ការកាប់​ព្រៃឈើ ធ្វើជា​មុខរបរ​ចិញ្ចឹមជីវិត​។ 
 
​កញ្ញា បានបញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ ឃើញ​ប្រជាពលរដ្ឋ​នៅ​តំបន់​អា​រ៉ែ​ង គាត់​នាំគ្នា​កាប់​ព្រៃ​លក់​។ ដល់ពេល​អាជ្ញាធរ​ចាប់ ក៏​ថា ចាប់​តែ​ពលរដ្ឋ​តូចតាច មិន​ទៅ​ចាប់​ឈ្មួញ​ធំៗ​។ អ៊ីចឹង អាជ្ញាធរ ចាប់​ក៏​ខុស មិន​ចាប់​ក៏​ខុស​»​។ 
 
​ការ​ថ្លែង​របស់​កញ្ញា ធី សុវណ្ណ​ថា ធ្វើឡើង​ក្នុង​វេទិកា​ស្តីពី «​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» ដែល​រៀបចំឡើង​នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦​នេះ​៕
 
 
 

Tag:
 ​ធី សុវណ្ណ​ថា​
 ​ហ៊ុន សែន​
  ព្រៃឈើ​
 ​អា​រ៉ែ​ង
© រក្សាសិទ្ធិដោយ thmeythmey.com