ជាតិ
​​​ន​យោ​បាយ​ជាតិ​
​កញ្ញា ធី សុវណ្ណ​ថា ស្នើ​ឲ្យ​ចាត់ការ​អ្នក​លាប​ពណ៌ តែ​សម្តេច ប្រាប់ថា​«​ចៅ​ក៏​ធ្លាប់​លាប​ពណ៌​តា​ដែរ​»
22, Aug 2016 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ចំពោះមុខ​សម្តេច ហ៊ុន សែន កញ្ញា ធី សុវណ្ណ​ថា បាន​សម្តែង​ការសោកស្តាយ ចំពោះ​បុគ្គល​មួយចំនួន ដែល​តែងតែ​លាប​ពណ៌​រដ្ឋាភិបាល ដោយ​ខុសពី​ការពិត​។ ការលើកឡើង​របស់​ក​ញ្ញា ធី សុវណ្ណ​ថា បានធ្វើ​ឲ្យ សម្តេច ហ៊ុន សែន នឹកឃើញ​ដល់​ការ​លាប​ពណ៌ លើ​ក្រុមគ្រួសារ​របស់ខ្លួន​។​


 
​សម្តេច ហ៊ុន សែន ចាប់ផ្តើម​ឈឺចាប់​សាជាថ្មី រហូតដល់​ហូរ​ទឹកភ្នែក​ទៀតផង នៅពេល​នឹកឃើញ​ដល់​ការ​លាប​ពណ៌​លើ​ភរិយា និង​កូនប្រុស​របស់ខ្លួន កាលពី​កន្លងមក​។ សម្តេច មិនអាច​ទទួលយកបាន​នោះទេ ហើយក៏​មិនអាច​លើកឡែង​ឲ្យ​បានដែរ ចំពោះ​អ្នក​ដែល វាយប្រហារ​ថា សម្តេច ប៊ុន រ៉ានី ជា​ភរិយា​របស់​មេដឹកនាំ​វៀតណាម ហើយ​លោក ហ៊ុន ម៉ា​ណែ​ត ក៏​ជា​កូន​របស់​មេដឹកនាំ​វៀតណាម ដែរនោះ​។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ៗ​ថា ការប្រមាថ​នេះ គឺមាន​លក្ខណះ​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​ត្រូវតែ​មានការ​ប៉ះប៉ូវ​ក្នុងតម្លៃ​ដ៏​ខ្ពស់​ខ្ពស់បំផុត​។

​បន្ទាប់ពី​រៀបរាប់​ពី​ក្តី​ឈឺចាប់​រួចហើយ សម្តេច ក៏​និយាយ​ទៅកាន់​កញ្ញា ធី សុវណ្ណ​ថា ដែល​ហៅ​ខ្លួន​ថា «​លោកតា​» វិញ​ម្តង​។ សម្តេច បាន​លើកឡើងថា សម្តេច ត្រូវបាន​គេ​លាប​ពណ៌​ឆ្អែតឆ្អន់​ទៅហើយ ដោយ​ហោចទៅ សូម្បីតែ កញ្ញា ធី សុវណ្ណ​ថា ក៏​ធ្លាប់​លាប​ពណ៌​សម្តេច ដែរ​។ សម្តេច បាន​បែរមុខ​ទៅកាន់ កញ្ញា ធី សុវណ្ណ​ថា ហើយ​ឆ្លើយតប​ថា​៖«​ចៅ​ត្រូវបាន​គេ​លាប​ពណ៌​មួយចំនួន​ទេ​។ តែ​តា​នែ​! ត្រូវគេ​លាប​ពណ៌ រាប់ទាំង​ចៅ ក៏​ធ្លាប់​លាប​ពណ៌​តា​ដែរ កាលពី​នៅ​ជា​វីរនារី​របស់​សង្គ្រោះ​ជាតិ​នុះ​។ មិន​ចឹ​ង​! រឿង​ហ្នឹង និយាយ​គ្នា​ឲ្យ​ត្រង់ៗ​»​។

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ កញ្ញា ធី សុវណ្ណ​ថា អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ក្នុង​វេទិកា​ស្តីពី «​ការការពារ និង​ការអភិរក្ស​ធនធានធម្មជាតិ​» ដែល​រៀបចំឡើង​នៅ​វិមាន​សន្តិភាព​។ ថ្លែង​ក្នុង​វេទិកា​នេះ កញ្ញា ធី សុវណ្ណ​ថា បានស្នើ​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ ចំពោះ​បុគ្គល​មួយចំនួន ដែល​តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​លា​បព​ត៌​មន្ត្រីរ​ដា្ឋ​ភិ​បាល និង​អ្នកដទៃ​ផ្សេងទៀត​។  កញ្ញា បានលើកឡើង​នៅមុខ​សម្តេច ហ៊ុន សែន ថា ការ​លាប​ពណ៌ និង​ការចោទប្រកាន់​ដោយ​ខុសពី​ការពិត​បែបនេះ អាចធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល ដែល​ខិតខំ​បំពេញ​កិច្ចការ បាក់​ទឹកចិត្ត​។ 

​កញ្ញា ធី សុវណ្ណ​ថា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់​ឲ្យ​មន្ត្រី ដែល​ពាក់ព័ន្ធ​ទាំងអស់ យកចិត្តទុកដាក់ កុំ​ឲ្យ​ជន​ខិល​ខួច បង្ហោះ​ផ្សាយ ហើយ​ចោទប្រកាន់​អ្នកដទៃ បំផ្លាញ់​កិត្តិយស​អ្នកដទៃ​។ អ៊ីចឹង សូម​ឲ្យ​មាន​វិធានការ​ផ្លូវច្បាប់​យ៉ាង​ត្រឹមត្រូវ ទៅដល់​ពួកគាត់​។ យើង​ស្រឡាញ់​និង​គោរព​អ្នក​បញ្ចេញមតិ​យ៉ាង​ត្រឹមត្រូវ ប៉ុន្តែ​អ្នក​បញ្ចេញមតិ លាប​ពណ៌ ចោទប្រកាន់​គេ គឺ​ឥត​ចំណេញ​អ្វី​ដល់​សង្គមជាតិ​ទេ ថែមទាំង​ធ្វើ ឲ្យ​មានការ​បែកបាក់​ដល់​ស​ង្គ​ម​ជាតិ​ទៀតផង​»៕


Tag:
 ធី សុវណ្ណ​ថា​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com