ជាតិ
កញ្ញា ធី សុវណ្ណថា សារភាពថា ការរិះគន់សម្តេច ហ៊ុន សែន កន្លងមក ដោយសារខ្លួនវ័យក្មេង គំនិតខ្លី
× ភ្នំពេញ៖ កញ្ញា ធី សុវណ្ណថា បានសុំទោស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការប្រើពាក្យប្រមាថរិះគន់របស់នាងកន្លងមក។ ការសុំទោសនេះ ធ្វើឡើងបន្ទាប់ពី កញ្ញា ធី សុវណ្ណថា ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាអញ្ជើញឲ្យចូលរួមនៅក្នុងវេទិកាស្តីពីការការពារ និង អភិរក្សធនធានធម្មជាតិ ដែលរៀបចំឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
ធ្លាប់ជាសកម្មជនបក្សប្រឆាំងដ៏លេចធ្លោ ដោយសារតែការរិះគន់ពេញៗមាត់ ចំពោះការដឹកនាំរបស់ សម្តេច ហ៊ុន សែន កន្លងមក នៅថ្ងៃនេះ កញ្ញា ធី សុវណ្ណថា បានចេញមុខសុំទោសជាសាធារណៈ ចំពោះកំហុសរបស់នាង ដែលបានប្រើពាក្យប្រមាថ និងរិះគន់ប្រឆាំង ចំពោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានបក្សកាន់អំណាច។
«នាងខ្ញុំ គឺជាក្មេងស្រីម្នាក់ដែលធ្លាប់ប្រមាថ រិះគន់ប្រឆាំង សម្តេច ហ៊ុន សែន តែបែរជាទទួលបានកិត្តិយសឡើងថ្លែងចំពោះមុខសម្តេច សម្តេចបាននិយាយរាក់ទាក់ និងបានផ្តល់កិត្តិយសឲ្យនាងខ្ញុំ ហៅនាងខ្ញុំថា "ចៅស្រី"នាងខ្ញុំបានហៅសម្តេចថា"លោកតា" សម្តេចក៏បានផ្តល់ផ្លូវ១ខ្សែ ស្ពាន១ និងដាក់តំបន់អារ៉ែង ជាតំបន់ទេសចរណ៍ តាមសំណើរបស់នាងខ្ញុំទៀតផង ។ ទឹកចិត្តមេត្តាធម៌ ដ៏ធំធេងរបស់សម្តេច ធ្វើឲ្យនាងខ្ញុំរំភើបចិត្តណាស់ នាងខ្ញុំសុំទោសពាក្យខុសឆ្គងកន្លងមកដោយសារ ភាពវ័យក្មេង គំនិតខ្លី និងជឿបក្សប្រឆាំងពេក»។ នេះជាសារសុំទោសរបស់កញ្ញា ធី សុវណ្ណថា ដែលបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបន្ថែមទៀតថា នាងនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែទម្រង់ផ្លាស់ប្តូរប្រទេស ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា គឺជាអតីតសកម្មជនគណបក្សប្រឆាំងដ៏ល្បីម្នាក់ ដែលបានរិះគន់ឥតសំចៃមាត់ ចំពោះចំណុចអវិជ្ជមាននៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ នៅថ្ងៃនេះ កញ្ញាបានសុំទោស សម្តេច ហ៊ុន សែន និងសន្យាចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរដ្ឋាភិបាលកម្ពុជាទៀតផង៕
Tag:
ធី សុវណ្ណថា
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com