ពីនេះ ពីនោះ
ត្រូវ​ឈប់​សរសេរ​ពាក្យ​«​ឱយ និង អោយ​» ព្រោះ​វចនានុក្រម​ចាត់ទុកថា​មិន​ត្រឹមត្រូវ
28, Nov 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​ឱយ​»​អាច​មិនសូវមាន​អ្នកសរសេរ ប៉ុន្តែ​ពាក្យ​«​អោយ​»​វិញ អ្នកណា​ក៏​ធ្លាប់​សរសេរ​នៅក្នុង​សំណេរ​របស់ខ្លួន​ដែរ​។ ប៉ុន្តែ​ពាក្យ «​ឱយ និង អោយ​»​នេះ វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត មិនបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នោះទេ​។



​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ថា​មិន​យល់ព្រម​ឲ្យ​ប្រើ ពាក្យ​«​ឱយ និង អោយ​»​ឡើយ​។ ដោយ​អនុវត្តតាម​ការពិភាក្សា និង​សម្រេច​ដោយ​គណៈកម្មការ​រៀបចំ​វចនានុក្រម​ខ្មែរ​គ្រា​ដំបូង​បំផុត​ក្នុង​កាល ព​.​ស​.២៤៥៩ គ​.​ស​.១៩១៥ គឺ​តម្រូវ​ប្រើ ពាក្យ​«​ឱ្យ និង ឲ្យ​» វិញ​។

​ឧទាហរណ៍​៖ ធ្វើ​អំណោយ គឺ​លះ​អ្វីៗ​ដល់​អ្នកដទៃៈ ឲ្យ​ប្រាក់​, ឲ្យ​ស្បៀង​, ឲ្យ​ទ្រព្យសម្បត្តិ​, ឲ្យ​គ្រឿង​ស្លៀកពាក់​...​ជាដើម​។ ប្រសិនបើ​ប្រើ​ក្នុងន័យ​បង្គាប់ៈ ឲ្យ​ធ្វើ​, ឲ្យ​រៀន​, ឲ្យ​ទៅ​, ឲ្យ​មក​...​។ ឲ្យ​កាន់ការ មានន័យថា ឲ្យ​ទ​ទួ​កាន់​មុខការ​។ ឲ្យ​ការណ៍ មានន័យថា ប្រាប់​ដំណើរ​ការណ៍​, ប្រាប់​រឿងហេតុៈ សាក្សី​ឆ្លើយ​ឲ្យ​ការណ៍​តាមពិត​។

​ពាក្យ​នេះ​គេ​អាច​សរសេរ​ដូចជាៈ ឲ្យ​ជើង​, ឲ្យ​ដៃ​, ឲ្យ​តម្រួយ​, ឲ្យ​ន័យ​, ឲ្យ​នាម​, ឲ្យ​ឧបាយ​,​ឲ្យ​អំណាច​...​។​

​បញ្ជាក់ថា​៖ ពាក្យ​«​ឱ្យ និង ឲ្យ​» គឺជា​ប្រភេទ​អញ្ញត្រសព្ទ “​សព្ទ​ដោយឡែក គឺ​ពាក្យ​ខ្លះ​ដែល​សរសេរ​ខុសពី​បែប​ប្រើ​អក្សរ ខុសពី​សំឡេង​និយាយ​។ ឧទាហរណ៍ «​អញ​, អ្នក​, នេះ​, នោះ​, ឲ្យ​, ហោង​» ដែល​មិនត្រូវ​សរសេរ​តាម​សូរ​ថា «​អា​ញ់​, នាក់​, និះ​, នុះ​, ឱយ​, អ្ហ​ង​»​។​”

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com