បទយកការណ៍ / បទសម្ភាសន៍
វេជ្ជបណ្ឌិត សុខ​រង្សី បង្ហាញ​ពី​អាហារ និង​ទម្លាប់ ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម
25, Sep 2016 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ជំងឺ​ទឹកនោមផ្អែម បាន​ក្លាយជា​ក្តី​ព្រួយបារម្ភ​របស់​មនុស្ស​ជាច្រើន​ក្នុងសង្គម ដោយសារតែ​ជំងឺ​នេះ ពិបាក​ព្យាបាល និង​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។  វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ លោក និ​ន សុខ​រង្សី  បាន​ប្រាប់​ពី​ប្រភេទ​ចំណីអាហារ និង​ឥរិយាបថ​មួយចំនួន ដែល​ជំរុញ​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម ដើម្បី​បង្កា​កុំ​ឲ្យ​មាន​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

  

សូម​អញ្ជើញ​អាន​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត និ​ន សុខ​រង្សី នាយក​វេជ្ជសាស្ត្រ​នៅ Mengly J. Quach Student Health Center ប្រចាំ​សាលារៀន និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង ដូចតទៅ​៖      

លោក រ៉ឹ​ម ភា​រី​៖   តើ​មាន​ចំណីអាហារ​ប្រភេទ​ណាខ្លះ ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​?
​លោក និ​ន សុខ​រង្សី​៖ ជំងឺ​ទឹកនោមផ្អែម គឺ​បណ្តាលមកពី​ការបរិភោគ​ប្រភេទ​ចំណីអាហារ ដែលមាន​ជាតផ្អែម​ខ្លាំង ដូចជា​៖ ភេសជ្ជៈ នំ​ផ្អែម និង​បង្អែម​គ្រប់​ប្រភេទ​។ 

លោក រ៉ឹ​ម ភា​រី​៖   តើ​អាហារ​ដែលមាន​ជាត​ផ្អែម សុទ្ធតែ​បណ្តាល​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម ឬ​វា​មានគុណ​សម្បត្តិ​ខ្លះ​ដែរ​? 
​លោក និ​ន សុខ​រង្សី​៖ ត្រឹមត្រូវ​! នៅពេលដែល​យើង​អស់កម្លាំង ដូចជា ពេល​យើង​លេង​កីឡា​រួច ធ្វើ​ការងារ​ធ្ងន់ៗ អាហារ​ជាត​ផ្អែម ដូចជា ភេសជ្ជៈ អាចជួយ​បំពេញ​ថាមពល​បាន​ឆាប់រហ័ស ដែល​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ឡើងវិញ​។ ជាងនេះទៅទៀត នៅពេល​រាងកាយ​យើង​ខ្វះ​ជាត​ស្ករ គឺ​គួរ​បរិភោគ​អាហារ​ជាតិ​ផ្អែម ព្រោះ​វា​បាន​ជួយ​ខួរក្បាល និង​សាច់ដុំ​។ យ៉ាងណាក៏ដោយ  ទម្លាប់​ផឹក​ភេសជ្ជៈ​ដែល​បាន​ជាត​ផ្អែម​ច្រើន គឺជា​ទម្លាប់​មិនល្អ​ឡើយ ពីព្រោះ វា​ជា​ដើមចម ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​។   

លោក រ៉ឹ​ម ភា​រី​៖ ក្រៅ​ចំណីអាហារ តើ​មាន​ទម្លាប់​អ្វីខ្លះ​ទៀត ដែល​ងាយ​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​?
​លោក និ​ន សុខ​រង្សី​៖ ជាការ​ពិត ឥរិយាបថ ឬ​ទម្លាប់​នេះ បាន​ជះឥទ្ធិពល​ខ្លាំង​ចំពោះ​សុខភាព​មនុស្ស​។ ដូចគ្នា​ដែរ ជំងឺ​ទឹកនោមផ្អែម ក៏បាន​កើតឡើង​បណ្តាលមកពី​មនុស្ស​មិន​ចូលចិត្ត​ហាត់ប្រាណ ដែល​ធ្វើ​រាងកាយ​មិន​រឹងមាំ និង​សម្បូរ​ជាត​ខ្លាញ់ និង​ស្ករ​នៅក្នុង​ខ្លួន​។ 

លោក រ៉ឹ​ម ភា​រី​៖ តើ​គួរ​ធ្វើ​ដូចម្តេច ដើម្បី​ចៀស​ផុតពី​ជំងឺ​ទឹកនោមផ្អែម​?  
លោក និ​ន សុខ​រង្សី​៖ ទីមួយ គឺ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​កុំ​ព្យាយាម​ញ៉ាំ​អាហារ​ដែលមាន​ជាត​ផ្អែម​ពេក តែ​គួរតែ​ត្រូវ​ពិសា​អាហារ​ឲ្យ​មាន​តុល្យភាព​គ្នា​រវាង​ជាត​ផ្អែម និង​ជាត​ប្រៃ​។ ទី​ពីរ គឺ​គួរតែ​ញ៉ាំ​កាហ្វេ​អត់​ជាតិ​ស្ករ ព្រោះ​កាហ្វេ អាចធ្វើ​ឲ្យ​ជាតស្ករ​ថយចុះ​ផងដែរ​។ ទី​បី គឺ​គួរ​ផឹកទឹក​ឲ្យ​បាន​ច្រើន និង​ហាត់ប្រាណ​បាន​ទៀងទាត់ ដើម្បី​ឲ្យ​ចេញ​ញើស​កាត់បន្ថយ​ជាត​ពុល និង​ជាត​ស្ករ​ក្នុង​ខ្លួន និង​ទី​បួន គឺ​គួរតែ​ញ៉ាំ​អាហារ​នៅក្នុង​ផ្ទះ ជាជាង​ទៅ​ហូប​អាហារ​នៅ ក្រៅ​ផ្ទះ ពីព្រោះ ការធ្វើ​ម្ហូប​ខ្លួនឯង យើង​អាច​កំណត់ថា តើ​ត្រូវដាក់​ស្ករ​ប៉ុន្មាន​? ប្រៃ​ប៉ុន្មាន​? ផ្ទុយ​មកវិញ បើ​យើង​ទៅ​ញ៉ាំ​ក្រៅ​ផ្ទះ នោះ​ចុងភៅ គេ​មិន​ធ្វើតាម​អ្វីដែល​យើង​ត្រូវការ​នោះទេ តែ​គេ​ធ្វើ​ដើម្បី​ឲ្យ​ឆ្ងាញ់ និង​តម្រូវ​តាម​ចំណង់​ចំណូលចិត្ត​មនុស្ស​ភាគច្រើន​៕      


Tag:
 លោក និ​ន សុខ​រង្សី​
 ​ ទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com