ជាតិ
បទវិភាគ
តើ​ដល់​ពេលដែល​ខ្មែរ​ត្រូវ​និយាយ​សំឡេង​តែមួយ​ហើយ​ឬ​នៅ​?
15, Oct 2016 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
​លិខិត​មិត្ត​អ្នកអាន លោក ចារ សុភាព (​ភ្នំពេញ​)
 
​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ឬ​សតវត្សរ៍​មកហើយ​ដែល​គេ​តែងតែ​លឺ​ខ្មែរ​យើង​ឈ្លោះ​គ្នា​រហូត​។ ឈ្លោះ​គ្នា​តាំងពី​ខ្មែរ​មាន​ទឹកដី​ធំ នៅសល់​ទឹកដី​តូច​។ ឈ្លោះ​គ្នា​នៅក្នុង​ប្រទេស​មិន​ចប់ តាម​ទៅ​ឈ្លោះ​គ្នា​នៅ​បរទេស​ទៀត ក្នុងខណៈ​ពេលដែល​ពួកគេ​ភៀសខ្លួន​ទៅ​រស់នៅ​ស្រុក​គេ ដូចជា សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី កាណាដា​។​ល​។


 
​ហេតុអ្វី​បានជា​ខ្មែរ​យើង​មិនសូវ​ត្រូវរ៉ូវ​នឹង​គ្នា​? អ្នកខ្លះ​បាន​បកស្រាយ​ថា ពីព្រោះ​ខ្មែរ​យើង​មិនសូវ​ចេះ​អន់អោន​ឲ្យ​គ្នា​, ខ្មែរ​យើង​មាន​ចរិត​មានៈ ខ្មែរ​យើង​ប្រកាន់​ជំហរ​តឹងរឹង​ពេក​, ខ្មែរ​យើង​ខ្វះ​គំនិត​សាមគ្គី​, ខ្វះ​គំនិត​សង្គ្រោះ​គ្នា​, ខ្មែរ​យើង​បង្កប់​គំនិត​ច្រណែន​ច្រើនពេក​។ ហើយ​អ្នក​ខ្លះទៀត និយាយថា ខ្មែរ​យើង​ឈ្លោះ​គ្នា​ដោយសារ​បរទេស​«​ចាក់​»​ឲ្យ​ឈ្លោះ​គ្នា មានន័យថា បរទេស​មិន​ចង់​ឲ្យ​ខ្មែរ​បាន​សុខ​ឡើយ​។ 
 
​បើទោះបីជា​គំនិត​នេះ ត្រូវបាន​គេ​លើកឡើង​តាំងពី​យូរ​មកហើយ​ក៏ដោយ ក៏​ទស្សនៈ​នេះ ទំនងជា​បន្ត​នៅតែ​ត្រឹម​ត្រូវជា​រៀងរហូត​មកដល់​កាលៈទេសៈ​បច្ចុប្បន្ននេះ​។ ក្នុង​ពេលនេះ ពលរដ្ឋ​នៅក្នុង​ប្រទេស​មាន​ទស្សន​នយោបាយ​ខុសគ្នា ដូចគ្នា​ដែរ នៅក្រៅ​ប្រទេស​។ នៅក្នុង​ប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ ទស្សន​នយោបាយ​ខុសគ្នា ឬ​ការបញ្ចេញ​គំនិត​ខុសគ្នា ត្រូវបាន​គេ​ចាត់ទុកថា គឺជា​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ តែ​នៅក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​វិញ អ្នកមាន​ទស្សន​នយោបាយ​ខុសគ្នា ច្រើន​ចាត់ទុក​គ្នា​ជា​«​សត្រូវ​» ឬ​ជា​«​គូបដិបក្ខ​» ហើយ​ពេលខ្លះ ពួកគេ​មិនអាច​មើលមុខ​គ្នា​ចំ​ទៀតផង​។ ទង្វើ​នេះ គឺជា​សកម្ម​ភាពមិន​ត្រឹមត្រូវ​ឡើយ​។ 
 
​សង្គម​ខ្មែរ​គួរ​បណ្តុះ​គំនិត​មួយ​ដែលមាន​អត្ថន័យ​ថា គំនិត​ផ្ទុយគ្នា ឬ​ខុសគ្នា គឺជា​ភាព​សម្បូរបែប​នៃ​គំនិត​ជឿនលឿន ហើយ​ភាពខុសគ្នា​នេះ គឺជា​សោភ័ណ​លម្អរ​ដំណើការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ និយាយ​ឲ្យ​ខ្លី គួរ​ខ្មែរ​បោះបង់​ការគិត​«​គំនិត​»​ខុសគ្នា គឺជា​សត្រូវ​។ ប្រសិនបើ​គំនិត​អន់ថយ​នេះ នៅតែ​ស្ថិតនៅក្នុង​ខួរក្បាល​ពលរដ្ឋ​ខ្មែរ​ទៀត​នោះ​។ តើ​ពេលណា​ទៅ​ទើប​ខ្មែរ អាច​និយាយ​សំឡេង​តែមួយ​បាន​នោះ​? ចូរ​ចៀសវាង​ពាក្យ​មួយ​ឃ្លា​ដែល​គេ​ធ្លាប់​និយាយ​ចំអក​ថា «​ខ្មែរ​ពូជ​អ្នក​ចម្បាំង អត់​គេ​ច្បាំង ច្បាំង​គ្នាឯង​»​។ 
 
​ចូរ​ខ្មែរ​ងាក​មក​ចាប់អារម្មណ៍​ជាថ្មី​នូវ​សុភាសិត​ខ្មែរ​ដែល​ចារ​មក​ថា​៖«​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​»៕ 

© រក្សាសិទ្ធិដោយ thmeythmey.com