កីឡាជាតិ
ជាតិ
លោក Lee ៖ «​ខ្ញុំ​អាច​កែទម្រង់​លេង ប៉ុន្តែ​ទម្លាប់​មិនល្អ​កីឡាករ​ខ្ញុំ​ពិបាក​កែ​»
22, Oct 2016 , 10:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ឈានទៅ​កាន់​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់ AFF Suzuki Cup ក្រោយ​យកឈ្នះ​ទាំង​៣​ប្រកួត​នា​ការប្រកួត​ជម្រុះ​នៅលើ ទឹកដី​របស់ខ្លួន​។ សម្រាប់​ជំនួប​ចុងក្រោយ​កាលពី​ថ្ងៃទី​២១ តុលា កម្ពុជា​បានឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ ដែលជា​លទ្ធផល​គាប់ចិត្ត​សម្រាប់​អ្នកគាំទ្រ​។ ប៉ុន្តែ​សម្រាប់​គ្រូបង្វឹក​ក្រុម​កម្ពុជា​វិញ មិនសូវ​សប្បាយចិត្ត​ដូច​អ្នកគាំទ្រ​ឡើយ​។ មិន​សប្បាយចិត្ត​ដោយសារតែ​កីឡាករ​បង្កើត​កំហុស​ដដែលៗ​ក្នុងការ​ប្រកួត ដែល​គ្រូបង្វឹក​កម្ពុជា ចាត់ទុកថា ជា​ទម្លាប់​អាក្រក់​របស់​កីឡាករ ដែល​ពិបាក​នឹង​កែប្រែ​។​



«​ខ្ញុំ​អាច​រៀបចំ​កលល្បិច​លេង​នៃ​ក្រុម និង​កែទម្រង់​លេង​នៃ​ក្រុម​បាន​។ ប៉ុន្តែ​ការកែ​ទម្លាប់​អាក្រក់​របស់​កីឡាករ​ខ្ញុំ​ពិបាក​នឹង​កែ​»​។ នេះ​ជាការ​បញ្ជាក់​របស់​គ្រូបង្វឹក​ក្រុម​កម្ពុជា លោក Lee Tea Hoon ដែល​សម្លឹង​ឃើញ​ពី​ចំណុចខ្សោយ និង​ទម្លាប់​មិនល្អ​របស់​ក្រុម​កីឡាករ​កម្ពុជា​។ សម្រាប់​លោក Lee ទម្លាប់​មិនល្អ​របស់​កីឡាករ​នោះ គឺ​ត្រង់​ថា​រាល់​ការប្រកួត​កីឡាករ​តែងតែ​ធ្វេសប្រហែស​គ្រាប់​បាល់​ឲ្យ​គូប្រកួត​ខ្លួន ពោល​បានន័យថា រាល់​ពេលដែល​ក្រុម​កម្ពុ​ជាមាន​គ្រាប់​បាល់​នាំមុខគេ​នោះ កីឡាករ​ទាំងអស់​ភាគ​ច្រើន គឺ​ទម្លាក់​ទម្រង់​លេង​ដោយ​មិនសូវ​យកចិត្ត​ទុក​រារាំង​គូប្រកួត​ឡើយ​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត ក្រោយ​ឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ គ្រូបង្វឹក​កម្ពុជា​រូបនេះ បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ដូច្នេះ​ថា​៖«​រាល់​ការប្រកួត​នីមួយៗ មិនមែនជា​ការប្រកួត​ដោយ​ងាយស្រួល​ឡើយ ប៉ុន្តែ​រាល់​ការប្រកួត​យើង​ពិតជា​បង្កើត​កំហុស​ដដែលៗ​។ ជាធម្មតា​ខ្ញុំ​មិន​ចង់​ចុច​ឈ្មោះ​ដាក់​កំហុស​អ្នកណាម្នាក់​នោះទេ ប៉ុន្តែ​លើក​នេះ​ក្នុង​តង់​ទីមួយ កីឡាករ សុខ សុវណ្ណ ,​សឿ​យ វិសាល និង​សំអឿន ពិដោ ពិតជា​បង្កើត​កំហុស​ធំ​ក្នុង​ការប្រកួត ដែល​ទុក​ឲ្យ​គូប្រកួត​មានឱកាស​ច្រើន ។​ពីព្រោះ​បន្ទាប់ពី​យើង​ស៊ុត​បញ្ចូល​ទី​គេ​គ្រាប់​ទី​ពីរ​ហើយ កីឡាករ​មួយចំនួន​ចាប់ផ្ដើម​លេង​ទម្លាក់ខ្លួន មិនសូវ​លេង​តាម​ទម្រង់​ធម្មតា ។ ខ្ញុំ​គិតថា​កីឡាករ​តែងតែមាន​ទម្លាប់​អាក្រក់​នេះ សម្រាប់​ក្រុម​ជម្រើសជាតិ​ខ្ញុំ​ពិបាក​កែ​ទម្លាប់​អាក្រក់​កីឡាករ​នេះ​ណាស់​»​។​

​ត្រង់ចំណុច​នេះ លោក Lee យល់ថា ទម្លាប់​លេង​មិនល្អ​នេះ គឺ​មានតែ​កីឡាករ​ខ្លួនឯង​ទេ ដែល​អាច​កែប្រែ​ចំណុចខ្សោយ​នេះ​បាន​។ ហើយ​បើ​ពួកគេ​អាច​កែប្រែ​ទម្លាប់​លេង​នេះ​បាន នោះ​ពួកគេ​នឹង​អាច​ពង្រឹងសមត្ថភាព និង​តុល្យភាព​ទាំង​ការលេង​ឲ្យ​ក្រុម​ក្នុង​លី​គ​កម្ពុជា និង​ទាំង​ក្រុម​ជម្រើសជាតិ​ផងដែរ​។​«​ខ្ញុំ​សង្ឃឹមថា កីឡាករ​ទាំងអស់​នឹង​ព្យាយាម​កែប្រែ​ទម្លាប់​អាក្រក់​របស់ខ្លួន​»​។ នេះ​ជាការ​ទទូច​របស់​គ្រូបង្វឹក​កម្ពុជា​។​

​ក្រោយ​យកឈ្នះ​៣​​​​ប្រកួត​នេះ​​​ កម្ពុជា​ដែល​រក​​​បាន​៩​ពិន្ទុ​​ ត្រូវ​ឡើងទៅ​​​​​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​វៀតណាម នៅក្នុង​ពូ​ល B នៃ​វគ្គ​ចាប់​ពូ​ល​៕


Tag:
 Lee Tea Hoon
 ​ កម្ពុជា​
  ​បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com