ពីនេះ ពីនោះ
ការពិតពាក្យ«សហាយ» បែរជាមានអត្ថន័យល្អជាងពាក្យថា«សង្សារ»ទៅវិញ
× ភ្នំពេញ៖ ពាក្យ«សហាយ» និង«សង្សារ» គ្រាន់តែអានភ្លាម ក្នុងអារម្មណ៍តែងតែគិតថា ពាក្យ«សហាយ» គឺមានអត្ថន័យអវិជ្ជមាន ហើយពាក្យ«សង្សារ»មានអត្ថន័យវិជ្ជមាន។ បន្ថែមពីនេះ ពាក្យ«សង្សារ» គឺជាពាក្យដែលពេញនិយម រវាងយុវជន និង យុវនារី ដែលស្រឡាញ់គ្នា ហើយតែងតែនិយាយថា «នាងជាសង្សារខ្ញុំ, បុរសម្នាក់នោះជាសង្សារខ្ញុំ» ជាដើម។ ចង់ដឹងថាពាក្យទាំងពីរនេះមានអត្ថន័យបែបណា វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ដូចខាងក្រោម៖
ចំពោះពាក្យ «សហាយ» មានថ្នាក់ពាក្យជានាម មានន័យថា សម្លាញ់, មិត្តសម្លាញ់, អ្នកដែលទៅ ឬមកជាមួយ, អ្នកជូន, អ្នកកំដរ, គ្នា, អ្នកដែលជាគ្នា(បើស្ត្រីជាសហាយិកា)។ ខ្មែរប្រើពាក្យនេះ សំដៅសេចក្ដីផ្សេងថា “បុរសស្ត្រីដែលដើរហើរឬដែលខូចកាចនឹងគ្នា”។
បើជា «សហាយកំណាន់» មានន័យថា សហាយដែលជាកំណាន់ចិត្ត។ «សហាយស្មន់» មានន័យថា សហាយដែលខូចកាចនឹងគ្នា ដល់បែកការត្រូវបង់ប្រាក់ពិន័យមុខស្មន់។ ចំពោះពាក្យ«មុខស្មន់»នេះវិញមានន័យថា មុខក្រសួង ឬនាទីដែលត្រូវពិន័យតាមមាត្រាច្បាប់ បញ្ញត្តិអំពីស្មន់នឹងគ្នា។
ដោយឡែកពាក្យ «សង្សារ» មានថ្នាក់ពាក្យជានាម មានន័យថា ដំណើរអន្ទោលទៅមក, ដំណើរអន្ទោលកើតស្លាប់មិនឈប់មិនស្រាក។ ប៉ុន្តែខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “ស្ដ្រីជាគូកម្សត់, ស្ដ្រីជាសហាយស្មន់”ក៏មាន។ ចំពោះពាក្យ«សង្សារ»នេះផងដែរនឹងមានអត្ថន័យផ្សេងៗគ្នាជាច្រើន នៅពេលដែលយកពាក្យនេះ ទៅផ្សំជាមួយពាក្យផ្សេងៗមួយចំនួនទៀតដូចជា៖ សង្សារទុក្ខ, សង្សារទោស, សង្សារព័ន្ធន៍, សង្សារភព, សង្សារភ័យ...។
ជារួមមក ប្រសិនបើមើលជាអត្ថន័យក្នុងចំណោមពាក្យទាំងពីរនេះ ពាក្យ«សហាយ» មានអត្ថន័យល្អ ជាងពាក្យ«សង្សារ»។ ប៉ុន្តែក្នុងករណីនិយាយថា «សហាយស្មន់»ទើបទាញពាក្យថា «សហាយ»ទៅជាអវិជ្ជមានវិញ៕
ដកស្រង់ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com