ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនកម្ពុជា ថៃ និងអ៊ីស្រាអែល សហការគ្នាជំរុញការដាំដំណាំ«ល្ម៉ើ»នៅកម្ពុជា
× ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុក និងបរទេស បានសហការគ្នា ដើម្បីអភិវឌ្ឍន៍ដំណាំល្ម៉ើនៅកម្ពុជា។ តំណាងក្រុមហ៊ុនទាំងនេះ បានបង្ហាញពីសក្ដានុពលនៃដំណាំនេះ ដែលត្រូវនឹងប្រភេទដីនៅកម្ពុជា និងហុចទិន្នផលច្រើន ព្រមទាំងមានការធានាទីផ្សារលក់ផលិតផល។
ពិធីចុះអនុស្សារណៈស្ដីពីការអភិវឌ្ឍន៍ដំណាំល្ម៉ើនៅកម្ពុជា បានប្រព្រឹត្តទៅថ្ងៃទី២៤ខែតុលា រវាងក្រុមហ៊ុន ខេង ឡាយ ខូអិលធីឌី ក្រុមហ៊ុន Daily Green របស់ថៃ និងក្រុមហ៊ុន A.T.C Supply របស់អ៊ីស្រាអែល ដោយមានវត្តមានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ខេង ច័ន្ថា អគ្គនាយក្រុមហ៊ុន ខេង ឡាយ មានប្រសាសន៍ថា ក្រុមហ៊ុនទាំងបីសហការគ្នាលើការផ្តល់បច្ចេកទេសដាំល្ម៉ើដល់កសិករ, ផ្គត់ផ្គង់កូនល្ម៉ើ និងប្រមូលទិញផលពីកសិករ។ លោកបន្តថា ក្រុមហ៊ុន Daily Green មានតម្រូវការល្ម៉ើរពីកម្ពុជាចំនួនពី១ម៉ឺន ទៅ២ម៉ឺនតោនក្នុង១ឆ្នាំ ដែលបរិមាណនេះ ត្រូវការផ្ទៃដីដាំដុះប្រមាណ ៥ម៉ឺនហិកតា។ លោកបន្ថែមថា ក្រុមហ៊ុនបានព្រមព្រៀងគ្នា ដើម្បីពង្រីកការដាំដុះល្មើ។ «យើងមានផែនការ ១០ឆ្នាំ ដោយ១ឆ្នាំយើងអភិវឌ្ឍន៍ពី៥ពាន់ ទៅ១ម៉ឺនហិកតា ដែលយើងអាចផ្គត់ផ្គង់កូនបាន។ នេះជាគម្រោងមេរបស់យើង តែបច្ចុប្បន្នយើងមិនទាន់ស្ទាបស្ទង់កសិករតាមខេត្តថាមានតម្រូវការដាំដុះប៉ុន្មានហិកតា?»។
បើតាមលោក ខេង ច័ន្ថា ល្ម៉ើជាដំណាំត្រូវការទឹកតិច មិនពិបាកថែទាំ និងត្រូវនឹងប្រភេទដី និងអាកាសធាតុនៅកម្ពុជា។ ដំណាំនេះ អាចដាំនៅគ្រប់ខេត្ត តាមតំបន់ខ្ពង់រាប។ លោកនិយាយថា បើតាមទីផ្សារសព្វថ្ងៃ កសិករអាចលក់ល្ម៉ើថ្លៃ៥ ឬ៦ដុល្លារក្នុង១គីឡូក្រាម តែលោកអះអាងថាក្រុមហ៊ុននឹងកំណត់តម្លៃប្រសើរជាងនេះ។ លោក ច័ន្ថា ឲ្យដឹងថា គេអាចកែច្នៃល្ម៉ើ ទៅជាដំណាប់ ភេសជ្ជៈ ការ៉េម កាហ្វេ តែ ស្ករ និងឡេលាបស្បែកជាដើម។ លោកប្រាប់ទៀតថា ក្រុមហ៊ុននឹងបង្កើតក្រុមការងារ និងរៀបចំសិក្ខាសាលា ដើម្បីផ្ដល់ព័ត៌មានជុំវិញការដាំល្ម៉ើដល់កសិករ។
លោកស្រី Pornpattarawadee W. តំណាងក្រុមហ៊ុន Daily Green ឲ្យដឹងថា ការដាំដុះល្ម៉ើ ត្រូវការរយៈពេល៤ឆ្នាំ ដើម្បីប្រមូលផល ហើយបន្តដល់រយៈពេល ៧០ឆ្នាំ។ លោកស្រីបន្ថែមថា ដី១ហិកតា គេអាចដាំល្ម៉ើពី១៣០ដើម ទៅ ២០០ដើម ហើយក្នុង១ហិកតាហុចទិន្នផលប្រមាណ ៥០តោនក្នុង១ឆ្នាំ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបង្ហាញពីសក្ដានុពលនៃដំណាំល្ម៉ើនេះ។ «ដំណាំល្ម៉ើនេះ យើងទើបតែពិនិត្យឃើញថា វាមានសារៈសំខាន់ និងផ្ដល់ចំណូលខ្ពស់សម្រាប់ប្រជាជន»។ នេះជាការបញ្ជាក់របស់លោក វេង សាខុន មុននឹងលោកបន្តថា៖«តាមរយៈការសន្យាក្នុងអនុស្សារណៈនៅថ្ងៃនេះ គឺទាមទារឲ្យទទួលទិញពីប្រជាជន។ មុននឹងដាំដុះ កសិករនិងក្រុមហ៊ុន ត្រូវចុះកិច្ចសន្យា ដោយមានក្រសួងកសិកម្មជាសាក្សី ដើម្បីធានាកាលក់ផលិតផលរបស់កសិករបានពេញលេញ»។
ក្រុមហ៊ុន ខេង ឡាយ កំពុងអភិវឌ្ឍន៍សួនដំណាំល្មើគំរូរបស់ខ្លួន លើផ្ទៃដី១០ហិកតា នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយក្រុមហ៊ុននាំចូលពូជល្ម៉ើពីប្រទេសថៃ៕
Tag:
ល្ម៉ើរ
កសិកម្ម
វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com