អន្តរជាតិ
មន្ត្រីជប៉ុនបារម្ភ ព្រោះខ្លាចលោក Duterte បង្ហាញអាកប្បកិរិយាមិនសមរម្យពេលគាល់អធិរាជ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
× ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលត្រូវគេស្គាល់ដោយសារមាត់អត់គម្រប និងអាកប្បកិរិយាមិនសមរម្យ បានទៅដល់ជប៉ុនហើយនៅថ្ងៃទី២៥ ខែតុលា ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅទីនោះ។ ប៉ុន្តែការចូលចិត្តប្រើសម្ដីគ្រោតគ្រាត និងការមិនស្លៀកពាក់តាមបែបបទពិធីការនេះហើយ គឺជាបញ្ហាដែលធ្វើឲ្យមន្ត្រីជប៉ុនព្រួយខ្លាំង។ គេបារម្ភថា លោក Duterte នឹងបញ្ចេញសកម្មភាពមិនសមរម្យរបៀបនេះ នៅពេលចូលគាល់អធិរាជជប៉ុន ដែលប្រជាជនជប៉ុនគោរពខ្លាំងនោះ។
សូមស្ដាប់ព័ត៌មានលម្អិត៖
គេអាចចាំបានថា ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបង្ហាញសកម្មភាពមិនសមរម្យមួយចំនួនដូចជា ការទំពារស្ករកៅស៊ូ និងមិនបិទឡេវអាវ ខណៈលោកកំពុងជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងក្រុងប៉េកាំង។ អាកប្បកិរិយាបែបនេះ បានបង្ហាញពីការមិនគោរពប្រទេសម្ចាស់ផ្ទះយ៉ាងខ្លាំង បើទោះជាអាចយល់បានថា នេះជាទម្លាប់របស់ប្រធានាធិបតីរូបនេះក៏ដោយចុះ។
ដោយសារតែប្រធានាធិបតីហ្វីលីពីនចូលចិត្តធ្វើសកម្មភាពមិនសមរម្យបែបនេះ ទើបមន្ត្រីជប៉ុនកំពុងតែមិនសូវសប្បាយចិត្តឡើយ។ លោក Duterte នឹងចូលគាល់ព្រះចៅអធិរាជអាគីហ៊ីតុ នៅថ្ងៃទី២៨ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក។ ហើយគេកំពុងគិតថា លោក អាចនឹងបញ្ចេញអាកប្បកិរិយាមិនសមរម្យចំពោះព្រះភក្ត្រអធិរាជជប៉ុន ដូចដែលធ្លាប់ធ្វើចំពោះមុខប្រធានាធិបតីចិនដែរ។
ដូចដែលធ្លាប់បានដឹង ជប៉ុន គឺជាប្រទេសដែលឲ្យតម្លៃខ្លាំងលើការគោរពគ្នា និងអាកប្បកិរិយាដែលសមរម្យ។ ជាពិសេសនោះ អធិរាជជប៉ុន រឹតតែត្រូវបានប្រជាជនគោរពយ៉ាងខ្លាំង។ លោក Itsunori Onodera សមាជិកសភាមកពីបក្សប្រជាធិបតេយ្យសេរី និយាយថា អាកប្បកិរិយាមិនសមរម្យរបស់លោក Duterte អាចបន្សល់ទុកអនុស្សាវរីយ៍អាក្រក់សម្រាប់ប្រជាជនជប៉ុន ហើយសកម្មភាពរបស់លោកពិតជាមានឥទ្ធិពលខ្លាំងណាស់។
យោងតាមសារព័ត៌មាន Asia Correspondent សមាជិកសភារូបនេះបង្ហាញក្ដីសង្ឃឹមថា លោក Duterte យល់ពីបញ្ហានេះ និងមិនធ្វើអ្វីដែលមិនសមរម្យ ដូចជាការទំពារស្ករកៅស៊ូឡើយ។ ហើយលោកក៏ជឿ ដែរថា រដ្ឋបាលក្រុងម៉ានីលនឹងរម្លឹកលោកប្រធានាធិបតី Duterte ពីបញ្ហាជាក់លាក់ទាំងនេះផងដែរ។
មន្ត្រីជប៉ុនបានបង្ហាញក្ដីបារម្ភដូចនេះ ក្រោយប្រធានាធិបតីហ្វីលីពីនបញ្ចេញសកម្មភាពប្លែកៗក្នុងទស្សនកិច្ចនៅចិន។ វីដេអូចាក់ផ្សាយតាមទូរទស្សន៍ស្ដីពីដំណើរទស្សនកិច្ចនោះបង្ហាញថា លោក Durerte បានដើរដោយដាក់ក្នុងហោប៉ៅ និងទំពារស្ករកៅស៊ូក្នុងជំនួបជាមួយលោក ស៊ី ជិនពីង។ ប៉ុន្តែនេះក៏មិនមែនជាលើកទីមួយដែលលោកធ្វើសកម្មភាពប្លែកៗដូចនេះដែរ។
ខុសពីមេដឹកនាំដទៃ លោក Duterte តែងពាក់ Barong ដែលជាអាវបំពាក់ប្រពៃណីហ្វីលីពីននៅក្នុងអង្គប្រជុំធំៗ ឬក៏ទស្សនកិច្ចនៅបរទេស ជំនួសឲ្យការពាក់អាវធំ។ ពេលខ្លះទៀត លោកថែមទាំងចំហឡេវអាវ ឬក៏មូលដៃអាវផងដែរ។ នេះមិនទាន់អស់ឡើយ ជាញឹកញយនោះ លោក Duterte ស្លៀកខោខូវប៊យ ហើយក៏មិនពាក់ស្រោមជើងទៅទៀត៕
Tag:
ហ្វីលីពីន
Rodrigo Duterte
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com