ជាតិ
បទវិភាគ
យុវជន​ខ្មែរ​៖ ច្បាស់​ហើយ​ឬ​នៅ​ថា​ខ្លួន​ចង់បាន​សង្គម​បែបណា​?
27, Oct 2016 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សង្គមជាតិ​មួយ​ដែលមាន​ការអភិវឌ្ឍ មាន​សន្តិភាព មាន​សេរីភាព សមភាព យុត្តិធម៌ ភាតរភាព វឌ្ឍនភាព សុភមង្គល សីលធម៌ គុណធម៌ តម្លាភាព ហើយ​មនុស្ស​នៅក្នុង​សង្គម​រស់នៅ​មាន​ភាពថ្លៃថ្នូរ​ទាំងអស់គ្នា ទាំង​ផ្នែក​សេដ្ឋកិច្ច សុខភាព កិត្តិយស និង​តម្លៃ​ក្នុងនាម​ជាម​នុស្ស​ដូចគ្នា គឺជា​សង្គម​ដែល​មនុស្ស​គ្រប់រូប​អ្នកណា​ក៏ចង់បាន​។ ប៉ុន្តែ ត្រូវ​សួរ​ទៅ​យុវជន​ថា តើ​ខ្លួន​បានរៀបចំ​ខ្លួន​បែបណា​ដើម្បី​ឲ្យ​ទទួលបាន​សង្គម​បែបនេះ​?



​ផ្ដើម​ពី​សំណួរ​ទៅ​យុវជន​ថា តើ​សង្គម​បែបណា​ដែល​ខ្លួន​មានបំណង​ចង់បាន​? សំណួរ​នេះ ច្បាស់​ណាស់​នឹង​ទទួលបាន​ចម្លើយ​ថា គឺ​ពួកគេ​ចង់បាន​សង្គម​មួយ ដែល​ពលរដ្ឋ​រស់នៅ មាន​សេរីភាព សមភាព ភាតរភាព វឌ្ឍនភាព និង​សុភមង្គល​។ បន្ថែម​ពីនេះ គឺជា​សង្គម​មួយ ដែល​ទំនើប ជឿនលឿន លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​សង្គម និង​វិទ្យាសាស្ត្រ​។ ចំណែក​ការគ្រប់គ្រង​វិញ គឺជា​រដ្ឋ​ដែល​គ្រប់គ្រង​តាម​គោលការណ៍​នីតិរដ្ឋ និង​គោរព​តាម​មាគ៌ា​ប្រជាធិបតេយ្យ​។ ចម្លើយ​ទាំងនេះ​គឺជា​ចម្លើយ ដែល​អាច​ឆ្លើយ​ចេញមក​បាន​យ៉ាង​ស្រួល ពី​មាត់ របស់​យុវជន ហើយក៏​អាច​នៅមាន​បំណងប្រាថ្នា រាប់សិប​ជំពូក​ផ្សេងទៀត​ដែល​ពួកគេ ចង់បាន​ពី​សង្គម ពីរ​ដ្ឋ ដែល​ពួកគេ​កំពុង​រស់នៅ​។​

​ប៉ុន្តែ បើសិនជា​សួរថា ដើម្បី​ទទួលបាន​សង្គម​តាម​អ្វីដែល​ពួកគេ​ប្រាថ្នា​បែបនេះ តើ​ក្នុងនាម​ជា​យុវជន​ត្រូវធ្វើ​បែបណា​? យុវជន​មួយចំនួន​ប្រាកដជា​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​អ្នកដឹកនាំ​ជាសំខាន់ ប៉ុន្តែ​ក៏​អាចមាន​អ្នក​ផ្ដើម​ការទទួលខុសត្រូវ​ចេញពី​ខ្លួន​យុវជន​ខ្លួនឯង​ផងដែរ​។

​ទោះជា​យ៉ាងណា ការគិត​មួយ​ដោយ​សង្ឃឹមថា អ្នកណាម្នាក់​អាច​ទៅធ្វើ​អ្វីមួយ​ដើម្បី​មក​បំពេញ សេចក្ដីប្រាថ្នា​ខ្លួនឯង គឺជា​រឿង​មួយ​ដែល​មិនអាច​ទៅរួច​។ ជាក់ស្ដែង យុវជន ចង់បាន​ប្រភេទ​សង្គម​ទាំងឡាយ​ដែល​បាន​រៀបរាប់  ក៏​មិនអាច​ពឹង​អាស្រ័យ​តែ​ទៅលើ​អ្នកដឹកនាំ ឬក៏​រដ្ឋ​ជា​អ្នកកំណត់​នោះដែរ​។ ការចង់បាន​សង្គម​មួយ​ដែលមាន​លក្ខណៈ​ល្អ ក្នុង​លក្ខខណ្ឌ​ណាមួយ​គឺជា​ប្រយោជន៍​រួម ប៉ុន្តែ​ដើម្បី​ទទួលបាន​គឺ​ត្រូវតែ​ចាប់ផ្ដើម​ពី​បុគ្គល់​ម្នាក់ៗ​។​

​សង្គមជាតិ​អាច​សម្រេចបាន​ចំនុច​ទាំងនេះ គឺ​អាស្រ័យ​លើ​ភាពជោគជ័យ​របស់​បុគ្គ​ល​ដែលជា​ភ្នាក់ងារ​សង្គម​ម្នាក់ៗ​។  ការចាប់ផ្ដើម មិនមែន​គ្រាន់តែ​ជាការ​និយាយ និង​បញ្ចេញមតិ ចង់​កែប្រែ​សង្គម​នោះទេ ប៉ុន្តែ​គឺ​ផ្ដើមចេញ​ការបណ្ដុះ​គំនិត អភិវឌ្ឍន៍​ខ្លួនឯង​, កំណត់​គោលការណ៍​ដើម្បី​បុព្វហេតុ​ជាតិ​។ បន្ថែម​ពីនេះ ត្រូវ​រៀបចំខ្លួន ខិតខំ​រៀនសូត្រ បង្កើន​គំនិត​ស្មារតី​ប្រុងប្រយ័ត្ន បង្កើន​ប្រាជ្ញា​វាងវៃ ហើយ​ចូលរួម​រៀបចំ​សង្គម​ដោយមាន​ការគិតគូរ​ហ្មត់ចត់​។​

​ក្នុងនាម​ជា​យុវជន​ជំនាន់​ថ្មី  ដែលជា​សម្បត្តិ​ថ្មី​សម្រាប់​ជាតិ ត្រូវ​ព្យាយាម​ប្រែក្លាយ​ខ្លួន ពី​អ្នក​ទ្រឹស្ដី​និយម ទៅជា​អ្នកប្រតិបត្តិ​និយម ដោយ​អនុលោម​តាម​មាគ៌ា​ទ្រឹស្ដី​ទើប​ជា​កិច្ចការ​ដ៏​ប្រសើរ​។  យុវជន​ត្រូវ​រៀបចំខ្លួន ខិតខំ​រិះរក​វិធីសាស្ត្រ កែប្រែ​សង្គម​ទាំង​ទ្រឹស្ដី​នឹង​ការអនុវត្ត​ជាក់ស្ដែង ដោយ​ចាប់ផ្ដើម​ពី​ការកែប្រែ​ស្ថានភាព​ផ្ទាល់ខ្លួន​ជាមុន​។​

​បន្ទាប់ពី​ការពង្រឹង​ខ្លួនឯង កែប្រែ​ស្ថានភាព​រស់នៅ​ផ្ទាល់ខ្លួន និង​គ្រួ​សារបាន​ហើយ កិច្ចការ​បន្ទាប់​និង​ស្របគ្នា គឺ​គិត​ជាតិ​។ ត្រង់ចំណុច​នេះ មិន​ទាមទារ​ឲ្យ​យុវជន​ចាំបាច់​ត្រូវតែ​ប្រើ​ខួរក្បាល​ទៅ​គិត​បញ្ហា​ធំៗ​នៅក្នុង​សង្គម​នោះទេ​។ ប៉ុន្តែ​សូម​ត្រឹមតែ​គិត​ចូលរួម​ដោះស្រាយ​បញ្ហា​តូចៗ ដែលមាន​ចំពោះ​ខ្លួន បញ្ហា​ជុំវិញខ្លួន​ប្រចាំថ្ងៃ នោះ​គឺ​ចាត់ទុកថា បាន​ចូលរួម គិត និង​ដោះស្រាយ​បញ្ហា​ជាតិ ទៅតាម​លទ្ធភាព និង​សមត្ថភាព​របស់ខ្លួន​បាន​ហើយ​។
 
​បន្ថែម​ពីនេះ ការព្យាយាម​បង្កើត​ការស្រឡាញ់​អំពើ​ល្អ ចូលរួម​គាំទ្រ​ភាពត្រឹមត្រូវ មិន​សេពគប់​អយុត្តិធម៌​សង្គម មិន​សាង​អំពើពុករលួយ ប៉ុន្តែត្រូវចូលរួម​ការពារ​កិត្តិយស​ជាតិ​។ ការតាំង​ស្មារតី​ចូលរួម​បែបនេះ​បាន  ជា​ក្ដីសង្ឃឹម​របស់​សង្គម ដើម្បី​សម្រេចបាន​សង្គម​មួយ​ដែល​ខ្លួនឯង​ចង់បាន​។ រីឯ​ភាពម៉ឺងម៉ាត់ មោះមុត ក្លាហាន​ក្នុងការ​ទទួលខុសត្រូវ យុវជន​គ្រប់រូប ចាំបាច់​ត្រូវតែមាន ដើម្បី​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​។​


© រក្សាសិទ្ធិដោយ thmeythmey.com